Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីចាក់ប្រពន្ធស្លាប់ ចាក់ខ្លួនឯងធ្លាយពោះ

ប្តីចាក់ប្រពន្ធស្លាប់ ចាក់ខ្លួនឯងធ្លាយពោះ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ព្រោះតែភាគីបុរសជាប្តី ចេះតែផឹកស៊ីស្រវឹង និងប្រើអំពើហិង្សា វាយធ្វើបាបប្រពន្ធ ស្ទើររាល់ថ្ងៃ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏រស់នៅបែកគ្នា អស់រយៈពេល ៧ខែមកហើយ បន្ទាប់មក ស្ត្រីជាប្រពន្ធបានសុំប្តីលែងលះគ្នា តែប្តីមិនព្រមផ្តិតមេដៃ និងថែមទាំងប្រចណ្ឌថា ប្រពន្ធចង់ដោះដៃរកអ្នកថ្មី ក៏តាមមករករឿងដល់បន្ទប់ជួល ចាប់ក្រៀកអូសប្រពន្ធចេញមកតាមផ្លូវ រួចចាក់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យស្ត្រីជាប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកបុរសជាប្តី បានចាក់ពោះខ្លួនឯង ប៉ងសម្លាប់ខ្លួនដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់។

ករណីអំពើឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីចាក់សម្លាប់យ៉ាងព្រៃផ្សៃនោះ មានឈ្មោះផេង សុភាង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ចំណែកជនដៃដល់ជាប្តី ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លងមក បុរសជាប្តី តែងតែដើរផឹកស៊ីស្រវឹង ហើយវាយធ្វើបាបប្រពន្ធ ស្ទើររាល់ថ្ងៃ ជាហេតុធ្វើឱ្យការរស់នៅជាមួយគ្នាមិនចុះសម្រុងឡើយ ហើយឈានដល់ការរស់នៅបែកគ្នា រយៈពេល៧ខែមកហើយ។ បន្ទាប់មក ដោយសារតែស្ត្រីជាប្រពន្ធ អត់ទ្រាំលែងបានតទៅទៀត ក៏សម្រេចចិត្តសុំលែងលះនៅត្រឹមភូមិ-ឃុំ ប៉ុន្តែបុរសជាប្តី មិនត្រឹមតែមិនព្រមផ្តិតមេដៃលែងលះទេ ថែមទាំងមានចិត្តប្រចណ្ឌ រករឿងប្រពន្ធថា មានចិត្តចង់ដោះដៃចោលប្តី ទៅរកអ្នកថ្មីទៀតផង។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីស្ត្រីរងគ្រោះជាប្រពន្ធចេញពីធ្វើការ ដល់ផ្ទះជួល បុរសជាប្តី បានតាមមករករឿង បង្កជាជម្លោះប្រវាយប្រតប់គ្នាមួយប្រាវ បន្ទាប់មក ជនកំណាចជាប្តី បានចាប់ក្រៀកប្រពន្ធរបស់ខ្លួន អូសចេញពីផ្ទះជួល បណ្តើរ តាមផ្លូវ រួចយកកាបិតចុងស្រួច ចាក់ប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅនឹងកន្លែងតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីចាក់សម្លាប់ស្ត្រីជាប្រពន្ធរួចហើយ ជនដៃដល់ជាប្តី បានប្រើកំកាំបិតដដែលនោះ ចាក់ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ និងដួលដេកក្នុងថ្លុកឈាម ក្បែរសពប្រពន្ធរបស់ខ្លួន។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងនគរបាល បានចុះទៅអន្តរាគមន៍ វាយខ្នោះដៃជនកំណាចខាងលើ រួចបញ្ជូនទៅសង្គ្រោះសិន មុននឹងនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពស្ត្រីរងគ្រាះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES