Thursday, April 25, 2024
Homeព័ត៌មានជាតិស្រីស្អាត រ៉ូស ហៅលោកផ្កាយ២ ប៊ន សំអាត តាកញ្ចាស់ល្មោភកាម ស៊ីមិនរើស

ស្រីស្អាត រ៉ូស ហៅលោកផ្កាយ២ ប៊ន សំអាត តាកញ្ចាស់ល្មោភកាម ស៊ីមិនរើស

ភ្នំពេញ ៖ ស្រីស្អាត ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស តារាសម្ដែងសិចស៊ី និងជាអ្នករកស៊ីលក់ផលិតផលតាមអនឡាញ បានហៅលោកផ្កាយ២ ប៊ន សំអាត ជាអតីតស្វាមីលោកស្រីស្រឿង វ៉ាន្នី ហៅមួយឡេង ថា «តាកញ្ចាស់ល្មោភកាម ស៊ីមិនរើស» បន្ទាប់ពីនាងបានទម្លាយរឿងទាក់ទងបុរសចំណាស់ដែលនាងហៅតា រូបនេះ ហើយគាត់បានចោទប្រកាន់នាងថា បានស៊ីឈ្នួលអតីតភរិយាគាត់ ១៥០០ដុល្លារ ដើម្បីនិយាយបង្ខូចកិត្តិយសគាត់ ។

          គួរបញ្ជាក់ថា ថ្មីៗនេះ មានការបែកធ្លាយសារសំឡេងមួយ ដែលកញ្ញា រ៉ូស បាននិយាយថា រឿងដែលនាងបង្ហោះសារតាមបណ្ដាញសង្គម មួលបង្កាច់បង្ខូច ធ្វើឲ្យលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ខូចឈ្មោះ អាប់ឱនកិត្តិយស ហើយត្រូវឱ្យមហាជនជេរដៀលលោកកន្លងមកនោះ គឺដោយសារលោកស្រី ស្រឿង វ៉ាន្នី ហៅមួយឡេង ដែលជាអតីតភរិយាលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានជួលនាង ក្នុងតម្លៃ ១៥០០ដុល្លារ ហើយថា តាមការពិតទៅ នាងក៏មានការអាណិតអាសូរដល់លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែរ តែនាងមិនដឹងធ្វើដូចម្ដេច ព្រោះនាងត្រូវការលុយជាចាំបាច់ ។

          សារសំឡេងនេះ ត្រូវបានចែករំលែកតគ្នានៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលធ្វើឲ្យអ្នកប្រើបណ្ដាញសង្គម ហ្វេសប៊ុក ជាច្រើន ជឿថា ជាសំឡេងរបស់កញ្ញា រ៉ូស ពិតមែន ហើយថែមទាំងរិះគន់វាយប្រហារនាងថា ជាស្រីស្អាតមួយរូបដែរ មិនគួរណាព្រោះតែលុយ ១៥០០ដុល្លារ បែរជាមានគំនិតទុច្ចរិត ប្រឌិតរឿងមួលបង្កាច់ ធ្វើឲ្យលោកផ្កាយ២ ប៊ន សំអាត ខូចឈ្មោះយ៉ាងដូច្នេះសោះ ។

ទោះបីជាយ៉ាងណា កញ្ញា រ៉ូស បានចេញមុខបដិសេធតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់នាងថា លុយត្រឹម ១៥០០ដុល្លារ មិនអាចជួលឲ្យនាងធ្វើរឿងបែបនេះទៅកើតទេ គឺការពិតគ្រប់យ៉ាង ជាការរៀបចំពីលោកផ្កាយ២ ប៊ន សំអាត ដែលនាងហៅថា «តាកញ្ចាស់ល្មោភកាម ស៊ីមិនរើស» ។

