ភ្នំពេញ៖នាយចឺម អាយុ២៧ឆ្នាំបានបែកបាក់សង្សារជាស្រីស្អាតដល់ទៅ៤ដួងមកហើយក្នុងនោះគឺទី១៖នាងអៀ ម៉េងលិ ហៅអូនម៉ី,ទី២៖ពុធ ស្រីខួច ,ទី៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖សេង សុខឃីម ។ប៉ុន្ដែសសម្រាប់សង្សារថ្មីឬទី៥ វិញនាយចឺម តាំងចិត្តថានឹងបន្ដលាក់មុខកំពូលស្នេហារហូតដល់ថ្ងៃនាយចូលរោងការនៅឆ្នាំ២០២៤ ខាងមុខឬនៅពេលនាយមានអាយុ២៩ឆ្នាំនោះទើបនាយ ព្រមបញ្ចេញឲ្យគ្រប់គ្នាបានស្គាល់តែម្ដង។យ៉ាងណាលោកសុខ មេសា ហៅនាយចឺម មិនប្រាប់ពីមូលហេតុដែលនាយ មិនព្រមបង្ហាញមុខគូស្នេហានៅពេលនេះឡើយ ដោយនាយគ្រាន់តែបង្ហើបថាអនាគតភរិយានាយគឺមិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ។នាយចឺម ដែលបែកបាក់សង្សារជាស្រីស្អាតដល់ទៅ៤នាក់នោះថាប្រសិនបើនាយយកសង្សារជាតារាម្ដងទៀតនោះច្បាស់ជាមិនអាចរក្សារចំណងស្នេហាមួយនេះឲ្យគង់វង្សបានយូអង្វែងឡើយ ហេតុនេះទើបនាយប្ដូរយុទ្ធសាស្រ្ដដាក់ផែនការណ៍ត្រូវតែយកភរិយាជាអ្នកក្រៅសិល្បៈវិញម្ដងទើបអាចរក្សារចំណងស្នេហាឲ្យបានគង់វង្ស។

សូមបញ្ជាក់ថាតាំងពីនាយចឺម ចែកផ្លូវជាមួយស្រីស្អាតជាសង្សារដល់ទៅ៤នាក់មកនាយ ក៍ធ្លាប់បង្ហើបថាមានអារម្មណ៍សោកស្ដាយខ្លាំងដែរតែមិនដឹងធ្វើយ៉ាងម៉េចព្រោះឋានៈត្រឹមជាសង្សារអ្វីៗអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់។តែនាយចឺម យល់ថាអតីតសង្សារនាយបានចាត់ទុកនាយថាជាមនុស្សល្អ ព្រោះនៅពេលនាងនាងជួបលោកម្ដងៗពួកគេមានតែសប្បាយចិត្ត ហេតុនេះហើយគ្រប់Agency ទាំងអស់ឲ្យតែត្រូវការនាយធ្វើការជាមួយសង្សារចាស់លោកគឺអាចចាប់ដៃបានគ្រប់ពេលវេលា។នាយចឺម ដែលត្រូវស្រីៗខ្លះបានចាត់ទុកថាជាព្រាននារីលាក់មុខនោះក៍បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងពេលដែលបានឃើញអតីតសង្សារទី៣របស់នាយគឺនាងហ្វា ហ្វា ហ៊ានថតរឿង18+ នោះដែរ ដោយនាយថាអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយនាយ ស្រីយី មិនដែលហ៊ានលេងឈុតរោលរាលបែបនេះឡើយ។

គូរបញ្ជាក់ថាទោះជានាយចឺម ពូកែអោបថើបគ្រញិចដៃគូសម្ដែងពេលថតMV ជាមួយខ្លួនរហូតដល់ម្ដាយតារាមួយចំនួនបារម្ភពេលកូនស្រីរបស់ពួកគាត់ត្រូវថតបទនាយចឺម ក្ដី ប៉ុន្ដែគេកត់សម្គាល់ថាលោកមេសា បែជាស្លូតនិងសុភាពរាបសារពេលថតសម្ដែងជាមួយស្រីស្អាតសុខ ពិសី នាយមិនដែលហ៊ានយកចំណេញសាច់រៀមច្បងនេះម្ដងណាឡើយ។សកម្មភាពបែបនេះរបស់នាយចឺម ត្រូវបានគេលើកឡើងថានាយចឺម “ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស”៕

