ភ្នំពេញ៖លោកព្រាប សុវត្ថិ បានចាកចេញពីហង្សមាសចូលGalaxy រយៈពេលជាង២ឆ្នាំមក ហើយ ខណៈដែលកូនប្រុសទី៣របស់លោកសុវត្ថិ សិរីវុឌ្ឍ បានឈប់ពីផលិតកម្មធំមួយនេះតាំងពីដើមឆ្នាំ២០២០ ម្លេះហើយពេលនេះស្រាប់តែកូនប្រុសច្បងរបស់លោកឈ្មោះសុវត្ថិ មុនីវណ្ណ បានអះអាងកាលពីពេលថ្មីៗនេះថារូបគេបានផុតកុងត្រាជាមួយហង្សមាសដែរទៅហើយ។ប៉ុន្ដែសម្រាប់កូនទី២របស់លោកឧកញ៉ាសុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ នោះនៅមិនទាន់មានការអះអាងថានឹងបន្ដកុងត្រាថ្មីជាមួយហង្សមាសទៀតឬក៍ដើរតាមគន្លងឪពុក និងបងរួមទាំងប្អូនប្រុសរបស់គេដែរនោះទេ ខណៈដែលមុនីនាគ ក៍បានកុងត្រាជាមួយផលិតកម្មធំនេះតំណាលគ្នាទៅនិងមុនីវណ្ណ និងសិរីវុឌ្ឍ ដែរដែលមានន័យថាបើគ្មានកិច្ចសន្យាថ្មីទេគឺសុពលភាពនៃការកុងត្រាតំណាក់កាលដំបូងនោះគឺបានផុតកំណត់ដូចគ្នា។ប៉ុន្ដែតាមព័តមានថាថ្នាក់ដឹកនាំហង្សមាសក៍ពេញចិត្តសម្ថភាពរបស់សុវត្ថិ មុនីនាគ ដែរក្រោយកូនទី២របស់លោកសុវត្ថិ ម្នាក់នេះចាប់ដៃនាងរ៉េត ស៊ូហ្សាណា ដ៍សាកសមជាមួយគ្នានាពេលកន្លងមក។

សុវត្ថិ មុនីវណ្ណ បានអះអាងតាមបណ្ដាញសង្គមថាតាំងពីឆ្នាំ២០២០ ដល់២០២២ លោកគ្មានបទថ្មីៗនៅហង្សមាសនោះទេ ប៉ុន្ដែចាប់ពីឆ្នាំ២០២៣ ទៅលោកនឹងមានអ្វីដែលថ្មីៗឡើងវិញព្រោះថាពេលនេះProject ស្ថិតនៅក្នុងដៃលោកនៅឡើយ ប៉ុន្ដែលោកថាការធ្វើបានប៉ុណ្ណានោះគឺមានតែទស្សនិកជនទេទើបអាចវាយតម្លៃបាន។

តាមព័តមានថាទោះជាព្រាប សុវត្ថិ លែងជាតារាហង្សមាសជាង២ឆ្នាំទៅហើយក្ដី ប៉ុន្ដែកន្លងមកថ្នាក់ដឹកនាំហង្សមាសមិនចង់ឲ្យទាំងឪពុកនិងកូនៗផ្ដាច់ការងារសិល្បៈទាំងស្រុងពីពួកគេឡើយ ព្រោះសម្អាងថាលោកសុវត្ថិ បានសាងស្នាដៃជាច្រើននៅផលិតកម្មធំនេះហេតុនេះហើយហង្សមាសចង់ឲ្យកូនៗលោកសុវត្ថិ នៅបន្ដវេនឪពុក រហូតមានគ្រូភ្លេងម្នាក់នៅផលិតកម្មនេះនិយាយថា”អ្ហែងយកបានឪ អាញ់យកបានកូន”។

