ភ្នំពេញ៖អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនាងពេជ្រ សូលីកា បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់នាងនៅលើបណ្ដាញសង្គមដែលបុរសម្នាក់នោះមិនមែនជាតារាចម្រៀងលេងម៉ូដសាក់លោកថុល សុភិទិ កូនមន្រ្ដីធំផ្កាយ២ ដែលគេធ្លាប់ម៉ៃថាជាម្ចាស់ជីវិតថ្មីរបស់នាងឡើយ។សូលីកា ថែមទាំងសរសើរបុរសនោះថាបានផ្ដល់ក្ដីស្រលាញ់មកលើនាងទាំងដែលមិនបានសុំទៀតផង។តាមរយៈរូបភាពបុរសដែលកៀកកើយសូលីកា នោះបញ្ជាក់ថាពួកគេកំពុងតែយល់ចិត្តគ្នាខ្លាំងទើបដើរកម្សាន្ដជាមួយគ្នាដោយស្នាមញញឹម ខណៈដែលស្នាមក្រេបជាប់លើថ្ពាល់ប្រុសនោះក៍ត្រូវបានគេម៉ៃថាជាស្នាមថើបរបស់សូលីកា ផងដែរ។ដោយឡែកសម្រាប់អ្នកលេងបណ្ដាញសង្គមមួយចំនួនបានធ្វើការប្រៀបធៀបថាគូស្នេហ៍ថ្មីរបស់សូលីកា មានរូបរាងសង្ហារមិនចាញ់អតីតគូដណ្ដឹងនាងលោកគឹម ហាន ឡើយ ខណៈដែលអ្នកនៅក្នុងរង្វង់សិល្បៈមួយចំនួនបានខ្សឹបខ្សៀវគ្នាថាស្រីពេជ្រ ពិតជាខ្លាំងមែន ព្រោះបែកលោកហាន ទើបតែបានជាង៣ខែប៉ុណ្ណោះ ឥឡូវរកបានអ្នកស្អំបេះដូងហើយ ស្រីស្អាតគឺមិនធម្មតាមែន។

តាមរយៈការបញ្ចេញមុខគូស្នេហ៍ថ្មីរបស់ពេជ្រ សូលីកា នាពេលនេះធ្វើឲ្យរឿងដែលគេសង្ស័យថាអ្នកមេម៉ាយរូបស្រស់នេះមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងថុល សុភិទិ នោះហាក់ស្រាលទៅវិញបន្ដិចហើយ ព្រោះថាតាមពិតបុរសពិសេសរបស់បេះដូងអ្នកមេម៉ាយរូបនេះមិនមែនជាអ្នកលេងម៉ូដសាក់រូបនេះទេ។ដោយឡែកសម្រាប់Fan ជាច្រើនរបស់សូលីកា បានបង្ហាញអារម្មណ៍រីករាយជំនួសស្រីពេជ្រ ដែលរកបានម្ចាស់ចិត្តថ្មីនាពេលនេះ ព្រោះថាតាំងពីនាងចែកផ្លូវអាណិកជនខ្មែរមកពីអូស្រា្ដលីជិត៤ខែមកនេះសូលីកា រីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ពេលនៅក្រៅឆាកនាងស្រងូតស្រងាត់ខ្លាំង ព្រោះថាក្នុងពេលតែ១សោះនាងជួបទុក្ខសោកដល់ទៅ២នោះគឺទី១៖ម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុគរយៈពេល១២ឆ្នាំ និងទី២៖ការប្រេះឆាគូដណ្ដឹងធ្វើឲ្យនាងបរាជ័យមង្គលការដែលជាក្ដីសុបិនធំរបស់នាង។ប៉ុន្ដែពេលនេះសូលីកា រកបានគូស្នេហ៍ថ្មីហើយដែលគ្រប់គ្នាបានមើលឃើញច្បាស់ថាអ្នកមេម៉ាយរូបស្រស់មិនជ្រើសប្រុសវ័យចំណាស់ទ្រព្យស្ដុកនោះទេ គឺនាងបេតីបុរសសង្ហារដែលម្នាក់នេះគឺមិនចាញ់លោកហាន ឡើយ។

យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅពេលដែលបេះដូងពេជ្រ សូលីកា កំពុងតែមានកំដៅនេះស្រាប់តែកាលពីល្ងាចថ្ងៃទី២២ ធ្នូ នៅពេលដែលនាងPost រូបលំហែកាយ៉ានៅមាត់ស្ទឹងមួយនោះស្រាប់តែត្រូវអ្នកលេងហ្វេសបុកម្នាក់ចូលទៅខមិនថានាងមុខដូចខ្មោចទៅវិញ។ការប្រដូចសូលីកា បែបនេះធ្វើឲ្យខូចអារម្មណ៍នាងមិនស្ទើនោះទេ ខណៈដែលមនុស្សភាគច្រើនតែងតែហៅនាងថាជា”ស្រីស្អាត”។សូលីកា បានបង្ហាញការមិនពេញចិត្តនិងការបង្អាប់នាងបែបនេះហើយនាងតបទៅអ្នកប្រដូចនាងទៅនិងបិសាចនោះថា”ចេះមកធ្វើផ្អើលគ្នាអីគេបិសាចមុខគេប៉ុណ្ណឹងហើយ ចុះមុខមនុស្សដែលមកផ្អើលគេហ្នឹង មុខម៉េច?ពេលខ្លះខមិនជ្រុលដែរ”។

ដោយឡែកFan របស់ពេជ្រ សូលីកា មួយចំនួនបានចូលទៅខមិនវាយបកទៅអ្នកថាIdol របស់ពួកគេថាមុខដូចខ្មោចនោះ ហើយម្នាក់ៗបានលើកទឹកចិត្តសូលីកា ព្រមទាំងសរសើរនាងថាស្អាតគ្រប់ពេលវេលាទៀតផង។តែមានអ្នកខ្លះនៅតែថាឈុតស្រីពេជ្រ ចុះទឹកនិងសក់លាបព័ណក្រហមនោះពេលមើលនាពេលរាត្រីអីចឹងទៅពិតជាគូរឲ្យព្រឺព្រួចមែនទៅវិញ…។

តាមរយៈការបង្ហាញមុខគូស្នេហ៍ថ្មីរបស់ពេជ្រ សូលីកា នៅពេលនេះបញ្ជាក់ថាតារាចម្រៀងជាអ្នកមេម៉ាយនៅហង្សមាសទាំង៤ដួងក្នុងនោះមាន៣ដួងពួកគេសុទ្ធតែព្រមបង្ហាញមុខម្ចាស់ចិត្តថ្មីរៀងៗខ្លួននោះគឺពេជ្រ សោភា,ប៉ាច គីមមួយ និងរូបនាងសូលីកា ហើយមានតែអ្នកមេម៉ាយសុខ ស្រីនាង ប៉ុណ្ណោះដែលនៅជ្រើសផ្លូវបន្ដសាងស្នេហ៍ដោយមិនបើកចំហទៅទៀត។យ៉ាងណាមិនទាន់មានព័តមានថាស្រីពេជ្រ គ្រោងភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីដើម្បីលុបស្រមោលស្នេហ៍ចាស់នាពេលណាឡើយ ខណៈដែលពេលនេះរូបនាងនិងអតីតប្ដីមានថ្មីរៀងៗខ្លួនពោលគឺការភ្ជាប់ស្នេហ៍ថ្មីរបស់នាងលោកគឹម ហាន គ្មានសិទ្ធិហួងហែងទេ៕