          កញ្ញា រ៉ូស បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា “ពុទ្ធោ តាអើយតា ដល់ថ្នាក់តាចោទប្រកាន់ខ្ញុំថា ខ្ញុំទៅស៊ីឈ្នួលលុយ 1500$ ប្រពន្ធតានៅអាមេរិក ទៅវិញ តាគិតថាលុយ 1500$ អស្ចារ្យណាស់មែនទេ? សុំភ័ស្តុតាងមកតា? តាលេងខូចណាស់ ហើយខ្ញុំថោកដល់ថ្នាក់តាលាបពណ៌ថា ខ្ញុំដើរស៊ីឈ្នួលប្រពន្ធតា ហេតុអីតាបំផ្លាញអនាគតខ្ញុំបែបនេះ ??? ខ្ញុំមិនថោកទាបដល់ថ្នាក់ទៅស៊ីឈ្នួលប្រពន្ធតាទេ ហើយខ្ញុំនឹងបកស្រាយការពិតទាំងអស់ អ្នកណាល្អ អាក្រក់ ដឹងសខ្មៅហើយ តាប្រើព្រួញមួយ បាញ់បានសត្វ២ ហេតុអីតាឆ្លាតម៉្លេះ ហេតុអ្វីតាមិនព្រមទទួលស្គាល់ការពិត? ការពិតនៅតែជាការពិត ជ្រុលតែខូចឈ្មោះហើយ ខ្ញុំនឹងនិយាយការពិតទាំងអស់“។

          កញ្ញា រ៉ូស បានសរសេរបន្ថែមថា “តាកញ្ចាស់ល្មោភកាម ផ្កាយ២ ប៊ន សំអាត ហេតុអីក៍តាឯងថោកទាប ឲ្យមីកក្កដា សោភ័ណ្ឌ ប្រើល្បិចនិយាយលេងស្រឺ ហើយឲ្យមីកក្កដា សោភ័ណ្ឌ ថតសំឡេងខ្ញុំ ផ្ញើឲ្យតាឯង ហើយតាឯង យកសំឡេងឆាតហ្នឹង ផ្ញើឲ្យមិត្តភក្តិតាឯងស្តាប់គ្រប់គ្នានេះ តាឯងចង់បំផ្លាញកិត្តយសខ្ញុំ ហេតុអីក៍តាធ្វើបែបនេះ? តើបេះដូងប្រមាត់តា សាងពីអី??? ក្រែងតាមានកូនស្រី ហើយតាមានដល់ទៅចៅស្រីទៀត ហើយម្តាយតា ក៏ជាមនុស្សស្រី តាមិនខ្លាចកម្មពៀរវេរាតទៅជាតិក្រោយទេ?? តាធ្វើឲ្យខ្ញុំខូចឈ្មោះ ដោយសារតា ?? ហេតុអី ក៏តាបំផ្លាញអនាគតខ្ញុំបែបនេះ??? តាថោកទាបណាស់ ថ្ងៃទី១ ដែលខ្ញុំជួបតា នៅផ្ទះចោមចៅ តាធ្វើអីខ្លះដាក់ខ្ញុំ?? តាបញ្ច្រក ABC ឲ្យខ្ញុំផឹក តាធ្វើអីដាក់ខ្ញុំខ្លះ? តាអ្នកខលមករកខ្ញុំ ចង់ជួប ចង់ស្គាល់ខ្ញុំ ទាំងដែលខ្ញុំមិនដែលស្គាល់តាពីមុនមក ហើយតាឯងអ្នកចង់ស្គាល់ខ្ញុំមុនទេ ហើយតាបោកតាំងពីអាយុ ថាអាយុ40 តានៅកំលោះពោះម៉ាយ តាមពិត តាអាយុ 50ប្លាយ តាចាស់ហើយ តាមកបោកប្រាស់ ធ្វើបាបចិត្តក្មេងស្រី តាមិនខ្លាចបាបកម្មទេ ហើយតាមកមួលបង្កាច់បង្ខូច បំផ្លាញកិត្តយសខ្ញុំ លាបពណ៌ខ្ញុំ ឲ្យខ្ញុំខូចឈ្មោះ ស្អុយឈ្មោះ ក្រែងតាមានកូនស្រីដែរតើ បើគេធ្វើអ៊ីចឹងដាក់កូនស្រីតា តើតាមានអារម្មណ៍បែបណា????? ខ្ញុំឈឺចាប់ណាស់ ហើយខ្ញុំសែនស្អប់ ហើយខ្ពើមរអើមតាឯងណាស់ ខ្ញុំគ្រាន់តែឮឈ្មោះតាឯង ក៏ខ្ញុំចង់ក្អួតដែរ ព្រោះតាកញ្ចាស់ល្មោភកាមឯង ស៊ីមិនរើស ដើរតែបោកគេ។ តាត្រូវចាំ តាសាងអី តានឹងទទួលហ្នឹង កិត្តយសដែលខ្ញុំខំសាងមកជាច្រើនឆ្នាំ ខំធ្វើបុណ្យចែកទាន ធ្វើការងារសង្គមជាច្រើន ត្រូវបាត់បង់ដោយសារតាឯងបំផ្លាញខ្ញុំ“ ។

