Friday, April 26, 2024
Homeព័ត៌មានជាតិបាញ់សង្សារស្លាប់ ជាប់គុក ចេញវិញបាញ់ទៀត

បាញ់សង្សារស្លាប់ ជាប់គុក ចេញវិញបាញ់ទៀត

ភ្នំពេញ ៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើខ្មាន់កាំភ្លើង ២នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធគំរាមកំហែងប៉ុនប៉ងផ្តាច់ជីវិតអ្នកភូមិ បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅដល់ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះទាក់ ឌី អាយុ៣០ឆ្នាំ មុខរបរពុះដីឡូត៍លក់ មានលំនៅ ផ្ទះលេខ១៤២ ផ្លូវលេខ៣៦ បុរីពិភពថ្មី ឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះកើត សម្ផស្ស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាយោធា បម្រើការងារនៅអគ្គបញ្ជាការដ្ឋានបញ្ជូនសារ ស្នាក់នៅក្នុងបន្ទាយ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង​ ២រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវលំ ក្បែរផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីផ្ទុះអាវុធ បង្កឱ្យមានការភ្ញាក់ផ្អើលមួយ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះទាក់ ឌី ដែលមធ្យោបាយធ្វើដំណើររថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-0004 និងប្រើប្រាស់កាំភ្លើងខ្លី ១ដើម ប្រភេទបាញ់ឆក់ និងឈ្មោះកើត សម្ផស្ស ដែលប្រើប្រាស់អាវុធខ្លី១ ដើមម៉ាក Bereta។

ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានជនរងគ្រោះ២នាក់ រងរបួស ម្នាក់ឈ្មោះ ហយ ហេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្ត របួសជើង និងខ្លួនប្រាណ ដោយសារជនសង្ស័យឈ្មោះទាក់ ឌី បើករថយន្តបំបុក និងម្នាក់ឈ្មោះនួន លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរបើកបររថយន្ត រងរបួសហើមជាំមេដៃ ដោយជនសង្ស័យឈ្មោះទាក់ ឌី បានវាយទាត់ធាក់ និងបាញ់គំរាមប៉ុនប៉ងផ្តាច់ជីវិត។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះនួន លី បានដើរចេញពីផ្ទះ ទៅរកទិញបារីជក់ ពេលទៅដល់តូបអ្នកលក់ ក៏បានឃើញជនសង្ស័យ ២នាក់ខាងលើ កំពុងផឹកស៊ីនៅទីនោះ។ ពេលនោះ ម្ចាស់ផ្ទះ ឈ្មោះជួប ផល បានហៅជនរងគ្រោះឱ្យចូលផឹកស៊ីជាមួយពួកគេដែរ ប៉ុន្តែជនរងគ្រោះ ប្រកែក និងបាននិយាយលេងសើចតាមបែបអ្នករាប់អានគ្នាថា “កូនចៅឯងផឹកទៅ ព្រោះខ្ញុំក៏ស្រវឹងស្រាដែរហើយ”។ ដូច្នេះពាក្យលេងសើចនេះ ម្ចាស់ផ្ទះ ឈ្មោះជួប ផល មិនប្រកាន់ទោសអូសដំណើរទេ តែបែរជាជនសង្ស័យឈ្មោះទាក់ ឌី ខឹងច្រឡោត ដោយបាននិយាយទៅកាន់ជនរងគ្រោះ ដែលមានអាយុស្មើនឹងឪពុកខ្លួនថា “ឯងនិយាយច្រើនម៉្លេះ ? តាឯងមកពីណា? និយាយឈ្លើយម៉្លេះ?”។ ភ្លាមនោះ ជនសង្ស័យបានស្ទុះទៅវាយទាត់ធាក់ជនរងគ្រោះ បណ្តាលឱ្យរងរបួសហើមជាំមេដៃ ដោយគ្មានលទ្ធភាពតបតជនរងគ្រោះ ក៏ដើរត្រឡប់ទៅផ្ទះវិញ ដោយបានយករឿងរ៉ាវនេះទៅប្រាប់កូនប្រុសកំពុងផឹកស៊ីនៅផ្ទះ ឱ្យបានដឹង។ ពេលនោះ កូនប្រុស រួមទាំងបងប្អូនជនរងគ្រោះជាច្រើននាក់ បានប្រមូលគ្នាទៅសួរនាំជនសង្ស័យឈ្មោះឌី ថាហេតុអ្វីបានជាវាយទាត់ធាក់ឪពុកគេអ៊ីចឹង? ស្រាប់តែជនបង្កហេតុ ខឹងច្រឡោតកាន់តែខ្លាំង រហូតឈានដល់ការប្រតាយប្រតប់គ្នា ហើយភ្លាមនោះ ឈ្មោះទាក់ ឌី ស្ទុះទៅយកកាំភ្លើង បាញ់លើភាគីរងគ្រោះ ១គ្រាប់ តែមិនមានអ្នកណារងរបួសទេ ។

បន្ទាប់មក ជនសង្ស័យម្នាក់ទៀត ឈ្មោះកើត សម្ផស្ស ដែលជាមន្ត្រីយោធា បានយកអាវុធខ្លីម៉ាក Bereta ទៅភ្ជង់គំរាមភាគីជនរងគ្រោះ ជួយការពារមិនឱ្យចូលទៅវាយបក្ខពួករបស់ខ្លួន ដូចជាការទុកឱកាសឱ្យជនបង្កហេតុឈ្មោះទាក់ ឌី ឡើងជិះរថយន្តម៉ាក Jeep បើកបំបុកជនរងគ្រោះឈ្មោះ ហយ ហេន អូសជាច្រើនម៉ែត្រ បណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចគេចបាត់។ ប៉ុន្តែមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះទាក់ ឌី បានវិលមកដឹកបក្ខពួករបស់គេ ឈ្មោះ កើត សម្ផស្ស ចេញពីកន្លែងកើតហេតុវិញ តែមុននឹងចេញដំណើរ ជនសង្ស័យបានបាញ់ឡើងលើ ១គ្រាប់ទៀត ជាការគំរាមមិនឱ្យអ្នកភូមិចូលទៅជិត ឬក៏អាចថាបាញ់រំដោះ ដើម្បីគេចខ្លួន។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៍ និងស្រាវជ្រាវភ្លាមៗផងដែរ។ លុះដល់ម៉ោង​ ៨យប់ ថ្ងៃដដែល ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ បានជិះរថយន្ត Jeep ចូលទៅកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ក្នុងគោលបំណងទៅដាក់ពាក្យបណ្តឹងប្តឹងភាគីអ្នកភូមិ តែដូចទៅឱ្យនគរបាលឃាត់ខ្លួនដាក់ខ្នោះទាំង២នាក់តែម្តង រួចហើយសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទាំងមនុស្សនិងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួររំលឹកថា ជនសង្ស័យឈ្មោះទាក់ ឌី គឺជាឃាតករធ្លាប់បាញ់សម្លាប់សង្សាររបស់ខ្លួន ឈ្មោះធី លីហ្សា អាយុ១៨ឆ្នាំ បណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ហើយបានចូលទៅសារភាពនៅមូលដ្ឋានកងរាអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ពេលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដាក់ពន្ធនាគារ ពាក់ព័ន្ធទោសសម្លាប់មនុស្ស។ តែមិនយូរប៉ុន្មាន ស្រាប់តែជនជាឃាតកររូបនេះ បានចេញពីគុកវិញយ៉ាងរំភើយ និងដើរផឹកស៊ីអុកឡុក គំរាមបាញ់សម្លាប់អ្នកភូមិថែមទៀត៕

RELATED ARTICLES