ភ្នំពេញ៖មាស សុខសោភា ដែលតាំងចិត្តថាត្រូវតែបំបែកឲ្យបានទីផ្សារចម្រៀងនៅឆ្នាំ២០២២ នេះទីបំផុតការតាំងចិត្តរបស់នាងមិនដូចបំណងទេ ព្រោះ១២ខែកន្លងផុតទៅពេលនេះចូលឆ្នាំ២០២៣ តែសោភា នៅតែមិនអាចធ្វើព្យុះភ្លៀងបានឡើយពោលគឺហាក់នៅទ្រឹង។ប៉ុន្ដែគេកត់សម្គាល់ថានៅមុនថ្ងៃឆ្លងឆ្នាំសាកល២០២២ ឈានចូល២០២៣ នោះសុខសោភា កាន់តែលេងខ្លួនស៊ិចស៊ីដើម្បីស្វាគមន៍ឆ្នាំថ្មីក្នុងនោះដូចជានាងហ៊ានស្លៀកឈុតសំពត់ខ្លី អាវវែនតាឡើងច្រៀងលើឆាកតន្រ្ដីតែម្ដងដែលការតែងខ្លួនបែបនេះអំឡុងពេលដែលសោភា នៅផលិតកម្មចាស់នាងមិនដែលហ៊ានធ្វើបែបនេះទេ។

ប៉ុន្ដែការស្លៀកពាក់របស់សោភា នៅតែត្រូវបានគេចាត់ទុកថានាងស៊ិចស៊ីត្រឹមជាលក្ខណៈសិល្បៈប៉ុណ្ណោះមិនមែនហួសហេតុឡើយ ព្រោះជាតារាល្បីម្នាក់បើធ្វើអ្វីដដែលៗនោះជាសត្រូវនៃអ្នកទស្សនា។ដោយឡែកសម្រាប់មហាជនវិញមើលឃើញច្បាស់ថាតាំងពីសុខសោភា ចូលរាមជិត២ឆ្នាំនេះអ្វីដែលនាងមានការផ្លាស់ប្ដូរគឺការតុបតែងខ្លួនមានដូចជាការស្លៀកពាក់ និងម៉ូដសក់ជាដើម តែចំពោះទីផ្សារចម្រៀងវិញសោភា មិនអាចធ្វើឲ្យមានការប្រែប្រួលបានឡើយពោលគឺបទចម្រៀងនាងមិនទាន់មានផ្ទុះខ្លាំងដូចកាលនាងនៅទ្រនុំចាស់នោះទេ។

ដោយឡែកផលិតកម្មដែលចាំត្រងយកសោភា ទៅធ្វើជាសមាជិករបស់ខ្លួនគឺមានហង្សមាស,ថោន និងGalaxy នោះកំពុងតែចាំអ៊ុតថាតើនៅខែកុម្ភៈឆ្នាំ២០២៣ តារាចម្រៀងសំនៀងផ្អែមរូបនេះនឹងបន្ដកុងត្រាថ្មីជាមួយរាម ឆ្នាំទី៣ទៀតឬយ៉ាងណា?ប៉ុន្ដែតាមក្រុមការងាររាម បានបង្ហើបថាសុខសោភា និងថៅកែស្រីផលិតកម្មនេះមានការរាប់អានគ្នាខ្លាំងណាស់ ហេតុនេះហើយគេជឿរថាទោះជាសោភា មិនសូវមានបទចម្រៀងល្បីៗដូចមុនក្ដី តែកិច្ចការរកស៊ីធំនេះធ្វើឲ្យអ្នកទាំងពីរមិនអាចខ្វះគ្នាបានឡើយ។ប្រភពបានឲ្យដឹងក្រៅពីក្លាយទៅជាតួឯករបស់រាម ផ្នែកចម្រៀងនោះសោភា នឹងត្រូវថៅកែលើកមួយក្រឺតទៀតតាមរយៈការធ្វើជាតួឯកក្នុងភាពយន្ដរបស់ផលិតកម្មនេះ ហេតុនេះហើយរាម ហាក់បានចងជើងនាងហាក់ជាប់ទៅហើយទើបអតីតតារាសាន់ដេរូបនេះអាចនឹងបន្ដផាត់ចោលហង្សតទៅទៀតជាមិនខាន ក្រោយនាងព្យាយាមគេចផលិតកម្មធំនេះជាង១០ឆ្នាំទៅហើយ។

គូរបញ្ជាក់ថាមាស សុខសោភា ធ្លាប់ប្រកាសថានៅដើមខែមករាឆ្នាំ២០២២ ជាពេលវេលាអំណោយផលរបស់នាងក្នុងការបញ្ចេញអ្វីថ្មីបំផុតដែលនាងពុំធ្លាប់បានបង្ហាញក្នុងអាជីពរយៈពេលជាង១០ឆ្នាំមកនេះ ប៉ុន្ដែការប្ដេជ្ញារបសសោភា នោះហាក់ធ្វើឲ្យFan ខ្លះមានការខកចិត្តទៅវិញ ព្រោះថាការនិយាយរបស់នាងមិនដូចការធ្វើដោយសារតែបទចម្រៀងសោភា នៅតែមិនទាន់មានផ្ទុះខ្លាំងដូចមុនរហូតមានការលើកឡើងថាសោភា ដែលជាគូប្រជែងដ៍ស្វិតស្វាញបំផុតជាមួយឱក សុគន្ធកញ្ញា រយៈពេលជាង១០ឆ្នាំទៅហើយនោះនៅទីបំផុតនាងមិនអាចវ៉ាសុគន្ធកញ្ញា ដែលមានស្វាមីនិងកូន១ដដែល។

ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាបើសោភា បន្ដច្រៀងនៅរាម នាងនឹងគ្មានបទចម្រៀងដើម្បីប្រកួតប្រជែងជាមួយហង្សមាស និងGalaxy នោះទេ ព្រោះថាផលិតកម្មនេះគេធ្វើជាព័ណសំបុររបស់គេ ហេតុនេះហើយបើនាងចង់ខ្លាំងដូចមុនឡើងវិញនោះត្រូវតែបើកផលិតកម្មផ្ទាល់ខ្លួនCamtrax ឲ្យតំណើរការជាថ្មីឬទៅច្រៀងនៅផលិតកម្មផ្សេងទើបអាចទៅរួច។ប៉ុន្ដែគេសង្កេតឃើញថាអំឡុងពេលដែលសោភា លែងសូវមានបទខ្លាំងៗដូចមុននេះទីផ្សារចម្រៀងរបស់នាងក៍នៅតែត្រូវប៉ាន់ដែរព្រោះនាងតែងតែលេចមុខតាមឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់ដែលនេះបញ្ជាក់ថាប្រាក់ចំណូលរបស់នាងមិនធ្លាក់ចុះឡើយ បើទោះជានៅតាមកម្មវិធីខ្លះនាងច្រៀងបទនៅផលិតកម្មចាស់ច្រើនជាងបទថ្មីៗក្ដី។

ក្រៅពីមាស សុខសោភា តារាស្រីដែលលែងសូវមានទីផ្សារចម្រៀងលោតទៅមុខទៀតនៅឆ្នាំ២០២២ មានដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,សុគន្ធ និសា ,វី ឌីណែត,និងសួស វីសា ជាដើម។ដោយឡែកសម្រាប់តារាដែលមានយ៊ីអ៊ុនគឺនាងតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ជាដើម។មហាជនរងចាំមើលថាតើនៅឆ្នាំ២០២៣ សុខសោភា នឹងរៀបក្បួនយ៉ាងណាខ្លះដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលែងជាប់គាំងដូចនៅឆ្នាំ២០២២ ?