ភ្នំពេញ៖តារាចម្រៀងខេមរៈ សិរីមន្ដ(ខែម ប៊ុនថៃ)ដែលបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយហង្សមាស ក្រោយលោកដើរចេញពីសាន់ដេកាលពីឆ្នាំ២០១៧ នោះ ពេលនេះត្រូវបានលោកខេមរៈ ភារុណ ជាបងប្រុសរបស់សិរីមន្ដ ឲ្យដឹងថាអ្នកចម្រៀងរូបនេះផុតកុងត្រាជាមួយផលិតកម្មធំនេះហើយ។ការអះអាងរបស់លោកភារុណ បែបនេះមានន័យថាផលិតកម្មGalaxy ដែលដៅសិរីមន្ដ ជាតារាមុខគេដែលខ្លួនងត្រូវទិញចូលនោះចាប់ផ្ដើមមានសង្ឃឹមទទួលបានអ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះជាមិនខាន ប្រសិនណាបើលោកប៊ុនថៃ មិនបន្ដកុងត្រាថ្មីជាមួយហង្សមាសនោះ។

លោកខេមេរៈ ភារុណ បានប្រាប់អ្នកយកព័តមានយើងកាលពីថ្ងៃទី២៦វិច្ឆិកា ថា”បាទ, សិរីមន្ដ ផុតកុងត្រាអស់ហើយជាមួយហង្សមាស ហើយពេលនេះក៍មិនទាន់ចុះកុងត្រាថ្មីនៅណាដែរ គឺនៅទ្រឹងសិន។យើងរងចាំមើលទៅមុខបន្ដិចសិន ឥឡូវអត់ទាន់អាចនិយាយថាម៉េចបានទេ”។

ក្រៅពីខេមរៈ សិរីមន្ដ សម្រាប់លោកខេមរៈ ភារុណ ផ្ទាល់ដែលជាបងប្រុសនិងជាអ្នកនិពន្ធបទចម្រៀងល្បីៗឲ្យសិរីមន្ដ ច្រៀងតាំងពីឆ្នាំ២០០៤ នោះលោកភារុណ ដែលបានឡើងឋានន្ដរស័ក្ក ជាផ្កាយ១ តាំងពីឆ្នាំ២០១៨ នោះពេលនេះលោកក៍គ្មានកុងត្រាឬត្រូវធ្វើបទចម្រៀងថ្មីៗនៅហង្សមាសទៀតដែរ ហើយលោកថាចង់ផ្ដល់ឱកាសឲ្យយុវវ័យជំនាន់ក្រោយដែលមានអាយុជាង២០ឆ្នាំបានបញ្ចេញសម្ថភាពម្ដង ព្រោះពួកគេស្រលាញ់ផ្នែកនិពន្ធនេះក៍មានសម្ថភាពសរសេរប៉ារ៉ូលបានល្អដែរ។

ឆ្លើយតបសំណួរថាតើខេមរៈ សិរីមន្ដ នឹងទៅចូលរួមជាមួយផលិតកម្មGalaxy ឬយ៉ាងណានោះលោកខេមរៈ ភារុណ បានឲ្យដឹងថាប្អូនប្រុសលោកមិនទាន់មានចុះកុងត្រាថ្មីជាមួយខាងណាទាំងអស់ ក្រោយអស់កុងត្រានៅហង្សមាសនេះ ហើយលោកបានបញ្ជាក់ថាអំឡុងពេលនេះទាំងសិរីមន្ដ និងរូបលោកគឺនៅស្ងៀមសិន មិនទាន់សម្រេចចិត្តថានឹងត្រៀមធ្វើអ្វីខ្លះទាក់ទងបទចម្រៀង ឬត្រៀមចូលផលិតកម្ម១ណាឡើយ។

ថ្វីត្បិតតែលោកខេមរៈ ភារុណ អះអាងថាខេមរៈ សិរីមន្ដ នៅមិនទាន់សម្រេចចិត្តទៅផលិតកម្មណាមែនតែគេជឿរថាភាគរយខ្ពស់ណាស់ដែលលោកប៊ុនថៃ នឹងអាចទៅចូលរួមជា មួយGalaxy ព្រោះសិរីមន្ដ ធ្លាប់ប្រាប់ថារូបលោកនិងលោកឡេង ណាវ៉ាត្រា មានការរាប់អានគ្នាលើសពីបងប្អូនទៅទៀត។ដោយឡែករឿងថាសិរីមន្ដ អាចចុះកុងត្រាថ្មីនៅហង្សមាសនោះគឺភាគរយតិចបំផុត ដែលអាចទៅទៅរួច ហើយរឿងនេះត្រូវបានអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសធ្លាប់អះអាងកាលពីខែសីហា ឆ្នាំ២០២០ អំឡុងពេលព្រាប សុវត្ថិ ដើរចេញពីហង្សមាសនោះថាប្រសិនបើហង្សមាសអត់ពីលោកសុវត្ថិ ហើយគ្មានសិរីមន្ដ ទៀតនោះផលិតកម្មមួយនេះនឹង”រងា”តែម្ដង ឥឡូវរឿងនេះអាចនឹងកើតមានមែនព្រោះលោកឧកញ៉ាសុវត្ថិ ក៍គ្មានសញ្ញាទៅហើយមកវិញ ខណៈដែលលោកប៊ុនថៃ អត់ឭចង់ស៊ីញ៉េកុងត្រាថ្មី។

គេកត់សម្គាល់ថារយៈពេល៥ឆ្នាំដែលខេមរៈ សិរីមន្ដ នៅហង្សមាសនេះលោកបានក្លាយទៅជាតារាប្រុសនាំមុខគេនៅផលិតកម្មធំនេះ ក្រោយពេលលោកព្រាប សុវត្ថិ ចាកចេញពីទ្រនុំធំនេះកាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២០ បើទោះជាផលិតកម្មរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន រូបនេះជ្រើសរើសបានម្ចាស់ពានជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែគ្មានតារារូបណាឡើងខ្ពស់ជាងសិរីមន្ដ ឡើយ។តែគេចាប់អារម្មណ៍ថាតាំងពីសិរីមន្ដ ក្លាយជាឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះមកលោកក៍គក្មានបទខ្លាំងៗដូចមុនដែរ ហេតុនេះហើយទស្សនិកជនរងចាំមើលថាតើផលិតកម្មទី៤របស់លោកប៊ុនថៃ បន្ទាប់ពីU2 ,សាន់ដេ និងហង្សមាសនោះជាទ្រនុំ១ណាទៅ?
