ភ្នំពេញ៖ស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានក្លាយទៅជាតារាផ្នែកយុវវ័យដែលលេចមុខច្រើនជាងគេតាមឆាកធំៗនិងស្ពតពាណិជ្ជកម្មជាច្រើនទើបធ្វើឲ្យនាងមានប្រៀបជាងគេក្នុងចំណោមអ្នកចម្រៀងវ័យក្មេងរបស់ហង្សមាស។ប៉ុន្ដែការចាប់អាជីពចម្រៀងជាង៦ឆ្នាំនេះស៊ូហ្សាណា មិនអាចស្ថិតក្នុងការប្រជែងតំណែងជាតួឯករបស់ហង្សមាសបាននៅឡើយ ព្រោះឱក សុគន្ធកញ្ញា,សុគន្ធ និសា ,សួស វីសា និងពេជ្រ សោភា នៅតែឈលំដាប់ខ្ពស់ជាងដដែល ។

ទោះជាយ៉ាងណាស៊ូហ្សាណា ដែលទើបមានអាយុ២២ឆ្នាំនោះនាងនៅមានឱកាសច្រើនឆ្នាំទៀតក្នុងការសាងកេរ្ដិ៍ឈ្មោះឲ្យល្បីល្បាញ នឹងអាចចូលទៅជំនួសរៀមច្បងនៅពេលដែលតារាលំដាប់ជូរមុខខាងលើរបស់ហង្សមាសមានវ័យកាន់តែចាស់។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាហ្សាណា ច្រៀងបទជាភាសារបរទេសល្អជាងខ្មែរ ហើយចំណុចពិសេស១ទៀតរបស់នាងគឺមានរូបសម្រស់ទាក់ទាញ។តារាជើងចាស់រូបនោះបន្ថែមថាស៊ូហ្សាណា ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការច្រៀងបទជាភាសារខ្មែរឲ្យបានល្អ ព្រោះបច្ចុប្បន្ននាងមិនអាចចូលទៅជំនួសតារាលំដាប់ជូរមុខរបស់ហង្សមាសបានទេ។

រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់ពេលនាងចូលច្រៀងឲ្យហង្សមាសជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយខ្លះថានាងបានតែរូបសម្រស់ស្អាត ច្រៀងមិនកើត…។ប៉ុន្ដែក្រោយស៊ូហ្សាណា ច្រៀងបទ”ឈប់”និងចេញបទ”សង្ស័យ”មកអ្នកថានាងសម្លេងស្ដាប់មិនចូលត្រចៀកនោះបែជាអាចស្ដាប់បទនាងបានបន្ដិចម្ដងៗវិញ ខណៈដែលរយៈពេលចុងក្រោយនេះស្រីស្អាតក្ដាប់បានទាំងទីផ្សារចម្រៀងផ្នែកយុវវ័យនិងស្ពតពាណិជ្ជកម្មធំៗពោលគឺអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។ស្រីស្រស់មានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះត្រូវបានគេប្រមាណថាសល់ទ្រព្យមិនក្រោមកន្លះលានដុល្លារឡើយក្នុងនោះកាលពីឆ្នាំ២០២០ នាងបានទិញផ្ទះ២ជុងតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ,ទិញរថយន្ដJeep Rubicon តម្លៃជិត៨ម៉ឺនដុល្លារ និងបើកហាងលក់សម្លៀកបំពាក់ជាដើម។

ប៉ុន្ដែអ្វីដែលស៊ូហ្សាណា ហាក់មានសំណាងជាងតារាស្រីស្អាតផ្សេងៗទៀតនោះគឺទម្ងន់នៃការសង្ស័យថានាងមានគូស្នេហ៍ឧបត្ថម្ភហាក់ស្រាល បើទោះជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នាងបានបញ្ចេញសញ្ញាមានសង្សារហើយក្ដី។ការដែលស៊ូហ្សាណា មិនសូវមានគេសង្ស័យថានាងមានអ្នកជ្រោមជ្រែងក្រោយខ្នងនោះក្រោយស្រីស្រស់រូបនេះធ្លាប់មានព័តមានថានាងត្រូវឪពុកម្ដាយព្រមានទុកជាមុនថាបើនាងប៉ៈរឿងអាស្រូវកេរ្ដិ៍នោះអាជីពសិល្បៈរបស់នាងនឹងត្រូវបញ្ចប់ ពោលគឺពួកគាត់មិនបណ្ដោយឲ្យនាងច្រៀងរាំតទៅទៀតឡើយ៕
