Thursday, April 25, 2024
Homeព័ត៌មានជាតិខ្ចី៥៥ម៉ឺនដុល្លារ សងសែកស្អុយ

ខ្ចី៥៥ម៉ឺនដុល្លារ សងសែកស្អុយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ហើយត្រូវបានតុលាការបញ្ជាឱ្យអនុរក្សពន្ធនាគារ នាំខ្លួនមកសាកសួរបន្ថែម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជុំវិញករណីមិនបំពេញកាតព្វកិច្ចចំពោះឧបកណ៍ ដែលអាចជួញដូរបាន (ខ្ចីប្រាក់ចំនួន ៥៥ម៉ឺនដុល្លារ សងសែកស្អុយ)។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះហាវ ច័ន្ទថារិទ្ធ អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥៤៦ ផ្លូវម៉ៅសេទុង ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលដាក់មកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះហេង ណារ៉ោន ភេទស្រី ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលេខ១០១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ពាក្យបណ្តឹងខាងលើ បានបន្តថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះហេង ណារ៉េន បានមកទំនាក់ទំនងជនរងគ្រោះ ដោយនិយាយអង្វរសុំខ្ចីប្រាក់ ចំនួន ៥៥ម៉ឺនដុល្លារ ដើម្បីយកទៅដាក់ទុនរកស៊ីជាបន្ទាន់ ហើយបានចេញមូលប្បទានបត្រ (សែក) ចំនួន២សន្លឹក លេខ 041581 ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ៣៥ម៉ឺនដុល្លារ និងលេខ 041580 ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ របស់ធនាគារកាណាឌីយ៉ា មកឱ្យជនរងគ្រោះ ទុកបើកថ្ងៃក្រោយ ។

ដោយមានភាពជឿទុកចិត្ត ជនរងគ្រោះបានប្រគល់ប្រាក់ចំនួន ៥៥ម៉ឺនដុល្លារ ទៅឱ្យជនសង្ស័យ។ លុះមកដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកមូលប្បទាបត្រ លេខ 041581 ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ទៅបើកប្រាក់ ស្រាប់តែជនសង្ស័យ បានសុំពន្យារពេលឱ្យធ្វើការដកប្រាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វិញ ជនរងគ្រោះក៏បានយល់ព្រមទៀត។ លុះមកដល់ថ្ងៃកំណត់ខាងលើ ជនរងគ្រោះបានយកមូលប្បទានបត្រទាំងអស់នោះ ទៅបើកប្រាក់ ស្រាប់តែបុគ្គលិកធនាគារ បញ្ជាក់ថា មូលប្បទានបត្រនេះ ត្រូវបានបិទគណនី (Account Closed) ហើយ ទើបជនរងគ្រោះ បានទំនាក់ទំនងទៅជនសង្ស័យ តែពុំអាចទាក់ទងបានទេ ដោយបានគេចខ្លួន ទើបជនរងគ្រោះប្តឹងមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវដឹងថា ជនសង្ស័យបានគេចខ្លួនចេញពីផ្ទះស្នាក់នៅសព្វនេះ ហើយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឆែកលេខទូរស័ព្ទ និងដើម្បីធានាក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងតាមនីតិវិធី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សំណូមពរមកលោកព្រះរាជអាជ្ញា អនុញ្ញាតជួយចេញដីកាបញ្ជាឱ្យចូលខ្លួន មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿង តាមនីតិវិធីតែម្តង៕

RELATED ARTICLES