ភ្នំពេញ៖មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា រយៈពេល១៥ឆ្នាំ(២០០៧-២០២២) ហើយដែលអំឡុងពេលនេះនាងបានថតឈុតកូនក្រមុំជាច្រើនលើកច្រើនសារពេលខ្លះទៅថតដោយខ្លួនឯងទុកមើល និងជូនកាលត្រូវគេជួលថតឃោសនាឲ្យសម្អាងគេ។ប៉ុន្ដែគូរឲ្យស្ដាយសុខសោភា មិនបានបំពេញបំណងតាមFan របស់នាងដែលចង់ឲ្យនាងគ្រងឈុតកូនក្រមុំមែនទែន តាមរយៈការរៀបការជាចំហ ដូចមិត្តរួមអាជីពឡើយ គឺរយៈពេល១ទសវត្សន៍កន្លះមកនេះសោភា បានត្រឹមតែស្រម៉ៃថាចង់រៀបការជាចំហប៉ុណ្ណោះ តែការពិតនាងនៅតែមិនអាចធ្វើបានដដែល បន្ទាប់ពីនាងបានរៀបការបែបលួចលាក់ ស្រដៀងសែនព្រែនរួចម្ដងមកហើយកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ និងធ្លាប់បានរៀបការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាកាលពីឆ្នាំ២០០៨ ផងដែរ។
ប៉ុន្ដែនៅថ្ងៃខួបអាពាហ៍ ពិពាហ៍គម្រប់១៣ឆ្នាំកាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២ នេះសុខសោភា បែជាស្ងប់ស្ងាត់មិនប្រារពពិធីនោះដោយជប់លៀងឬជួបជុំមិត្តរួមអាជីពទ្រង់ទ្រាយធំដូចតារាផ្សេងៗទៀតឡើយ បន្ទាប់ពីនាងធ្លាប់បានពឹងតារាចម្រៀងលោកឆន សុវណ្ណារាជ ដែលឡើងកួចដៃជាមួយញឹម ចាន់ថន ឲ្យបញ្ចេញរូបមង្គលការរបស់នាងនៅថ្ងៃគម្រប់ខួបស្នេហ៍១២ឆ្នាំកាលពីឆ្នាំ២០២២។យ៉ាងណាជារៀងរាល់ឆ្នាំសុខសោភា មិនដែលភ្លេចពីថ្ងៃអាពាហ៍ ពិពាហ៍របស់នាងនោះទេ ហើយនៅឆ្នាំនេះក៍ដូចគ្នាគឺនាងនឹងប្រារពជាមួយស្វាមីដោយគ្រាន់តែមិនបញ្ចេញជាសាធារណៈប៉ុណ្ណោះ ខណៈឆ្នាំមុនៗនៅថ្ងៃពិសេសនេះសុខសោភា តែងតែសរសើរពីស្វាមីពេញៗមាត់តែម្ដងថាលោករ៉ាដា នេះហើយហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាងដែលការវាចារបស់សោភា បែបនេះត្រូវបានគេជឿរថានាងចង់សំដៅដល់អាណិកជនខ្មែរកាណាដារូបនោះសុខចិត្តមករស់នៅខ្មែរតាមនាងដោយបោះបង់ចោលអាជីពជាគ្រូពេទ្យនៅទីនោះ។
អ្វីដែលសោភា កាន់តែកក់ក្ដៅថែមទៀតនោះលោកអ៊ឹត រ៉ាដា មិនដែលប្រឆាំងនាងម្ដងណាទេ ពោលគឺលោកសម្របតាមនាងជានិច្ចទាំងការស្លៀកពាក់ និងការរៀបចំខោអាវឲ្យនាងឡើងតាមឆាកតន្រ្ដីជាដើម។សកម្មភាពរបស់ស្វាមីរបស់សុខសោភា បែបនេះហើយទើបពួកគេអាចរក្សារចំណងស្នេហាបានដល់ទៅជាង១៥ឆ្នាំ បើទោះជាអ្នកទាំងពីរមិនដែលបានរៀបការជាចំហ ហើយចុងក្រោយនេះគ្មានដំណឹងពួកគេរៀបការជាលើកទី៣ក្ដី ។
គូរកត់សម្គាល់ថាមាស សុខសោភា ក្រោយប្ដូរផលិតកម្មពីថោន មករាម ជិត២ឆ្នាំនេះនាងមិនសូវមានបទល្បីៗដូចមុនឡើយ ប៉ុន្ដែនៅតាមបណ្ដារឆាកតន្រ្ដីធំៗគេឃើញសោភា តែងតែបង្ហាញខ្លួនជានិច្ច ស្របពេលដែលថ្មីៗនេះនាងបានលេចមុខធ្វើជាBA ជាបន្ដបន្ទាប់ផងដែរ។សកម្មភាពបែបនេះបញ្ជាក់ថាសោភា មិនធ្លាក់នោះទេ គឺគ្រាន់តែនៅទ្រឹង ប៉ុន្ដែប្រសិនបើនាងនៅតែគ្មានអ្វីថ្មីដែលថ្មីប្លែកតទៅទៀតនោះគេជឿរថាតំណែងរបស់នាងមិនអាចមានសុវត្ថិភាពឡើយព្រោះ”រលកក្រោយ ច្រានរលកមុន”។
ដោយឡែកដៃគូរបស់សោភា ជិត២ឆ្នាំមកនេះគឺមានតែប្រុសក្មេងលោកដួង វីរៈសិទ្ធ ម្នាក់ប៉ុណ្ណោះ បន្ទាប់ពីដំណឹងថាលោកឆន សុវណ្ណារាជ អាចនឹងទៅរួមទ្រនុំជាមួយនាងបានស្ងប់ស្ងាត់ទៅវិញ ហេតុនេះហើយការធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលរបស់នាងអាចនឹងមិនងាយដូចការតាំងចិត្តឡើយ ខណៈដែលផលិតកម្មផ្ទាល់ខ្លួនរបស់នាងCamtrax មិនដំណើរការ។
ក្រៅពីមាស សុខសោភា តារាចម្រៀងដែលជ្រើសស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត”មានដូចជាអ្នកនាងគឹម លក្ខិណា និងសុគន្ធ និសា ជាដើម។មហាជនរងចាំមើលថាតើសុខសោភា អាចនឹងប្ដូរចិត្តបញ្ចប់ក្ដីស្រម៉ៃ ប្រែក្លាយទៅជាការពិតតាមរយៈការព្រមគ្រងឈុតកូនក្រមុំមែនទែន ដើម្បីរៀបការលើកទី៣ដែរឬទេ?