ភ្នំពេញ៖លោកចេង វណ្ណា ដែលជាម្ចាស់ផលិតកម្មក្រុងពិជ័យ និងត្រូវបានគេស្គាល់ថាជាថៅកែហាងV-Friend នោះបានពង្រីកមុខជំនួញរបស់លោកថែមទៀតតាមរយៈការសម្ពោធភោជនីយដ្ឋានV-Friend សាខាថ្មីជាលក្ខណៈSky bar នៅតំបន់បឹងកក់លើផ្សារពាណិជ្ជកម្មView Park Mall ជាន់ទី៣ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២ ដែលមានតារាល្បីៗនិងអតិថិជនគាំទ្រលោកមកសាទរយ៉ាងច្រើនកុះក សម្រាប់សាខាទី៣របស់លោកនេះ។យ៉ាងណាការបើកជាលក្ខណៈលើអាកាសនេះជាលើកដំបូងបង្អស់របស់លោកវណ្ណា ហើយអតិថិជនមានការចាប់អារម្មណ៍ខ្លាំង ព្រោះទីតាំងនោះសម្បូរទៅដោយភ្ញៀវទៅដើរលេងកម្សាន្ដ និងចំកណ្ដាលក្រុងភ្នំពេញ ពោលគឺញាំអាហារបណ្ដើរ អាចមើលទេសភាពក្រុងភ្នំពេញជាមួយខ្យល់អាកាសបរិសុទ្ធ។



សាខាថ្មីនេះក៍ត្រូវបានអ្នកគ្រប់គ្រងហាងបានឲ្យដឹងថាមានការបែងចែកដាច់ដោយឡែកនូវទីតាំងសម្រាប់ភ្ញៀវកក់តុរៀបចំកម្មវិធីផ្សេងៗជាលក្ខណៈPrivate ងាយស្រួលមិនប៉ៈពាល់ដល់អតិថិនជនទូទៅមកពិសារអាហារនៅហាង និងមានចំណតរថយន្ដធំទូលាយ។ប៉ុន្ដែការចំណាយអស់ទុនប៉ុន្មាននោះមិនត្រូវបានថៅកែក្រុងពិជ័យបញ្ជាក់ឡើយ តែគេប្រមាណថាប្រាកដជារាប់សិបម៉ឺនដុល្លារជាមិនខាន។



លោកចេង វណ្ណា ម្ចាស់ហាងV-Friend បានថ្លែងថាជាការជោគជ័យថ្មីមួយទៀតសម្រាប់ការជ្រើសរើសទីតាំងមានបរិយាកាសល្អ សម្រាប់អតិថិជនរបស់លោកដែលតែងតែគាំទ្រហាងរបស់លោកនាពេលកន្លងមក សូមមកបន្ដញាំអាហារ ស្ដាប់ភ្លេងនៅV –Friend Sky Bar នេះដោយភាពរីករាយ។ស្ថាបនិកផលិតកម្មក្រុងពិជ័យដែលបានផលិតរឿង”សំណើច652Km” នឹងត្រៀមដាក់បញ្ចាំងនៅចុងឆ្នាំ២០២២ ខាងមុខនេះ គឺជាអ្នកជំនួញខាងភោជនីយដ្ឋានដែលតំណើរការអស់រយៈពេល១៦ឆ្នាំកន្លងមកនោះមាននិយមន័យផ្ទាល់ខ្លួនថាមុខជំនួញអ្វីក៍ដោយឈលើគោលការណ៍សំខាន់៣ទើបអាចឈជើងបានយូអង្វែងគឺទី១៖គុណភាព,ទី២៖តម្លៃ និងទី៣៖ទីតាំង៕




