ភ្នំពេញ៖កូនកំលោះរូបសង្ហាររបស់លោកឧកញ៉ាព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនីវណ្ណ ដែលអះអាងតាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថាលោកបានផុតកិច្ចសន្យាហើយជាមួយហង្សមាស នឹងត្រៀមបញ្ចេញស្នាដៃថ្មីនៅឆ្នាំ២០២៣ ខាងមុខនេះត្រូវបានគេសង្ស័យថាកូនច្បងរបស់លោកសុវត្ថិ នឹងទៅតាមឪពុករបស់គេនៅGalaxy ជាមិនខាន ព្រោះមានតែទ្រនុំនេះទេដែលធ្វើឲ្យរូបគេសាងភាពល្បីថែមទៀតបានតាមរយៈការចាប់ដៃច្រៀងជាមួយឪពុកគេដូចមុនឡើងវិញ។

ប៉ុន្ដែការចាកចេញពីផលិតកម្មធំរបស់មុនីវណ្ណ នាពេលនេះគឺផ្ទុយពីអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់របស់ហង្សមាសដែលធ្លាប់អះអាងថាហង្សមាសនឹងមិនបណ្ដោយឲ្យGalaxy ទាញតារារបស់ខ្លួនទាំងឪពុកនិងកូនបាននោះទេព្រោះផលិតកម្មនេះនឹងអាចជ្រើសផ្លូវ”អ្ហែង!យកបានឪ អញយកបានកូន”។ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលអស់ទៅហើយ ព្រោះថាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសជាង២ឆ្នាំ ពេលនេះកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ លែងជាតារាហង្សមាស ខណៈដែលកូនទី២របស់លោកឧកញ៉ាគឺសុវត្ថិ មុនីនាគ ស្ថិតក្នុងភាពស្រពិលថារូបគេនឹងដើរចេញតាមឪពុកនិងបងប្អូនរបស់គេដែរជាមិនខាន។

តើសុវត្ថិ មុនីវណ្ណ នឹងទៅចាប់ដៃជាមួយឪពុករបស់គេនៅGalaxy នៅឆ្នាំ២០២៣ ?
អ្នកនាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy បានប្រាប់អ្នកយកព័តមាន”នគរធំ”តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាលោកស្រីក៍បានដឹងរឿងកូនច្បងរបស់លោកសុវត្ថិ ផុតកុងត្រានៅផលិតកម្មចាស់ដែរ ហើយសម្ថភាពរបស់ប្អូនមុនីវណ្ណ ពិតជាធ្វើឲ្យអ្នកស្រីឬGalaxy ចាប់អារម្មណ៍មែន។ប៉ុន្ដែរឿងថាសុវត្ថិ មុនីវណ្ណ នឹងក្លាយទៅជាតារាGalaxy ឬយ៉ាងណានោះលោកស្រីមិនអាចប្រាប់មុនបានទេ ព្រោះជាគោលការណ៍របស់ផលិតកម្ម អីចឹងមានតែទស្សនិកជនរងចាំតាមដានតទៅទៀតសិនចុះ។

គូរបញ្ជាក់ថាសុវត្ថិ មុនីវណ្ណ អំឡុងពេលដែលរូបគេច្រៀងសម្ដែងជាមួយឪពុករបស់គេនៅហង្សមាសលោកលេចធ្លោនិងទស្សនិកជនចាប់អារម្មណ៍ខ្លាំងដូចប្អូនទាំងពីរលោកដែរ។ប៉ុន្ដែរយៈពេល២ឆ្នាំចុងក្រោយនេះមុនីវណ្ណ ថាលោកគ្មានបទថ្មីៗចេញទៀតឡើយ តែបានត្រៀមរួចជាស្រេចនៅឆ្នាំ២០២៣ ខាងមុខនេះដើម្បីវិលត្រឡប់មកវិញ។ដោយឡែកលោកព្រាប សុវត្ថិ វិញបានប្រាប់អ្នកសារព័តមានកាលពីពេលថ្មីៗនេះថាកូនៗទាំង៣របស់លោកសុទ្ធតែមានដុងនិងជំនាញសិល្បៈម្យាងៗម្នាក់អីចឹងមិនអាចបោះបង់អ្វីដែលពួកគេស្រលាញ់សិល្បៈនោះបានទេ ហើយអ្វីៗបានត្រៀមរួចជាស្រេចគឺឲ្យតែថាដល់ពេលវេលាសមស្របហើយនឹងបញ្ចេញតែម្ដង៕