          កញ្ញា រ៉ូស បានសរសេរបន្ថែមទៀតថា “កិត្តិយសដែលខ្ញុំខំសាងមកជាច្រើនឆ្នាំ ខំធ្វើបុណ្យចែកទាន និងធ្វើការងារសង្គមជាច្រើន ត្រូវខូចឈ្មោះដោយសារមីកក្កដា សោភ័ណ្ឌ វាលួចថតសំឡេងខ្ញុំ វាចាក់ស្រឺ ប្រើល្បិចឲ្យខ្ញុំនិយាយជាមួយវា ទាំងដែលខ្ញុំមិនដឹងខ្លួនថាវាលួចថត ហើយវាផ្ញើសំឡេងហ្នឹង ឲ្យតាផ្កាយ២ ហើយតាផ្កាយ២ ប៊ន សំអាត នោះ យកសំឡេងហ្នឹង ចាក់ឲ្យពួកម៉ាកគាត់ស្តាប់ ដើរអួតពួកម៉ាកគាត់ស្តាប់គ្រប់គ្នា ហេតុអីក៏តាបំផ្លាញកិត្តិយសខ្ញុំ ឲ្យខ្ញុំខូចឈ្មោះបែបនេះ ហើយតាអត់មានកូនស្រីទេ ក្រែងម៉ែតាក៏ជាមនុស្សស្រី ហេតុអ្វីក៏បំផ្លាញកិត្តិយសខ្ញុំ ឲ្យខ្ទេចបែបនេះ? ចំំណែកមីកក្កដា សោភ័ណ្ឌ មីពស់ក្បាល២ មីក្រពើ ស្គាល់មីហ្នឹង ៣ឆ្នាំហ្នឹង អ្ងែងស៊ីចាយលុយខ្ញុំ ស៊ីលើកម្លាំងញើសឈាមខ្ញុំ សរុបទៅអត់ក្រោមខ្ទង់ម៉ឺនដុល្លារទេ ឲ្យលុយអ្ងែងចាយ ឲ្យបាយអ្ងែងស៊ី អ្ងែងមកខាំចឹកពីក្រោយខ្នង លួចថតសំឡេង ផ្ញើឲ្យគេបែបនេះ បេះដូងថ្លើមប្រមាត់អ្ងែងសាងពីអីមីចង្រៃ ម៉េចក៏អ្ងែងប្រព្រឹត្តថោកទាបបែបនេះ? អ្ងែងទំនេរខ្លាំងមែន បានថតសំឡេង ដើរឆាតឲ្យគេ ឲ្យខ្ញុំបាត់បង់កិត្តិយសបែបនេះ? ទេវតានឹងបរាមុខអ្ងែងឆាប់ឆាប់នេះ មីស៊ីបាយបោកឆ្នាំង“ ។

          កញ្ញា រ៉ូស បានបញ្ជាក់បន្ថែម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «អ្នកណាដែលវាលួចថតសំឡេងខ្ញុំ ផ្ញើឲ្យតាផ្កាយ២ ដើម្បីចង់បានផលប្រយោជន៍ សុំឲ្យវាទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកណាអ្នកនាំរឿងឲ្យខ្ញុំខូចកិត្តិយស សុំទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំជាមនុស្សស្រី ត្រូវបាត់បង់កិត្តិយយ៉ាងធ្ងន់ធ្ងរ សុំឲ្យច្បាប់ ជាអ្នករកយុត្តិធម៌ឲ្យខ្ញុំចុះ»។

          កញ្ញា រ៉ូស បានសរសេរបន្ថែមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «ដេកមិនលក់ នៅតែកើតទុក្ខមិនសុខចិត្តរឿងតាផ្កាយ២ តាអាត បញ្ជារឲ្យមីក្តា មកថតសំឡេង ទាំងដែលខ្ញុំមិនដឹងខ្លួន។ តាពិសពុលណាស់ តាធ្វើអ៊ីចឹងធ្វើអី? មីក្តា ក៏អ៊ីចឹងទៀត ពិសណាស់ ដើម្បីលុយ ស្អីក៏វាហ៊ានធ្វើ មកចឹកខាំខ្ញុំពីក្រោយខ្នង ហើយរួមគំនិតគ្នា ហើយធ្វើអ៊ីចឹងបានទៀត។ តាខ្លាចបាត់បង់កិត្តយស ខ្លាចធ្លាក់បុណ្យស័ក្តិ ស្អីក៏តាហ៊ានធ្វើ ចុះតាខ្លាចបាត់បង់កិត្តិយស ហើយខ្ញុំមិនខ្លាចបាត់បង់កិត្តិយសទេ? ពីមុនមក ខ្ញុំខំតែអាណិតតា គិតថាតាល្អ តែការពិត តាពិសពុលហើយអាក្រក់ណាស់ តាលាបពណ៌ខ្ញុំសាហាវ តាចាស់ហើយ ល្មមទៅវត្ត ស្វែងរកព្រះធម៌ទៅតែតានៅដើរបោកក្មេងទៀត តាសាងអី តាទទួលយកទៅ! ខ្ញុំដេកមិនលក់ច្រើនថ្ងៃហើយ ខ្ញុំខឹងណាស់ ខំគិតថាតាល្អ ខំកាន់ជើង ខំអាណិត តែតាបែរជាលាបពណ៌ខ្ញុំ ហើយចាក់ពីក្រោយខ្នងអ៊ីចឹងសោះ។ កុំតែនៅអាណិតតាតិចតិចទេ កុំអីខ្ញុំផុសរូបតាទៀត ផុសក្នុង Facebook ហើយ ខ្ញុំផុសលើផេក Facebook ខ្ញុំ ហើយខ្ញុំផុសក្នុងតិកតុកទៀត ហើយទុក្ខឲ្យតាទទួលផលកម្មចុះ តាសាងអី តាទទួលហ្នឹងទៅ ឮថាតាមានកូនស្រី ហើយមានដល់ទៅចៅស្រីទៀត តាមិនខ្លាចបុណ្យបាបសោះ តាអើយតា»។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ កញ្ញារ៉ូស បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថា កញ្ញាសុំបញ្ជាក់សង្កត់ធ្ងន់ ២ចំណុច ដើម្បីកុំឲ្យមហាជនយល់ច្រឡំតទៅទៀត គឺទី១ សុំបដិសេធរឿងថានាងបានស៊ីឈ្នួលគេ ១៥០០ដុល្លារ ដើម្បីផ្សាយវីដេអូ បង្ខូចកិត្តិយសតាផ្កាយ២ ប៊ន សំអាត នោះ ។ ទី២ ការដែលនាងហៅលោកផ្កាយ២ ប៊ន សំអាត ថា «តាកញ្ចាស់ល្មមកាម ស៊ីមិនរើស» ដោយសារតែនាងបានឮថា គាត់ពិតជាមានស្រីច្រើន ហើយនាងជាមនុស្សស្រីវ័យក្មេងដែលធ្លាប់បានទាក់ទងជាមួយគាត់ មួយរយៈកន្លងមក តែពេលនេះ នាងគ្មានទំនាក់ទំនងនឹងគាត់ទៀតទេ ។

          កញ្ញា រ៉ូស បាននិយាយថា “ខ្ញុំអត់មានបានទៅស៊ីឈ្នួលគេទេ ម៉ាក់ប៉ាខ្ញុំ មានមុខរបរ មានការងារត្រឹមត្រូវ ហើយខ្ញុំក៏មានការងារត្រឹមត្រូវដែរ ក៏មិនមែនដល់ថ្នាក់ខ្ញុំទៅថោកទាប ដើរស៊ីឈ្នួលគេ លុយ ១៥០០ដុល្លារដែរ មើលសមត្ថភាពខ្ញុំទៅ ខ្ញុំថោកទៅដើរស៊ីឈ្នួលគេអ៊ីចឹងឬ? ចង់និយាយថា ហ្នឹងលើគេ គេចង់និយាយអីនិយាយាទៅ ខ្ញុំអត់ខ្វល់ សំខាន់ខ្ញុំនិយាយអ្វីជាការពិត ។ ខ្ញុំអត់មានបានទៅស៊ីឈ្នួលអ្នកណាទេ ខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ ហើយសំឡេងហ្នឹង គឺខ្ញុំអត់ដឹងថា មានមនុស្សលួចថត វាធ្វើគំនិតថោកទាប តែគ្រាន់តែថា មនុស្សខ្ញុំ អត់ចេះទៅធ្វើគំនិតថោកទាប ទៅថតសំឡេង ដើរធ្វើបាបអ្នកដទៃទេ មនុស្សខ្ញុំចូលចិត្តនិយាយតែពាក្យពិតទេ ហើយអារឿងថា គេជួលខ្ញុំ ១៥០០ហ្នឹង អត់មានទេ ខ្ញុំសុំលុបរឿងហ្នឹងចោល ដោយសារវាអត់ពិត ហើយជួយសរសេរផងថា ខ្ញុំអត់ដល់ថ្នាក់ដាច់ដាប ទៅស៊ីឈ្នួលគេ យកលុយ ១៥០០ដុល្លារ មកទេ ព្រោះ ១៥០០ដុល្លារ ក៏មិនដឹងយកមកធ្វើអីដែរ ហើយក៏មិនដល់ថ្នាក់ទៅស៊ីលុយប៉ុណ្ណឹង ១៥០០ដុល្លារហ្នឹងទេ ខ្ញុំមានការងារ មានមុខរបរអនឡាញ លក់ខោអាវ លក់អីត្រឹមត្រូវ ហើយម៉ាក់ប៉ាខ្ញុំ ក៏មានមុខរបរដែរ គាត់បើកហាងផឹកស៊ីនៅខេត្តឯណោះ នៅក្រចេះ ឯណោះ ហាងឈ្មោះ បុប្ផាជ្រោយថ្ម ហើយនិងហាងមួយទៀត ហាងរបស់បងប្រុសខ្ញុំបង្កើត ទល់មុខគ្នាជាមួយហាងម៉ែខ្ញុំហ្នឹង ឈ្មោះថា អាហារដ្ឋានសេរីវឌ្ឍនៈ ។ អ៊ីចឹងខ្ញុំមិនដល់ថ្នាក់ទៅដើរស៊ីឈ្នួលគេទេ ពេលខ្លះគេបង្ខូចខ្ញុំពេក ក៏វាអត់ត្រូវដែរ ខ្ញុំចូលចិត្តនិយាយអ្វីជាការពិត ហើយកុំគិតថា ខ្ញុំដើរដល់ផ្លូវទាល់ ទៅស៊ីឈ្នួលគេ ១៥០០ហ្នឹង វាអត់ដល់ថ្នាក់ហ្នឹងទេ គេចេះតែបង្ខូច លាបពណ៌ខ្ញុំទេ ណាមួយមនុស្សខ្ញុំត្រង់ ហើយខ្ញុំស្លូត ។ អ៊ីចឹងគេចង់ធ្វើម៉េច តាមតែអំពើចិត្តគេ ហើយភ័ស្តុតាងត្រង់ណាដែលថា ខ្ញុំទៅស៊ីឈ្នួល ១៥០០ដុល្លារហ្នឹង ឲ្យគេបញ្ចេញមក។ ឯសំឡេងថតហ្នឹង គ្រាន់តែថា មានមនុស្សចង់ធ្វើបាបខ្ញុំ ឲ្យគេស្អប់ខ្ញុំ ហើយវាចេះតែថតអ៊ីចឹងទៅ“ ។

          កញ្ញា រ៉ូស បន្តថា “មានមនុស្សថោកទាប លួចចឹកពីក្រោយខ្នង តែដូចខ្ញុំបញ្ជាក់ អាលុយ ១៥០០ដុល្លារហ្នឹង ត្រង់ចំណុចមួយណា? ហើយភ័ស្តុតាងនៅទីណា? ពេលវេលាណាដែលខ្ញុំស៊ីឈ្នួលគេ ១៥០០ហ្នឹង? ឲ្យរកភ័ស្តុតាងមក តែបើសិនជាអត់មានភ័ស្តុតាងទេ ខ្ញុំនឹងចាត់ចែងវិធានការទៅតាមផ្លូវច្បាប់ ។ បានន័យថា អាចរៀបចំជាបណ្ដឹង ប្រហែលហើយ ព្រោះអីវាប៉ះពាល់ដល់កិត្តិយសខ្ញុំ ព្រោះអត់បានទៅដើរស៊ីឈ្នួលគេផង តែបើខ្ញុំបានស៊ីឈ្នួលគេមែន ខ្ញុំអត់ប្រកែកទេ ខ្ញុំអូខេហើយ ខ្ញុំចូលចិត្តនិយាយអ្វីពិត ព្រោះខ្ញុំមនុស្សមានធម៌អាថ៌ក្នុងខ្លួន ។ ប៉ុន្តែចំពោះសំណួរថា តើអាចប្ដឹងឈ្នះលោកផ្កាយ២ ប៊ន សំអាត ដែលមានអំណាចហ្នឹងឬទេ? ខ្ញុំអត់មានទៅចង់ឈ្នះចង់ចាញ់ជាមួយគាត់ទេ គ្រាន់តែថា គាត់អាយុច្រើនហើយ ហើយខ្ញុំក៏អត់មានបានទៅប្ដឹងគាត់ដែរ ខ្ញុំអត់មានទៅដាក់ពាក្យបណ្ដឹងអីប្ដឹងតាផ្កាយ២ ហ្នឹងទេ ខ្ញុំដាក់ពាក្យប្ដឹងអ្នកណាដែល forward សំឡេងហ្នឹង ។ ខ្ញុំរកមុខអ្នកដែលថតសំឡេងហ្នឹង forward យកទៅទេ អាហ្នឹងគឺខ្ញុំត្រូវដាក់ពាក្យបណ្ដឹងហើយ ពីបទបរិហារកេរ្តិ៍ ។ ប៉ុន្តែចំពោះលោកផ្កាយពីរ គឺខ្ញុំអត់ទៅចងកម្មចងពៀរ ទៅប្ដឹងគ្នាអីជាមួយគាត់ទេ ប៉ុន្តែខ្ញុំខឹងអាអ្នកដែល forward សំឡេងទៅនោះ អ្នកដែលលួចថតនោះ តើក្នុងន័យពីអី ដែលត្រូវថតសំឡេង ផ្ញើទៅឲ្យគេរញ៉េរញ៉ៃពេញហ្នឹង? គោលបំណងពីអី? ព្រោះវាអត់មានអីអស្ចារ្យទេ លុយ ១៥០០ហ្នឹង ព្រោះអីខ្ញុំចាយលើស ១៥០០ទៅទៀត ក្នុង១ខែ ខ្ញុំត្រូវចាយពី ៤ពាន់ ទៅ៥ពាន់ដុល្លារ ខ្ញុំចំណាយច្រើនណាស់ អត់មានសាច់ការអីត្រូវខ្ញុំចង់បានលុយ ១៥០០ហ្នឹង យកមកឲ្យស្អុយឈ្មោះខ្ញុំទេ“ ។

          កញ្ញា រ៉ូស បន្តទៀតថា “ចំពោះខ្ញុំហៅតាផ្កាយ២ នោះថា តាកញ្ចាស់ល្មោភកាម ស៊ីមិនរើសនោះ អាហ្នឹងរឿងហ្នឹងវែងឆ្ងាយណាស់ អារម្មណ៍ខ្ញុំខឹង ទប់អារម្មណ៍អត់បានតែប៉ុណ្ណឹងទេ ព្រោះខ្ញុំឮល្ហៀងៗថា ស្រីច្រើនពេក អ៊ីចឹងខ្ញុំទប់អារម្មណ៍មិនបាន ស្រីច្រើនពេកអ៊ីចឹង ខ្ញុំទប់អារម្មណ៍មិនបានទេ តែគ្រាន់តែថា មនុស្សខ្ញុំ មិនចេះពិសទេ ខ្ញុំបានតែអ៊ីចឹងទេ តែខ្ញុំមិនចេះខាំពីក្រោយទេ ។ និយាយទៅ ខ្ញុំអត់ដែលបានជួបគាត់ទេ មួយរយៈហ្នឹង តែរឿងមុនៗ សុំអត់និយាយទេ តែមួយរយៈចុងក្រោយនេះ គឺខ្ញុំអត់ដែលបានជួបគាត់ទេ ។ ដូច្នេះជាចុងក្រោយ ខ្ញុំសុំបដិសេធចំពោះគេចោទប្រកាន់ថា ខ្ញុំហ្នឹងទៅស៊ីឈ្នួលគេ យកលុយ ១៥០០ដុល្លារ អីណាណីយកមកហ្នឹង គឺសុទ្ធតែពាក្យប្រឌិត ពាក្យចចាមអារ៉ាម ខ្ញុំអត់មានដល់ថ្នាក់ថោកទាបទៅដើរស៊ីឈ្នួលគេទេ ម៉ែឪខ្ញុំមានលុយឲ្យខ្ញុំចាយគ្រប់គ្រាន់ហើយ ហើយពេលដែលនិយាយដល់ពាក្យថា ខ្ញុំស៊ីឈ្នួលហ្នឹង គួរតែគិតដល់គុណម៉ែឪបង្កើតខ្ញុំមកផង ហើយក៏មិនទៅបំផ្លាញអ្នកណាដែរ ខ្ញុំសុំតែសុខទេ ខ្ញុំសុំតែអ្វីដែលជាការពិតទេ ។ ចំណែកការដែលខ្ញុំប្រើពាក្យលើគាត់ (ប៊ន សំអាត) ថាតាកញ្ចាស់ល្មោភកាម ដោយសារប្រចណ្ឌពេក ដោយសារស្រីច្រើនពេក“ ។

          ជុំវិញការអះអាងរបស់កញ្ញា រ៉ូស ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ បកស្រាយបំភ្លឺ ឆ្លើយតបពីលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច ៕ កុលបុត្រ

RELATED ARTICLES