Wednesday, December 4, 2024
Homeព័ត៌មានជាតិខឹងប្រពន្ធសុំលែង ប្តីចាក់ក១កាំបិត

ខឹងប្រពន្ធសុំលែង ប្តីចាក់ក១កាំបិត

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ ២នាក់ ទើបនឹងរៀបការជាមួយគ្នា បាន១ឆ្នាំ ជួបរឿងរកាំរកូស ដោយសារប្រពន្ធមានផ្ទៃពោះ តែក្រោយមកក៏បានរលូត បន្ទាប់មក បុរសជាប្តីដែលចេញទៅធ្វើការនៅភ្នំពេញ ខ្វះលុយ ៣ម៉ឺនរៀល ដើម្បីបង្គ្រប់បង់ថ្លៃបន្ទប់ជួល ក៏ទូរស័ព្ទសុំប្រពន្ធ តែប្រពន្ធមិនឱ្យ ជាហេតុធ្វើឱ្យកើតរឿងរកាំរកូស ឈានដល់ការទាមទារលែងលះ ទើបធ្វើឱ្យភាគីបុរសជាប្តី ចងគំនុំទុកក្នុងចិត្ត រៀបគម្រោងសម្លាប់ប្រពន្ធចោល រួចសម្លាប់ខ្លួនតាមក្រោយ លុះមានឱកាសល្អ ក៏ចាក់កប្រពន្ធ ១កាំបិត បណ្តាលឱ្យស្លាប់ បន្ទាប់មកបានរត់ចូលឡាន បំណងសម្លាប់ខ្លួន តែមិនស្លាប់ គ្រាន់តែរងរបួស ត្រូវសមត្ថកិច្ចចុះវ៉ៃខ្នោះដល់ក្នុងមន្ទីរពេទ្យ។

ករណីឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធ ដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ។ ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ប្រពន្ធហើយ ជនដៃដល់ជាប្តី បានព្យាយាមគេចខ្លួន រួចរត់ចូលរថយន្តធំ ដែលកំពុងបើកតាមផ្លូវ បំណងសម្លាប់ខ្លួន តែមិនស្លាប់ គ្រាន់តែរងរបួស និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនភ្លាមៗតែម្តង។

ជនដៃដល់ជាឃាតករដែលចាក់សម្លាប់ប្រពន្ធ រួចប៉ុនប៉ងសម្លាប់ខ្លួននេះ មានឈ្មោះម៉ែល សំរ៉ូត ហៅម៉ែល លី អាយុ២១ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះអែម ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នងភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងជាង ១ឆ្នាំមុន ជនសង្ស័យ និងជនរងគ្រោះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ស្របតាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរ-អ៊ិស្លាម និងបានរួមរស់ជាប្តីប្រពន្ធ តាំងពីពេលនោះមក។ ក្រោយពេលប្តីប្រពន្ធទាំងពីរបានរៀបការរួចហើយ ក៏បបួលគ្នាចេញទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួល។ លុះក្រោយពីរួមរស់ជាប្តីប្រពន្ធ បាន៤ខែ ស្ត្រីជាប្រពន្ធក៏មានផ្ទៃពោះ តែទារកនោះមិនបាននៅ (រលូតទៅវិញ) ទើបស្ត្រីជាប្រពន្ធ បានវិលត្រឡប់ទៅស្រុកកំណើត ឯខេត្តកណ្តាល ដើម្បី សម្រាកព្យាបាលសុខភាព ទុកឱ្យប្តីនៅបន្តធ្វើការនិងស្នាក់នៅភ្នំពេញ តែម្នាក់ឯង ហើយរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលសម្រាកពីការងារ ប្តីតែងតែវិលត្រឡប់ទៅផ្ទះ ជួយមើលថែប្រពន្ធដូចធម្មតា។

ប្រភពដដែល បន្តថា លុះក្រោយមក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បុរសជាប្តី បានទូរស័ព្ទទៅប្រពន្ធ ដើម្បីសុំប្រាក់ចំនួន ៣ម៉ឺនរៀល យកមកបង្គ្រប់បង់ថ្លៃបន្ទប់ជួល តែប្រពន្ធមិនព្រមឱ្យ ទើបចាប់តាំងពីពេលនោះមក ប្តីប្រពន្ធនេះ ក៏ចាប់ផ្តើមមានភាពរកាំរកូស ទំនាស់ពាក្យសម្តី រហូតដល់ថ្នាក់បបួលគ្នាលែងលះថែមទៀតផង។ ក្នុងនោះដែរ បុរសជាប្តី ធ្លាប់បោះពាក្យសម្តីគំរាមថា ពេលគេត្រឡប់ទៅផ្ទះវិញ នឹងសម្លាប់ប្រពន្ធចោលឱ្យខាងតែបាន រួចសម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់គំនុំ។ លុះនៅវេលារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសជាប្តី បានទូរស័ព្ទប្រាប់ប្រពន្ធថា ថ្ងៃហ្នឹងខ្លួនត្រឡប់ទៅផ្ទះ ហើយបានប្រើពាក្យសម្តីថា “បើអញមិនបាន អ្នកណាក៏មិនបានឯងដែរ បើស្លាប់ គឺទាំងពីរនាក់”។ ពាក្យសម្តីនេះ បានលេចឮដល់ម្តាយជនរងគ្រោះ ទើបម្តាយ បានប្រាប់កូនថា “កូនអើយ! ប្រយ័ត្នខ្លួនផង”។

ប្រភពដដែល បន្តថា លុះយប់បន្តិច ជនសង្ស័យបានទៅដល់ផ្ទះមែន ហើយបានលុតជង្គង់អង្វរឪពុកក្មេក ដើម្បីសុំជានាជាមួយប្រពន្ធវិញ តែជនរងគ្រោះជាប្រពន្ធ ឆ្លើយថា “មិនបាច់អង្វរទេ ខ្ញុំអស់ចិត្តនឹងយើងហើយ!”។ ពេលនោះឪពុកជនរងគ្រោះ និយាយថា “បើរស់នៅជាមួយគ្នាមិនកើតទេ មានតែចែកផ្លូវគ្នាទៅប្រសើរជាង” ហើយនៅគ្រានោះ ជនសង្ស័យគ្មានអ្វីតបតវិញទេ គេក៏បានដើរចេញទៅក្រៅបាត់ទៅ។ ដោយនៅមានភាពអាឡោះអាល័យ មិនដាច់ចិត្តពីប្តី មួយសន្ទុះក្រោយមក ស្ត្រីជាប្រពន្ធ បានទូរស័ព្ទហៅជនសង្ស័យថា “បើមិនទាន់ត្រឡប់ទៅភ្នំពេញ វិញទេ មកសម្រាកនៅផ្ទះ ១យប់សិនទៅ”។ ពេលនោះជនសង្ស័យក៏ត្រឡប់មកវិញ ខណៈប្រពន្ធកំពុងអង្គុយលេងក្នុងអង្រឹងក្រោមផ្ទះ ចំណែកជនសង្ស័យជាប្តី បានទៅអង្គុយលើគ្រែក្រោយខ្នងប្រពន្ធ បន្ទាប់មកក៏បានដកកាំបិតបន្ទោះដែលសៀតនៅនឹងចង្កេះ ធ្វើសកម្មភាពចាក់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធ ចំនួន ១កាំបិត ចំកញ្ចឹងកខាងក្រោយ ផ្នែកខាងស្តាំ បណ្តាលឱ្យស្ត្រីរងគ្រោះ ដេកដួលលើដី ហូរឈាមជោក ហើយពេលនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ។ បន្តិចក្រោយមក ក្រុមគ្រួសារនិងសាច់ញាតិ បានដឹកស្ត្រីរងគ្រោះ ជាប្រពន្ធ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែជាអកុសល ដោយសាររបួសធ្ងន់ពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ទើបបណ្តាលឱ្យស្ត្រីរងគ្រោះ បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឈើខ្មៅ សហការជាមួយកម្លាំងជំនាញស្រុក បានចុះទៅកន្លែងកើតហេតុ និងប្រមូលព័ត៌មាន រួចតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។ បន្ទាប់មក នៅយប់ថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាលស្រុកកោះធំ បានទទួលព័ត៌មានថា ជនសង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍នៅលើកំណត់ផ្លូវជាតិលេខ 21A និងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ស្ថិតនៅភូមិពោធិ៍រាមា ឃុំព្រែកស្តី ទើបសមត្ថកិច្ចទៅចាប់ដាក់ខ្នោះដៃ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ប្រពន្ធមែន ដោយសារផ្តើមចេញពីការសុំលុយ ៣ម៉ឺនរៀល ដើម្បីបង្គ្រប់ថ្លៃជួលបន្ទប់ មិនបាន ហើយក៏ទាស់ពាក្យសម្តីគ្នា រហូតដល់ថ្នាក់បបួលគ្នាលែងលះ ដែលខ្លួនមិនអាចទទួលយកបាននោះទេ។

ជនសង្ស័យ បានសារភាពបន្តថា លុះនៅថ្ងៃកើតហេតុ វេលារសៀល ខ្លួនបានធ្វើដំណើរពីភ្នំពេញ ត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ចំណុចផ្សារព្រែកប៉ិ ស្ថិតនៅភូមិព្រែកប៉ិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខ្លួនក៏ឈប់ទិញកាំបិតបន្ទោះ១ ពីជាងដំដែក តម្លៃ ២៥០០០រៀល ក្នុងគោលបំណងយកទៅចាក់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ។ រហូតវេលារសៀលបន្តិច បានធ្វើដំណើរទៅដល់ផ្ទះ ប៉ុន្តែមិនទាន់ចូលទេ ដោយពួននៅខាងក្រោយផ្ទះ រង់ចាំលបស្តាប់ក្រុមគ្រួសារប្រពន្ធនិយាយគ្នា និងបានយកកាំបិតបន្ទោះ សៀតជាប់នឹងចង្កេះ លាក់មិនឱ្យគេ ឃើញ។ លុះរហូតដល់វេលាម៉ោងប្រមាណ ៧យប់ ទើបចូលផ្ទះ ហើយបានចូលទៅលុតជង្គង់សុំអង្វរឪពុកក្មេក សុំត្រូវគ្នាជាមួយប្រពន្ធវិញ តែគាត់មិនព្រម ពេលនោះស្ត្រីរងគ្រោះជាប្រពន្ធ ឆ្លើយថា “មិនបាច់អង្វរទេ ខ្ញុំអស់ចិត្តនឹងយើងហើយ” បន្ទាប់មក ខ្លួនក៏បានដើរទៅជក់បារីក្នុងព្រៃចម្ការខាងក្រោយ។

ជនសង្ស័យ បានសារភាពបន្ថែមទៀតថា មួយសន្ទុះក្រោយមក ប្រពន្ធបានទូរស័ព្ទហៅខ្លួនថា បើមិនទាន់ត្រឡប់ទៅភ្នំពេញ វិញទេ មកសម្រាកនៅផ្ទះ ១យប់សិនទៅ ចាំស្អែកចាំទៅ។ បន្ទាប់មក ខ្លួនបានទៅអង្គុយលេងក្រោយខ្នងប្រពន្ធ ហើយក៏បានដកកាំបិតបន្ទោះ ចេញពីចង្កេះ និងធ្វើសកម្មភាពចាក់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធ ចំនួន ១កាំបិត ចំកញ្ចឹងកខាងក្រោយ បណ្តាលឱ្យប្រពន្ធដេកដួល ហូរឈាមនៅនឹងកន្លែងតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ខ្លួនក៏បានរត់គេចខ្លួន ដោយហែលទឹកឆ្លងទន្លេបាសាក់ ពីត្រើយខាងកើត ទៅត្រើយខាងលិច ខណៈពេលនោះ កាំបិតបន្ទោះ ក៏បានជ្រុះចូលក្នុងទន្លេបាត់ទៅ។ ពេលហែលឆ្លងទឹកទន្លេផុតហើយ ខ្លួនពិបាកចិត្តពេក គិតអីមិនចេញ ក៏សម្រេចចិត្តរត់ចូលឡានធំ ១គ្រឿង មិនស្គាល់ម៉ាក ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ 21A ដើម្បីបញ្ចប់ជីវិតតាមប្រពន្ធ តែពេលដឹងខ្លួនវិញ ស្រាប់រូបគេកំពុងដេកនៅក្នុងមន្ទីរពេទ្យទៅវិញ និងត្រូវសមត្ថកិច្ចចុះចាប់ខ្លួនតែម្តង។

ជនសង្ស័យ ជាឃាតករខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES