Saturday, April 27, 2024
Homeព័ត៌មានជាតិតាមបងស្រីទៅដាក់បង្កៃ លង់ទឹកស្លាប់

តាមបងស្រីទៅដាក់បង្កៃ លង់ទឹកស្លាប់

ខេត្តកណ្តាល ៖ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បានដើរតាមបងស្រីរបស់ខ្លួន ទៅដាក់បង្កៃ ប៉ុន្តែដោយសារមេឃក្តៅខ្លាំងពេក ក៏ដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង ក្រោយមក បងស្រីដាក់បង្កៃរួច វិលមកផ្ទះវិញ បាត់មិនឃើញប្អូនប្រុស ក៏ផ្អើលឆោឡោ ដើរតាមរក ស្រាប់តែប្រទះឃើញ ប្អូនប្រុសលង់ទឹកប្រឡាយ ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥នាទីព្រលប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចប្រឡាយដីឈ្មោះ ហេង ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះគុណ អាណាវ អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្មេងប្រុសរងគ្រោះ បានដើរតាមបងស្រីបង្កើត ឈ្មោះគុណ ដាណេ និងអ្នកជិតខាងម្នាក់ទៀត ឈ្មោះម៉ាន់ ឌីម៉ា ទៅដាក់បង្កៃត្រី នៅក្រោយផ្ទះ ចម្ងាយប្រហែល ៤០០ម៉ែត្រ ដោយក្មេងប្រុសរងគ្រោះ ស្លៀកខោជើងវែង ប៉ុន្តែអត់ពាក់អាវទេ។ លុះពេលទៅដល់ ក្មេងប្រុសរងគ្រោះ បានដើរតាមក្រោយបងស្រី ដោតបង្កៃ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល ដោយសារតែមេឃក្តៅខ្លាំងពេក ទើបក្មេងប្រុសរងគ្រោះ បានសុំបងស្រី មកផ្ទះមុន ដោយប្រាប់ថា “មេឃក្តៅខ្លាំងណាស់”។ ពេលនោះបងស្រីបានឱ្យអាវដៃវែងរបស់ខ្លួន ទៅប្អូនប្រុស (ក្មេងប្រុសរងគ្រោះ) ពាក់ ហើយក្មេងប្រុសរងគ្រោះ ក៏ដើរមកផ្ទះមុន។ ចំណែកបងស្រី និងឈ្មោះម៉ាន់ ឌីម៉ា បាននៅមើលបង្កៃបន្តទៀត។

ប្រភពដដែល បន្តថា រហូតដល់ម៉ោងប្រហែល ៥ល្ងាច ក្រោយពេលបងស្រីដាក់បង្កៃរួច ក៏ត្រឡប់មកផ្ទះវិញ លុះពេលមកដល់ផ្ទះ ម្តាយបានសួរនាំរកក្មេងប្រុសរងគ្រោះ ពេលនោះ បងស្រីក៏ឆ្លើយថា “វាមកផ្ទះមុនខ្ញុំ យូរហើយ”។ ភ្លាមនោះម្តាយក្មេងប្រុសរងគ្រោះ ភ័យឆោឡោ នាំគ្នាដើររកជនរងគ្រោះ ជាមួយបងប្អូន និងអ្នកជិតខាង រហូតដល់វេលាម៉ោង ៧យប់ ថ្ងៃដដែល ទើបឈ្មោះរត្ន័ ឈ្មោះចិត្ត ឈ្មោះឆេង បានរកសពក្មេងប្រុសរងគ្រោះឃើញ នៅក្នុងទឹកខ្ពបចំណុចកើតហេតុ រួចក៏នាំគ្នាលើកសពជនរងគ្រោះ យកមកផ្ទះ។

បន្ទាប់មក នៅវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានទទួលព័ត៌មានខាងលើ និងផ្តល់ព័ត៌មានទៅផ្នែកពិនិត្យវិភាគ និងគ្រូពេទ្យ ចុះមកពិនិត្យសពជនរងគ្រោះ ឃើញថា ក្មេងប្រុសរងគ្រោះ មិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ មានតែវត្ថុរាវ ឈាមនិងទឹក ហូរចេញតាមមាត់ ច្រមុះ នៅពេលជំនាញ និងគ្រូពេទ្យក្រឡាប់សពពិនិត្យ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES