ភ្នំពេញ ៖ តារាស្រីពហុជំនាញ ខាត់ សុឃីម ដែលពេលនេះកំពុងជួបទុក្ខធំ បាត់បង់ប្អូនប្រុស ខាត់ ចំរើន ដែលឈឺស្លាប់ក្នុងវ័យ៤០ឆ្នាំ បន្ទាប់ពីបានធ្វើបុណ្យ បូជាសពរួច នាងបានលើកឡើងថា ជីវិតផុយស្រួយណាស់ មួយប៉ប្រិចភ្នែក មនុស្សក្លាយជាផេះ ដូច្នេះគ្រានៅមានជីវិត សូមអ្នកទាំងអស់គ្នា ថែរក្សាសុខភាព និងធ្វើបុណ្យទានឲ្យបានច្រើនផង។

ខាត់ សុឃីម បានបង្ហោះរូបភាពប្អូនប្រុស ខាត់ ចំរើន កាលនៅរស់ និងរូបផេះឆ្អឹងសពក្រោយបូជា ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយសំណេរថា «១ប៉ប្រិចភ្នែក មនុស្សម្នាក់បានក្លាយជាផេះបាត់ទៅហើយ ព្រះអើយ! ជីវិតផុយស្រួយណាស់! ថែសុខភាពផង ធ្វើបុណ្យធ្វើទានឲ្យបានច្រើន។ សូមជូនផលបុណ្យដល់ប្អូនខាត់ ចំរើន របស់ខ្ញុំ ទៅកាន់ឋានសុខ»។
អ្នកនាងខាត់ សុឃីម បន្ថែមថា «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយ សូមឲ្យអាយុវែង! ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយឲ្យកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម»។

តាមការឲ្យដឹងរបស់អ្នកនាងខាត់ សុឃីម គឺប្អូនប្រុសទី២ របស់អ្នកនាង (ខាត់ ចំរើន) បានស្លាប់ នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារជំងឺក្រិនថ្លើម និងបេះដូងរីក ក្នុងវ័យ ៤០ឆ្នាំ ។ ខាត់ ចំរើន មានប្រពន្ធ ឈ្មោះ ប្រាក់ ផល្លី និងមានកូន ៣នាក់ ។ សពខាត់ ចំរើន ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតនៅផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ខព្រែកព្នៅ រាជធានីភ្នំពេញ (ជិតភ្នំបាសិត)។

អ្នកនាងខាត់ សុឃីម បញ្ជាក់ថា ខាត់ ចំរើន ជាប្អូនប្រុសដែលមានអនុស្សាវរីយ៍ច្រើន និងស្អិតល្មួតជាមួយអ្នកនាង ជាប្អូនប្រុស និងដូចជាមិត្តភក្តិដ៏ស្និទ្ធស្នាល និងធ្លាប់រួមសម្តែង និងច្រៀងជាមួយគ្នាក្នុងពិធីកាត់សក់ មង្គលការ រាប់មិនអស់។ ការបាត់បង់ប្អូនប្រុសម្នាក់នេះ ពិតជាធ្វើឲ្យអ្នកនាងសោកស្តាយអាឡោះអាល័យជាពន់ពេក។
អ្នកនាងខាត់ សុឃីម ឲ្យដឹងទៀតថា ប្អូនប្រុស ខាត់ ចំរើន ជាមនុស្សល្អ ស្លូតបូត មិនចេះខិលខូចរឿងស្រីញី មិនចេះជក់បារី មិនចេះលេងល្បែង តែគេខូចតែម្យ៉ាង គឺផឹក ទើបបណ្តាលឲ្យធ្លាក់ខ្លួនឈឺបែបនេះ។
ក្នុងពិធីបុណ្យសពខាត់ ចំរើន នាពេលថ្មីៗកន្លងទៅនេះ មានវត្តមានសិល្បករ សិល្បការិនី ជើងចាស់ ជើងថ្មី ជាច្រើន បានអញ្ជើញចូលរួម ប្រកបដោយទឹកមុខក្រៀមក្រំ និងការសោកស្តាយចំពោះការបាត់បង់ធនធានសិល្ប:មួយដួងទៀត ដែលជាកូនទី២ នៃត្រកូលខាត់ និងត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកនាងខាត់ សុឃីម៕ ខៀវទុំ