ប៉ុន្ដែមើលតាមទិដ្ឋភាពចុងក្រោយនេះហង្សមាសអាចនឹងប្រឈមបាត់បង់ទាំងព្រាប សុវត្ថិ និងកូនៗទាំង៣របស់លោកតែម្ដង ព្រោះតែតាំងពីលោកសុវត្ថិ ចាកចេញពីផលិតកម្មធំនេះមកកូនៗរបស់លោកមិនសូវមានបទល្បីៗដូចជំនាន់ឪពុករបស់គេនៅច្រៀងផលិតកកម្មនេះឡើយ។អ្នកខ្លះលើកឡើងថាអាចមកពីផលិតកម្មនេះពិបាកឡង់សេកូនៗលោកព្រាប សុវត្ថិ ឲ្យល្បីខ្លាំងព្រោះថាពេលនេះឪពុករបស់គេបានទៅឈជើងនៅផលិតកម្មដែលជាគូប្រជែងជាមួយហង្សមាសទៅហើយ។ដោយឡែកមជ្ឈដ្ឋានមហាជនមើលឃើញថាមុនពេលដែលព្រាប សុវត្ថិ ចេញពីហង្សមាសទៅGalaxy កូនៗរបស់លោកក៍ល្បីលេចធ្លោខ្លាំងដែរពេលបានច្រៀងសម្ដែងជាមួយឪពុករបស់ពួកគេ ប៉ុន្ដែពេលនេះលោកសុវត្ថិ ក៍លែងសូវមានបទល្បីៗដូចមុន ខណៈដែលកូនទាំង៣របស់លោកក៍មិនច្បាស់ពីអនាគតរបស់ពួកគេដែរ។

សំណួរដែលមហាជនលើកឡើងនោះថាតើព្រាប សុវត្ថិ នឹងធ្វើយ៉ាងណាដើម្បីឲ្យកូនៗរបស់លោកបានស្នងតំណែងអាជីពចម្រៀងពីលោកនាថ្ងៃអនាគត?ឬមួយលោកចង់យកកូនទាំង៣ចូលGalaxy ដែរ?

ទាក់ទងរឿងនេះលោកឧកញ៉ាព្រាប សុវត្ថិ បានអះអាងប្រាប់អ្នកកាសែតមុននេះថាកូនៗរបស់លោកមិនអាចឃ្លាតឆ្ងាយពីសិល្បៈនោះទេព្រោះពួកគេមានដុងនិងសម្ថភាពសិល្បៈរៀងៗខ្លួន តែការមិនទាន់ចេញអ្វីថ្មីៗនាពេលនេះដោយសារតែរងចាំដល់ពេលវេលាដែលត្រូវធ្វើ ដល់វេលាសមស្របថាចេញគឺនឹងចេញតែម្ដង។ប៉ុន្ដែលោកសុវត្ថិ មិនដែលបញ្ជាក់ថាលោកមានឬគ្មានគម្រោងយកកូនកំលោះទាំង៣របស់លោកទៅច្រៀងនៅGalaxy ជាមួយគ្នាឡើយ។

ថ្វីត្បិតតែពេលនេះព្រាប សុវត្ថិ មានអាយុ៤៧ឆ្នាំទៅហើយ និងមិនទាន់ដឹងថាតើកូនប្រុសលោកម្នាក់ណានឹងអាចស្នងតំណែងលោកបានក្ដី ប៉ុន្ដែកន្លងមកតារាចម្រៀងពេជ្រ សោភា ដែលធ្លាប់ជាដៃគូរបស់លោកសុវត្ថិ នោះនាងយល់ថាកូនទី២របស់លោកឧកញ៉ាគឺសុវត្ថិ មុនីនាគ មានសម្ថភាពអាចស្នងឪពុករបស់គេបាន ព្រោះពេលខ្លះមុនីនាគ ច្រៀងបទលោកសុវត្ថិ សម្លេងច្រឡំប៉ាគេ៕
