ភ្នំពេញ៖ពិធីការិនីហង្សមាសអ្នកនាងចាន់ កែវនិមល បានសម្រាលកូនប្រុសកាលពីល្ងាចថ្ងៃទី២០ធ្នូ ដោយសុវត្ថិភាពធ្វើឲ្យស្វាមីនាងលោកសូវ៉ាត សីលា ញញឹមបិតមាត់មិនជិតឡើយក្រោយភរិយាបំពេញបំណងធំលោកតាមរយៈការបង្កើតបានកូន១ទៀតនេះ។សម្រាប់អ្នកនាងកែវនិមល វិញបង្ហាញអារម្មណ៍រំភើបហើយនាងថានៅទីបំផុតនាងធ្វើបានហើយកូនមាសម្ដាយ…។ពិធីការិនីដែលត្រូវបានគេហៅថាជំទាវៗ ព្រោះស្វាមីនាងមានឋានៈជាឯកឧត្តមនោះបានដាក់ឈ្មោះកូនថា”លីលា ចាន់ចេស្ដា” ហើយនាងត្រូវបានFan និងតារារួមអាជីពផ្ញើរសារអបអរនាងជាបន្ដបន្ទាប់ចំពោះការទទួលបានសមាជិកថ្មីនាពេលនេះដែរ។


គូរំលឹកថាចាន់ កែវនិមល បានសម្រេចចិត្តផ្អាកពីធ្វើMC នៅឆាកតន្រ្ដីហង្សមាសកាលពីថ្ងៃទី២៣ តុលា ដើម្បីយកពេលវេលាមកថែទាំសុខភាពទាំងរូបនាងនិងកូនប្រុសឲ្យបានល្អ ខណៈដែលតាមបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency វិញនិមល ទើបតែឈប់កាលពីថ្ងៃទី៧ ធ្នូ ពោលគឺមុននាងសម្រាលកូនទី២តែ២សប្ដាហ៍ប៉ុណ្ណោះ ហើយនាងបានសន្យាចំពោះអ្នកគាំទ្រថានៅពេលដែលនាងបានរឹងដៃរឹងជើង និងមានសុខភាពល្អដូចដើមវិញនោះរូបនាងនឹងវិលមករកអាជីពចាស់នេះឡើងវិញភ្លាម។ដោយឡែកសម្រាប់ពិធីករនៅហង្សមាសដែលរួមអាជីពជាមួយនិមល នោះពួកគេបានបង្ហើបថាកែវនិមល អាចនឹងវិលវិញនៅមុនចូលឆ្នាំខ្មែរឆ្នាំ២០២៣ ខាងមុខនេះហើយ។


សូមបញ្ជាក់ថាចាន់ កែវនិមល សម្រេចចិត្តយកកូនទី២នាពេលនេះក្រោយកូនស្រីច្បងរបស់នាងមានអាយុជាង១០ឆ្នាំទៅហើយ ហេតុនេះមិនអាចពន្យាពេលតទៅទៀតបាននោះទេ ។អ្វីដែលកាន់តែសំខាន់សម្រាប់និមល ក្នុងការយកកូនថែមនេះបន្ទាប់ពីនាងបានរងការមន្ទិលសង្ស័យថាចំណងស្នេហានាងជាមួយលោកសីលា បានឈានដល់តំណាក់កាលរង្គោះរង្គើរតាំងពីពាក់កណ្ដាលឆ្នាំ២០២០ ក្រោយពីរូបនាងបានប៉ៈស្នេហ៍ក្រៅឆាកជាមួយដៃគូពិសេសលោកជា វិបុល ស្វាមីរបស់គង់ សុជាតិ ផ្អើលពេញផ្ទៃប្រទេស។ប៉ុន្ដែពេលនេះអ្វីៗហាក់ធូស្រាលទៅវិញព្រោះចំណងស្នេហានិមល និងស្វាមីជាឯកឧត្តមមិនត្រឹមតែគ្មានភាពប្រែប្រួលនោះទេ តែក្លាយទៅជារឹងមាំលើសដើមទៅទៀត ដោយសារតែអ្នកទាំងពីរមានទំនុកចិត្តលើគ្នាខ្ពស់។តែគូរឲ្យស្ដាយមុនបានកាដូកូនប្រុសនេះចាន់ កែវនិមល ត្រូវបាត់បង់តំណែងធំនៅហង្សមាសដល់ទៅ២ព្រមគ្នានោះគឺតួនាទីជាMC កម្មវិធីCambodian Idol រដូវកាលទី៤ ធ្លាក់ក្នុងដៃថន លក្ខិណា ខណៈThe Voice Kids Cambodia រដូវកាលទី៣ អ្នកនាងគង់សុជាតិ ជាអ្នករ៉ាប់រងជំនួស។


ក្រៅពីចាន់ កែវនិមល តារានិងអតីតតារាដែលឡើងងារជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន,ឱក បូរី ,ពេជ្រ ច័ន្ទបរមី,ផាន់ ម៉ូនីកា ,នៅ សុនិតា,ចន ច័ន្ទលក្ខិណា និងស៊ឹម សូលីកា ជាដើម។ចំពោះនិមល វិញនាងក៍ដូចតារាផ្សេងៗទៀតដែលក្លាយជាជំទាវដែរពោលគឺពេលទៅចូលរួមតាមបណ្ដារកម្មវិធីអ្នកសិល្បៈនាងមានអង្គរក្សបើករថយន្ដជូនជាប្រចាំ ខណៈដែលសព្វថ្ងៃនាងរស់នៅផ្ទះវីឡារធំ និងជិះឡានទំនើបៗឆ្លាស់គ្នាជាច្រើនគ្រឿង៕

