Friday, April 19, 2024
Homeព័ត៌មានជាតិប្តីលួចមានស្រី ប្រពន្ធលេបថ្នាំសម្លាប់ខ្លួន

ប្តីលួចមានស្រី ប្រពន្ធលេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ បានដាច់ចិត្តចេញមុខទម្លាយពីរឿងអាស្រូវគ្រួសាររបស់ខ្លួន ដោយអះអាងថា ខ្លួននិងប្តីបានរៀបការរួមរស់អស់រយៈពេល១០ឆ្នាំ និងថែមទាំងបង្កើតបានកូនស្រីដល់ទៅ ២នាក់ទៅហើយ ស្រាប់តែត្រូវបុរសជាប្តីផិតក្បត់ ទៅលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយស្រីថ្មី រហូតធ្វើឱ្យខ្លួនជាប្រពន្ធឈឺចិត្តស្អិតទ្រូងខ្លាំង ដល់ថ្នាក់គិតខ្លី លេបថ្នាំសម្លាប់ខ្លួនទៀតផង តែសំណាងល្អ ត្រូវបានសាច់ញាតិជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ សង្គ្រោះទាន់ ។

រឿងរ៉ាវខាងលើនេះ បានធ្វើឱ្យកក្រើកពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបន្ទាប់ពីស្ត្រីដែលអះអាងថា ខ្លួនជាប្រពន្ធដើម បានទម្លាយរូបថតជាច្រើនសន្លឹក រួមនិងសំណេរបង្ហាញពីក្តីឈឺចាប់ ដែលត្រូវប្តីផិតក្បត់។

ស្ត្រីដែលអះអាងថាខ្លួនជាប្រពន្ធដើម ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ITim Tim បានបង្ហោះ រូបថតជាង៣០សន្លឹក ប៉ុន្តែរូបថត ១សន្លឹក ដែលត្រូវបានគេចាប់អារម្មណ៍ គឺបង្ហាញពីទិដ្ឋភាពដែលស្ត្រីជាប្រពន្ធដើមខាងលើ លេបថ្នាំសម្លាប់ខ្លួន និងត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ១កន្លែង ក្រៅពីនោះសុទ្ធសឹងជារូបថតស្និទស្នាល ផ្អែមល្ហែមរវាងបុរសស្ត្រី២នាក់ ដែលត្រូវម្ចាស់គណនីហ្វេសប៊ុកខាងលើ អះអាងថា ខាងប្រុសគឺជាប្តីរបស់ខ្លួន ចំណែកខាងស្រី គឺជាជនទី៣ (សហាយស្មន់)។

ស្ត្រីខាងលើ បានសរសេររៀបរាប់ថា “សហាយស្មន់គ្នា ក្បត់ខ្ញុំ ឈឺកាយ ខ្ញុំនៅទ្រាំបាន តែបើឈឺចិត្ត ពិតណាស់ទ្រាំមិនបាន តស៊ូជា១គ្នា អស់រយៈពេល១០ឆ្នាំ ខ្ញុំមិនដែលចង់បានអ្វីទេ ក្រៅពីភាពកក់ក្តៅ មានទំនួលខុសត្រូវនឹងខ្ញុំ និងបំពេញតួនាទីជាប្តី ជាឪពុកល្អ ស្មោះ ឱ្យតម្លៃខ្ញុំជាប្រពន្ធ សុំត្រឹមមិនទុកពួកខ្ញុំចោល ប៉ុណ្ណឹងហេតុអីធ្វើមិនបាន? តើខ្ញុំមិនល្អត្រង់ណាទៅ បានជាអ្នកព្យាយាមចាក់ខ្ញុំហើយចាក់ខ្ញុំទៀត? តើអ្នកណា១ដែលថាមិនចង់ឱ្យប្តីខ្ពង់ខ្ពស់ឋានៈតួនាទី មានលុយុគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកូន និងជីវភាពគ្រួសារ? តែការដែលអ្នកចេញពីផ្ទះបាត់ៗទៅធ្វើការ តែបែជាសហាយស្មន់នឹងគ្នា លាក់បាំងខ្ញុំមករហូត ប្រាប់ខ្ញុំថា គេជាជំទាវ គេជាមេអ្នក តែស្រីនោះគ្មានអីទាល់តែសោះ សូម្បីតែងារជាជំទាវ បោកប្រាស់ចិត្តខ្ញុំ ខ្ញុំល្ងង់បំផុតដែលជឿទុកចិត្តអ្នកមករហូត ស្រលាញ់ណាស់ប្តី ខ្ញុំមិនដែលទៅណាចោលអ្នកទេ មានស៊ី អត់ស៊ី តែងតែក្បែរអ្នក ចុងក្រោយអ្នកក៏ធ្វើឱ្យខ្ញុំឆ្អែត ដោយការក្បត់។ ខ្ញុំបានទុកឱកាសឱ្យអ្នកកែ ដើរចេញពីគេ តែអ្នកអត់ទេ នៅតែបំពាន ស្រីណាធ្វើចិត្តបានទៅ ចាប់បានប្តីសហាយស្មន់នឹងគ្នាហើយ ប្តីនៅតែរួមការងារជាមួយគ្នា ប្រាប់ខ្ញុំថាឈប់ តែនៅតែបន្ត ធ្វើឱ្យស្រីខាងក្រៅមើលងាយប្រពន្ធ ម្តងហើយម្តងទៀត»។

ស្ត្រីដដែល សរសេរបន្តថា «ជនទី៣ អ្នកសាហាវណាស់ អ្នកបំពានខ្ញុំគ្រប់យ៉ាង អ្នក add មកខ្ញុំ មានចេតនាចង់ឱ្យខ្ញុំឃើញសកម្មភាពគ្រប់រូបភាពអ្នកផុស sweet ជាមួយប្តីខ្ញុំ អ្នកយករបស់ដែលមានម្ចាស់ ទៅបង្ហាញលើបណ្តាញ ខ្ញុំគិតថា ចិត្តស្រីដូចគ្នា មិនស្តីថាឱ្យអ្នកទេ ឆាតហៅអ្នកសុទ្ធតែអ្នកបង អង្វរគ្រប់សព្វ ឱ្យលុបរូបប្តីចោល តែនាងបំពានណាស់ មិនលុបទេ រឹតតែផុសរូបប្តីខ្ញុំ ឌឺដងផ្លែផ្កាឱ្យខ្ញុំរហូតទៀត fb ផង TikTok ផង។ តើបេះដូងនាងសាងពីអី ពាក់ឈៀងស ឈុតស ខំធ្វើបុណ្យ តែសាងបាប ថាប្រុសទៅ សន្តានព្រាន ចុះនាងជាស្រីនេះដឹងឮហើយ ហេតុអីនៅតែបន្ត បើនាងមិនដឹង នាងមិនខុសទេ តែនាងដឹងច្បាស់ណាស់ថាគេប្តីខ្ញុំ ការពេញច្បាប់ តែនាងអត់អាសូរចិត្តខ្ញុំទេ ដែលខ្ញុំមានកូនរហូតដល់២ បានប្តីខ្ញុំទៅ មិនមែនសមត្ថភាពនាងទេ តែខ្ញុំធ្វើបុណ្យដាក់ប្តីឱ្យនាងចុះ ព្រោះថាឆ្អែតគ្រប់យ៉ាង មិនចង់បន្ត ប្រឡូកប្រឡាក់ វាគួរឱ្យខ្ពើម! ទៅចុះស្រីកាកី និងប្រុសចោលម្សៀត សមគ្នាហើយ សួរថា បើគង់លែងហើយ ចាំបាច់ផុស? ខ្ញុំផុស ព្រោះចង់ពន្លាត់មុខមាត់អ្នកទាំង២ សហាយស្មន់គ្នា អ្នកជាអ្នកផ្តើមមុន ឱ្យស្រីផុសតាមតែអំពើ ដោយមិនគិតប៉ះពាល់នូវមុខមាត់ កិត្តិយសគ្រួសារ ពិសេសខ្ញុំនិងកូន»។

ស្ត្រីជាប្រពន្ធ សរសេរបន្តទៀតថា «លាហើយពាក្យថា ប្តីប្រពន្ធ រយៈពេល១០ឆ្នាំមកនេះ ខ្ញុំមិនដែលស្គាល់ពាក្យថាបារម្ភ ខ្ញុំមិនដែលឃើញទង្វើយកចិត្តទុកដាក់ ខ្ញុំមិនដែលឮពាក្យថាស្រលាញ់ អ្នកគ្រាន់តែយកខ្ញុំមក ដើម្បីបង្កើតគ្រួសារមួយដែលដូចគេ ហើយអ្នកបង្កើតវាឡើងមក ឱ្យគេឃើញថា អ្នកល្អប៉ុនណា ឱ្យអ្នកដទៃគិតមកលើអ្នកថា អ្នកពិតជាអស្ចារ្យ។ ប៉ុន្តែធាតុពិត ខ្ញុំនិងកូន មានតែពាក្យថា គ្រួសារ គ្មានពាក្យថា បារម្ភ មើលថែ ខ្វល់ខ្វាយ ស្រលាញ់និងយកចិត្តទុកដាក់នោះឡើយ មានយកត្រូវតែខ្លួនឯង ខ្វល់តែខ្លួនឯង និងគិតថាខ្លួនឯងមិនដែលខុស (ខ្ញុំនិងកូន ខុសរហូត)។ ខ្ញុំគិតថា រយៈពេល១០ឆ្នាំមកនេះ គឺទ្រាំដើម្បីកូន ប៉ុន្តែការអស់ទ្រាំរបស់ខ្ញុំ វាក៏បានមកដល់ហើយ ខ្ញុំក៏គិតថា កូនរបស់ខ្ញុំ មិនចាំបាច់មានឪពុកដូចជាអ្នកទេ អ្នកសុំធ្វើការកស៊ីខាងក្រៅ ខ្ញុំក៏យល់ព្រម ដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ តែអ្នកបែរជាទៅលួចមានសហាយស្មន់ទៅវិញ។ ខ្ញុំឈឺណាស់ រយៈពេល ១០ឆ្នាំមកនេះ ខ្ញុំខំធ្វើជាម្តាយល្អ ប្រពន្ឋល្អ តែចុងក្រោយ ខ្ញុំទទួលបានមកវិញនូវភាពឈឺចាប់…”។

ជុំវិញរឿងរ៉ាវស្នេហាត្រីកោណខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តី និងស្ត្រីដែលត្រូវភាគីស្ត្រីជាប្រពន្ធខាងលើ ចោទប្រកាន់ថាជាជនទី៣ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES