Friday, April 19, 2024
Homeព័ត៌មានជាតិព្រោះភ្លើងប្រចណ្ឌ ប្តីចាក់ប្រពន្ធធ្លាយពោះ

ព្រោះភ្លើងប្រចណ្ឌ ប្តីចាក់ប្រពន្ធធ្លាយពោះ

ខេត្តកោះកុង ៖ បុរសម្នាក់ មានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងពេក ទើបចេះតែបង្ករឿងឈ្លោះប្រកែកគ្នាមិនស្វាង និងថែមទាំងប្រើអំពើហិង្សាដាក់ប្រពន្ធ ជាញឹកញាប់ លុះក្រោយមក ដោយទប់កំហឹងមិនជាប់ ទើបឈានដល់ការវាយតប់ ចាប់ច្របាច់កប្រពន្ធ រួចទាញអំបែងកញ្ចក់ ចាក់ប្រហារប្រពន្ធ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់ បំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីផ្ទុះហិង្សាដាក់ប្រពន្ធ វ៉ៃច្របាច់ក រួចចាក់នឹងអំបែងកញ្ចក់ បណ្តាលឱ្យធ្លាយពោះនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ រហូតមកដល់វេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឈានដលការឃាត់ខ្លួនជនសង្ស័យជាប្តី តាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធ។

ជនសង្ស័យជាប្តីដែលចាក់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហុង បញ្ញា អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានលំនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈុំ ស្រីរ័ត្ន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារនៅ KTV។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន១នាក់ ឈ្មោះហុង បញ្ញា ពីបទប្រើអំពើហិង្សាលើប្រពន្ធ ដោយការប្រចណ្ឌ តាមបណ្តឹងរបស់ឈ្មោះ ឈុំ ស្រីរ័ត្ន ដោយជនសង្ស័យបានធ្វើសកម្មភាពច្របាច់កជនរងគ្រោះ និងបានយកអំបែងកញ្ចក់ ចាក់ពោះជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES