ភ្នំពេញ៖ថៅកែផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានចេញមុខបញ្ចេញភាពយន្ដថ្មីរបស់លោកដាក់រោងកុនសារជាថ្មី បន្ទាប់ពីបានជាប់គាំងរយៈពេល៤ឆ្នាំដោយសារតែកូវីដ ហើយភាពយន្ដដែលលោកយកមកពញាក់អារម្មណ៍អ្នកគាំទ្ររបស់ផលិតកម្មលោកនាពេលនេះគឺរឿង”កៅអីចុងក្រោយ”ដែលបានថតរួចរាល់តាំងពីមុនផ្ទុះកូវីដម្លេះ ។លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានឲ្យដឹងថាភាពយន្ដនេះចំណាយទុនអស់៥ម៉ឺនដុល្លារក្នុងការផលិតហើយការថតមានការលំបាកច្រើនព្រោះប្លង់ភាគច្រើននៅក្នុងព្រៃឱរ៉ាល់ដោយមានឈុតឆាកខ្លះត្រូវថត១យប់ទល់ភ្លើក៍មានដែរ។



លោកអ៊ិន សុភិន បានឲ្យដឹងដែរថាសម្រាប់ឆ្នាំ២០២៣ នេះក្រៅពីដាក់បញ្ចាំងរឿង”កៅអី ចុងក្រោយ”មហាហង្សក៍មានរឿងដែលផលិតរួចហើយមាននៅក្នុងដៃមួយចំនួនទៀតដែលត្រៀមនឹងដាក់បញ្ចាំងក្នុងចន្លោះ២ខែម្ដងនោះមានដូចជារឿង”ផ្ទៃះតៃហោង”,”បេសកម្មស្នេហ៍”,”ផ្លូវងងិត”,”ឯកា”និងរឿង”កញ្ចក់”ជាដើម។ប៉ុន្ដែក្នុងចំណោមភាពយន្ដខាងលើនេះមានរឿង២ដែលលោកត្រៀមយកទៅប្រកួតក្នុងមហោស្រពភាពយន្ដនោះគឺរឿង”បេសកម្មស្នេហ៍”និងរឿង”ឯកា”។



រឿង”កៅអីចុងក្រោយ”មានមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជាលោករ៉ាសួន រ៉ាស៊ីនី,ភឹម តារាវិបុល,ហេង នរៈកក្កដា,ស្រេង រ៉ាន់,ចាន់ណា ចំណាន,អ្នកនាងភិន សុដាលីស,កញ្ញាសាយ ចាន់រាសី ,អាត គឹមអូន,ឈឹម អារីយ៉ា និងអ្នកនាងប៉េង ប៉ោង ជាដើម ដែលភាពយន្ដនេះបានធ្វើពិធីសម្ពោធនៅថ្ងៃទី២ មករា នៅរោងភាពយន្ដ Legend Tk នឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ តទៅនៅតាមបណ្ដាររោងកុនទំនើបៗនៅទី ក្រុងភ្នំពេញ។



អ្នកនាងភិន សុដាលីស ដែលជាតួអង្គសំខាន់ក្នុងរឿង”កៅអី ចុងក្រោយ”បានឲ្យដឹងថានាងពិតជារីករាយដែលភាពយន្ដខ្នាតធំមួយនេះ បានដាក់បញ្ចាំងនាពេលនេះព្រោះ ថារឿង នេះបានថតតាំងពី៤ឆ្នាំមុនម្លេះ។ដាលីស បន្ថែមថាសម្រាប់រូបនាងផ្ទាល់មានការនឹករលឹក ដល់Fan និងមិត្តរួមអាជីពណាស់ ព្រោះនាងខានបានថតរឿងថ្មីរយៈពេលជាយូខែមកហើយ ពោលគឺតាំងពីផ្ទុះកូវីដម្លេះ។ដាលីស ថាសម្រាប់រឿង”កៅអីចុងក្រោយ”នេះឈុតដែលនាងគិតថាពិបាកជាងគេគឺនៅពេលរត់ក្នុងព្រៃធ្លាក់រណ្ដៅជម្រៅ៣ម៉ែត្រ ដែលនោះគឺជាការធ្លាក់មែនទែនដោយគ្មានពួកឬអ្វីទ្រាប់នៅខាងក្នុងនោះទេ ហើយឥឡូវរឿងនេះចេញពីស្ដុកដែលផលិតទុកមួយអន្លើយកមកបញ្ចាំងហើយ ហេតុនេះសូមអ្នកគាំទ្រមហាហង្សក៍ដូចជាភាពយន្ដខ្មែរទៅទស្សនាទាំងអស់គ្នាដោយរីករាយ៕


