Wednesday, April 24, 2024
Homeព័ត៌មានជាតិលោតទឹកស្ពានជ្រោយចង្វា អណ្តែតនៅចាក់អង្រែ

លោតទឹកស្ពានជ្រោយចង្វា អណ្តែតនៅចាក់អង្រែ

ភ្នំពេញ ៖  សាកសពបុរសម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នោះ ត្រូវបានគេប្រទះឃើញអណ្តែតស្ពីង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅម្តុំខាងក្រោយវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា សាកសព មានឈ្មោះ គង់ ហាក់ អាយុ៤៦ឆ្នាំ មានជំងឺលើសឈាម និងទឹកនោមផ្អែម ប្រចាំកាយ ជាយូរមកហើយ។ ក្នុងនោះ បើតាមការបញ្ជាក់ពីសាច់ញាតិ ជនរងគ្រោះ តែងតែចង់សម្លាប់ខ្លួនជាច្រើនលើកមកហើយ ប្រមាណ២ទៅ៣ដង តែមិនសម្រេច។ លុះនៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះ បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុក ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា នៅលើស្ពាន តែរកសពមិនឃើញ។

រហូតមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹក នៅម្តុំខាងក្រោយវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងស្រាវជ្រាវរកសាច់ញាតិ ទើបមានក្រុមគ្រួសារបានមកមើល និងអះអាងថា ជាបងប្រុសរបស់ខ្លួន ដែលលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតមែន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែ៕

RELATED ARTICLES