បន្ទាប់ពីអ្នកវិភាគមួយចំនួនលើកឡើងស្របគ្នាថា “អ្នកនយោបាយខ្មែរ ដោះស្រាយបញ្ហាតាមអារម្មណ៍” គឺមិនធ្វើតាម ការចង់បានរបស់ប្រជាពលរដ្ឋ ហើយត្រូវបានមន្ត្រីបក្សកាន់អំណាច និងបក្សប្រឆាំង ឆ្លើយបកវិញថា “មិនមែនធ្វើតាម អារម្មណ៍នោះទេ តែដោះស្រាយទៅតាមភាពជាក់ស្តែង” រួចមក យើងក៏មានទស្សនៈដោយឡែកថា អ្នកនយោបាយខ្មែរ នៅមានចន្លោះប្រហោងខ្លះៗ លើមាគ៌ាដឹកនាំរបស់ខ្លួន។ សុភាសិតខ្មែរ១ឃ្លាថា “ដើរឱ្យមានបី ស្រដីឱ្យមានបួន” មានខ្លឹមសារ ស្របទៅតាម “ដោះស្រាយតាមអារម្មណ៍ ឬភាពជាក់ស្តែង” នេះឯង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
“ដើរឱ្យមានបី” បើពោលតាមបែបសាមញ្ញ អ្នកដើរចូលព្រៃ ឬឡើងភ្នំ កុំដើរម្នាក់ឯង ក្រែងគ្រោះថ្នាក់ដោយសារសត្វសាហាវ ឬពស់អាសិរពិសគ្មានអ្នកណាដឹង ចាំបាច់ត្រូវតែមានគ្នាចាប់ពី៣នាក់ឡើងទៅទើបធានាសុវត្ថិភាព។ រីឯ “ស្រដីឱ្យ មានបួន” គឺពេលដើរជាក្រុមនោះ ត្រូវមានរបៀបនិយាយគ្នា៤យ៉ាង គឺ១.ការសរសើរ ២.ការជំទាស់ ៣.ការយល់ស្រប ៤.ការជួយផ្តល់យោបល់។ ឧទាហរណ៍ អ្នកដើរព្រៃ៣នាក់នោះ ប្រទះឃើញពស់ថ្លាន់ ក៏មាន២នាក់ស្ទាក់ចាប់ច្រកការុង បម្រុង យកទៅធ្វើម្ហូប ត្រូវថ្មើរព្រៃម្នាក់ទៀត ពោលសរសើរពីភាពរហ័សរហួសរបស់មិត្តដែលអាចចាប់បានពស់ថ្លាន់នៅកណ្តាល ព្រៃ។ បន្ទាប់ពីសរសើរក៏ជំទាស់មិនឱ្យយកវាទៅធ្វើម្ហូប រួចផ្តល់យោបល់ឱ្យយកទៅចិញ្ចឹមក្នុងសួនសត្វ ឬក៏យល់ស្របឱ្យដោះស្រាយលែងវាទៅក្នុងព្រៃធម្មជាតិវិញ។ ដូច្នេះ “ដើរឱ្យមានបី ស្រដីឱ្យមានបួន” មិនពិបាកយល់នោះទេ បើបរិយាយតាម បែបសាមញ្ញ ផ្តោតទៅលើជីវភាពរបស់កសិករ ឬសង្គមមនុស្ស។
បើយកខ្លឹមសារ “ដើរឱ្យមានបី ស្រដីឱ្យមានបួន” មកបកស្រាយក្នុងយុទ្ធសាស្ត្រនយោបាយ មានលក្ខណៈជ្រាលជ្រៅណាស់ ដែលសព្វថ្ងៃ យើងកត់សម្គាល់បានថា អ្នកនយោបាយគ្រប់និន្នាការនៅមានចន្លោះប្រហោង ធ្វើអ្វីៗមិនទាន់ឯកភាព។ “ដើរ ឱ្យមានបី” សំដៅដល់ “មន្ត្រីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំកំពូល” ជាមនុស្សទី១ ខណៈដែល “មន្ត្រីជាន់កណ្តាល ឬថ្នាក់ក្រសួង” ជា មនុស្សលំដាប់ទី២ រីឯ “មន្ត្រីថ្នាក់ក្រោម ឬថ្នាក់ខេត្ត-ស្រុក” ជា មនុស្សលំដាប់ទី៣ ដែលជា “អសនានុក្រមក្នុងរដ្ឋាភិបាល”។ បើនៅក្នុងគណបក្ស គឺប្រធាន+អនុប្រធានគណបក្ស ជាមនុស្សទី១ ខណៈដែលសមាជិកអចិន្ត្រៃយ៍បក្ស ឬគណៈកម្មការកណ្តាល ជាមនុស្សទី២ រីឯសកម្មជនថ្នាក់ខេត្ត-ស្រុក-ឃុំ-ភូមិជាមនុស្សទី៣ ឬថ្នាក់ក្រោម។
មន្ត្រីទាំង៣ថ្នាក់នេះ ត្រូវដើរឱ្យព្រមៗគ្នា ឬថា “ដើរឱ្យមានបី” នេះឯង ពោលគឺសម្រាប់រដ្ឋាភិបាល បើសិនជានាយករដ្ឋមន្ត្រីដាក់បទបញ្ជាអ្វីមួយ ត្រូវតែថ្នាក់កណ្តាល ឬថ្នាក់ក្រោម ដើរតាមឱ្យស្រុះជើងគ្នា ទើបទទួលបានលទ្ធផលជាវិជ្ជមាន។ បើប្រមុខរាជរដ្ឋាភិបាលប្រកូកប្រកាសហាមប្រាមឱ្យឈប់កាប់ឈើ កុំដាក់កុងត្រូលជជុះ កុំពុករលួយ ប៉ុន្តែថ្នាក់ក្រោមមិន យកត្រចៀកស្តាប់ នៅតែបន្តជួញឈើប្រណីត ដាក់កុងត្រូលជជុះរាប់ក្បាលឡានយកលុយដាក់ហោប៉ៅនោះ ឈ្មោះថា “ដើរ តែម្នាក់ឯង”។ រីឯបក្សប្រឆាំង បើប្រធាន+អនុប្រធានគណបក្ស ប្រាប់ថា “ឈប់ជេរ” ឱ្យបន្ទន់ឥរិយាបថស្រុះស្រួលជាមួយ បក្សកាន់អំណាច ប៉ុន្តែ ថ្នាក់ក្រោមមិនស្តាប់ នៅតែមានការជេរគ្នា ឬបង្កាច់បង្ខូចគ្នាតាមហ្វេសប៊ុកមិនឈប់នោះ ឈ្មោះថា “ដើរតែម្នាក់ឯង”។
ដោយឡែក “ស្រដីឱ្យមានបួន” សំដៅដល់មន្ត្រីរដ្ឋាភិបាល ឬមន្ត្រីគណបក្ស ត្រូវរក្សាឱ្យបាននូវ ៖ ១.ការសរសើរ ២.ការ ជំទាស់ ៣.ការយល់ស្រប ៤.ការផ្តល់យោបល់។ កន្លងមក យើងកត់សម្គាល់បានថា នៅក្នុងគណបក្សនីមួយៗ ឃើញតែមន្ត្រី ក្នុងគណបក្សសរសើរមេដឹកនាំជានិច្ច មិនដែលឮពាក្យជំទាស់ ការផ្តល់យោបល់ឱ្យធ្វើយ៉ាងនេះយ៉ាងនោះអ្វីឡើយ ពោលគឺ “យល់ស្របរហូត”។ នៅក្នុងរដ្ឋសភា បើមេដឹកនាំបក្សកាន់អំណាច សម្រេចបញ្ហាអ្វីមួយ ច្បាស់ជាតំណាងរាស្ត្របក្សកាន់អំណាច លើកដៃអនុម័តជាឯកច្ឆន្ទ គ្មានពាក្យជំទាស់នោះទេ។ រីឯមេដឹកនាំបក្សប្រឆាំង បើគាត់មិនពេញចិត្តច្បាប់អ្វីមួយ ក៏នាំកូន- ចៅដើរចេញពីរដ្ឋសភា ដោយគ្មានសហការីណាហ៊ានជំទាស់នោះឡើយ។
នៅក្នុងសង្គមមួយ គណបក្សមួយ ដែលមានតែការសរសើរលើកជើង ខ្វះមតិជំទាស់នោះ មិនសូវបានលទ្ធផលល្អទេ ដែល ខ្លឹមសារសុភាសិតខាងលើចង់ឱ្យមាន “ការកែលម្អគ្នាក្នុងបក្ស”។ សូមរំព្ញកថា បងធំទី១ ប៉ុល ពត មិនអនុញ្ញាតឱ្យមន្ត្រីថ្នាក់កណ្តាល ឬថ្នាក់ក្រោមរិះគន់គាត់ទេ បើហ៊ានខ្វើកតែបន្តិច ក៏បាត់ខ្លួនមួយរំពេច។ ប៉ុល ពត បានយកពាក្យ “អង្គការ” មកប្រើ ដែល អង្គការនោះ គ្មានអ្នកណាប៉ះពាល់បានឡើយ តែទីបំផុត ករណី “ប៉ុល ពត ដើរតែឯង” បែបនេះ បានត្រឹមដួលរលំ។
ទោះយ៉ាងណា សព្វថ្ងៃយើងឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបើកឱកាសឱ្យប្រជា- ពលរដ្ឋគ្រប់មជ្ឈដ្ឋានជួយផ្តល់មតិយោបល់ដល់សម្តេច ក្នុងការអភិវឌ្ឍមាតុភូមិ។ យើងមិននិយាយពីទីប្រឹក្សាគ្រប់ជំនាញ សម្រាប់ ផ្តល់យោបល់នោះទេ តែការបើកសិទ្ធិឱ្យប្រជារាស្ត្រជួយផ្តល់យោបល់ ឬរិះគន់ស្ថាបនា ជារឿងល្អបំផុតសម្រាប់អ្នកដឹកនាំ។ ចំណែកមេដឹកនាំបក្សប្រឆាំង ក៏ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ព្រោះបើគ្មានការរិះគន់ មើល កំហុសខ្លួនឯងមិនឃើញទេ។
ពាក់ព័ន្ធដល់អ្នកវិភាគមួយចំនួនថា “អ្នកនយោបាយខ្មែរ ដោះស្រាយតាមអារម្មណ៍” ចាត់ទុកជាការរិះគន់ល្មមទទួល យកបានហើយ បើយកសុភាសិត “ដើរឱ្យមានបី ស្រដីឱ្យមានបួន” មកពិចារណា។ ធម្មតាអ្នកនយោបាយ តែងមានប្រាជ្ញាបាធី ខុសពីមនុស្សសាមញ្ញ ពោលគឺគាត់មាននិស្ស័យពីកំណើត។ និស្ស័យកើតចេញពីមនោគតិ, រូបារម្មណ៍ ចេះប្រុងប្រយ័ត្ន៣ យ៉ាង គឺ១.ប្រយ័ត្នចិត្ត, ២.ប្រយ័ត្នគំនិត, ៣.ប្រយ័ត្នសម្តី។ “ប្រយ័ត្នចិត្ត” សំដៅដល់ការប្រើចិត្ត ប្រកបដោយមេត្តាករុណា ចេះយោគយល់គ្នាក្នុងកាលទាំងពួង។ “ប្រយ័ត្នគំនិត” ពេលនៅម្នាក់ឯងត្រូវតែចេះប្រើអារម្មណ៍ផ្តោតទៅលើបញ្ហាអ្វីមួយ វិភាគឱ្យចំគោលដៅ។ “ប្រយ័ត្នសម្តី” គឺបន្ទាប់ពីគិតគូរល្អិតល្អន់រួចមក ក៏ថ្លែងការណ៍ ឬសុន្ទរកថា ស្របទៅតាមអ្វីដែលបាន គិតនោះ បើនិយាយខុសតែមួយម៉ាត់ ធ្វើឱ្យអ្នកស្តាប់ចាប់កំហុសភ្លាម។ ដូច្នេះអ្វីៗវាកើតចេញពីមនោគតិ រូបារម្មណ៍ ឬអណ្តែត អណ្តូងនិយមខ្លះៗ ទើបដោះស្រាយបញ្ហាបាន ពុំមែន “ធ្វើតាមជាក់ស្តែង” ឃើញភ្លាមធ្វើភ្លាមនោះទេ។
ដូច្នេះយើងឃើញថា អ្នកនយោបាយណាក៏ចេះប្រើអារម្មណ៍ត្រិះរិះពិចារណាដែរ រហូតដល់សម្រាន្តមិនលក់ សូម្បីសម្តេចឪ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គប្រើអារម្មណ៍ខ្លាំង ផ្ទំមិនលក់ លុះត្រាតែប្រើថ្នាំ “ងងុយផ្ទំ” ជាជំនួយទើបបាន។ អ្នកដែល ប្រើអារម្មណ៍ខ្លាំងបំផុត គឺអ្នកនិពន្ធប្រលោមលោក ក៏ដូចទស្សនវិទូនានា សូម្បីព្រះពុទ្ធអង្គ នៅពេលគង់ធ្វើសមាធិ ព្រះអង្គ តែងប្រើអារម្មណ៍ខ្លាំងណាស់ ជាពិសេស ចេះ “ដកចិត្តឱ្យចេញផុតពីជីវិត ដើម្បីវិភាគរឿងជីវិត”។ អ្នកនិពន្ធរឿងខ្មោចលង សម្រាប់ថតភាពយន្ត គឺមកពីគាត់ប្រើអារម្មណ៍ចេះដកចិត្តពីឋានមនុស្ស ចូលទៅឋានអសុរកាយ មើលឃើញខ្មោចក្នុងមនោគតិ នេះឯង ទើបគាត់សរសេររឿងខ្មោចកើត។ អ្នកនយោបាយដែលមិនចេះប្រើអារម្មណ៍ មិនឈ្នះគេទេ ជាពិសេស “ដើរឱ្យមាន បី ស្រដីឱ្យមានបួន” នេះឯង ជាទ្រឹស្តីអប់រំល្អវិសេសវិសាលណាស់ សម្រាប់អ្នកនយោបាយយកទៅអនុវត្ត។
សរុបទៅ “ដើរឱ្យមានបី ស្រដីឱ្យមានបួន” វាពាក់ព័ន្ធដល់ការប្រើអារម្មណ៍ត្រិះរិះយ៉ាងណាឱ្យរចនាសម្ព័ន្ធចាប់ពីថ្នាក់លើ ថ្នាក់កណ្តាល រហូតដល់ថ្នាក់ក្រោម ដើរស្របគ្នា បើប្រើអារម្មណ៍ខុស អ្វីៗនឹងខុសទាំងអស់។ ថ្នាក់ទាំង៣នេះ ពេលធ្វើការ ចូលគ្នា លុះត្រាតែហ៊ានរិះគន់គ្នាខ្លះៗមិនមែនចាំតែសរសើរបញ្ជោរលើកជើងនោះទេ។ អ្នកនយោបាយពូកែប្រើអារម្មណ៍ខុស ពីមនុស្សសាមញ្ញ អ្នកនយោបាយនោះនឹងមានប្រៀបឈ្នះលើគូប្រជែងដែលចូលចិត្តដើរម្នាក់ឯង មិនឱ្យមានការផ្តល់យោបល់ រិះគន់ស្ថាបនា៕
ដោយ ៖ អាចារ្យថាំ