ភ្នំពេញ៖នៅមុនឆ្លងឆ្នាំសាកល២០២២ ឈានចូល២០២៣ នេះស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានប្ដូរយុទ្ធសាស្រ្ដពីការទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុប ងាកមកទៅលំហែកាយ៉ានៅទីក្រុងKrabi និងកោះមួយចំនួនទៀតនៅថៃហើយមើលទៅនាងរីករាយខ្លាំងណាស់ ព្រោះនេះអាចជាលើកដំបូងផងដែរដែលនាងបង្ហាញមុខគូស្នេហ៍ថ្មីជាចំហនោះគឺលោកគ្រូពេទ្យវ័យក្មេងម្នាក់ដែលពួកគេបានស្វែងយល់ចិត្តគ្នាតាំងពីឆ្នាំ២០២០ ខណៈដែលរាល់តំណើរកម្សាន្ដនៅបារាំងកន្លងមកនីរ័ត្ន មិនហ៊ានបញ្ចេញមុខលោកដុកទ័រនោះទេ បើទោះជាអ្នកទាំងពីររួមដំណើរជាមួយគ្នាសឹងគ្រប់ពេលក្ដី។

ការបង្ហាញសញ្ញាកាន់តែច្បាស់លាស់របស់ច័ន្ទនីរ័ត្ន នាពេលនេះក្រោយពីនាងកាន់តែពិបាកប្រឈមនៅពេលដែលមានអ្នកឌឺដងថានាងជាស្រីស្អាតប៉ុណ្ណឹងដែរ តែប្រុសរូបសង្ហារលោកសេង មង្គល បែជាមើលរំលងនាងហើយងាកទៅផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយទ្រព្យស្ដុកដោយគ្មានអាល័យរហូតនីរ័ត្ន ព្រលយពាក្យថានាងចង់តែទៅលោតទឹកសម្លាប់ខ្លួនពេលឃើញពួកគេផ្អែមល្ហែមគ្នានោះទៀតផង ហើយដើម្បីឆ្លើយតបទៅអ្នកផ្កែផ្កាដាក់នាងថាជាតារាអភ័ព្វស្នេហ៍នោះទើបពិធីការិនីតូចតន់រូបនេះត្រូវបង្ខំចិត្តបង្ហាញមុខគូស្នេហ៍នាពេលនេះតែម្ដង។ប៉ុន្ដែគ្មានដំណឹងស្រីស្អាតវ័យ៣១ឆ្នាំរូបនេះដឹកដៃគ្រូពេទ្យចូលរោងការឡើយ បើទោះជាមិត្តភក្ដិនាងជុំវិញខ្លួនចង់ឃើញនីរ័ត្ន គ្រងឈុតកូនក្រមុំមែនទែនក្ដី តែរហូតមកដល់ពេលនេះស្រីស្រស់ហាក់ត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិសោធន៍ស្នេហ៍លោកគ្រូពេទ្យ។

គូរបញ្ជាក់ថាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ នាងហ៊ិន ច័ន្ទនីរ័ត្ន បានបរាជ័យស្នេហាជាបន្ដបន្ទាប់រហូតមានអ្នកខ្លះថានាងជាតារាអភ័ព្វស្នេហ៍ទៀតផង។ប៉ុន្ដែស្រីស្អាតដូចនាងមិនខ្វះទេបុរសតាមស្នេហា តែមនុស្សប្រុសដែលអាចយកបានបេះដូងនាងគឺទាល់តែនាងមានអារម្មណ៍ស្នេហ៍ដែរទើបអាចទៅរួច ពោលគឺមិនមែនមានលុយហើយថ្ពក់បានបេះដូងនាងដោយងាយឡើយជាក់ស្ដែងមុនច័ន្ទនីរ័ត្ន ភ្ជាប់ស្នេហ៍ជាមួយលោកគ្រូពេទ្យនេះមានព័តមានថាមន្រ្ដីធំម្នាក់ជាអតីតសង្សារតារាហង្សមាសមួយដួងក៍ដាក់គោលដៅតាមប្រម៉ាញ់បេះដូងនាងដែរ តែទីបំផុតនីរ័ត្ន អត់ចាប់អារម្មណ៍តំណែងជំទាវលាក់មុខនោះទេ ហើយនាងពេញចិត្តលោកគ្រូពេទ្យដែលមានរូបរាងសង្ហារហើយមានជំនាញពិសេសចេះព្យាបាលបេះដូងនាងទៀតផង។យ៉ាងណាទស្សនិកជនរងចាំមើលថាតើច័ន្ទនីរ័ត្ន អាចគេចផុតពីដើរជាន់ដានស្នេហ៍ចាស់ដែរឬទេ?

