ភ្នំពេញ៖ព្រាប សុវត្ថិ បានផ្អាកចេញច្រៀងសម្ដែងជាមួយកូនៗរបស់លោកជាង២ឆ្នាំមកហើយ ពោលគឺតាំងពីលោកចាកចេញពីហង្សមាសទៅច្រៀងនៅGalaxy កាលពីខែសីហា ឆ្នាំ២០២០ ម្លេះដែលលោកសុវត្ថិ ច្រៀងតែឯងៗ ធ្វើឲ្យកូនកំលោះរូបសង្ហាររបស់លោកមិនសូវលេចធ្លោដូចមុននោះទេ។ប៉ុន្ដែកាលរាត្រីថ្ងៃទី៣១ ធ្នូ ក្នុងការប្រគុំតន្រ្ដីរបស់ស្រាបៀរ១ដើម្បីអបអរឆ្នាំចាស់២០២២ ផ្លាស់ចូលឆ្នាំថ្មី២០២៣នោះគេឃើញលោកព្រាប សុវត្ថិ និងកូនទី១របស់លោកគឺសុវត្ថិ មុនីវណ្ណ បានច្រៀងចាប់ដៃគ្នាជាឪពុកកូនឡើងវិញ ដែលធ្វើឲ្យមានការចាប់អារម្មណ៍សារជាថ្មីពីសំណាក់Fan របស់លោកឧកញ៉ាសុវត្ថិ និងកូនលោក។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះលោកសុវត្ថិ បានយកបទល្បីៗចាស់របស់លោកច្រៀងឡើងវិញដោយគ្រាន់តែកែភ្លេងថ្មី ហើយច្បាស់ណាស់ថាបើតារាវ័យ៤៨ឆ្នាំរូបនេះនៅតែបន្ដការចាប់ដៃកូនប្រុសលោកច្រៀងតាមឆាកតន្រ្ដីទាំងឡាយនោះគឺកូនៗលោកនឹងឡើងកូដដូចមុនឡើងវិញជាមិនខាន។

សូមបញ្ជាក់ថាការដែលលោកព្រាប សុវត្ថិ ទើបតែផ្ដើមចាប់ដៃកូនប្រុសលោកច្រៀងតាមឆាកម្ដងទៀតនេះគឺបន្ទាប់ពីសុវត្ថិ មុនីវណ្ណ បានប្រកាសកាលពីពេលថ្មីៗនេះថាលោកបានផុតកុងត្រាជាមួយហង្សមាសទៅហើយ នឹងត្រៀមបញ្ចេញស្នាដៃថ្មីនៅឆ្នាំ២០២៣ នេះតែមុនីវណ្ណ មិនប្រាប់ថារូបគេទៅច្រៀងនៅផលិតកម្មណានោះទេ ខណៈដែលទស្សនិកជនសង្ស័យថាកូនទី១របស់លោកសុវត្ថិ នឹងទៅផ្ដើមអាជីពថ្មីជាមួយឪពុកគេនៅGalaxy ។ប៉ុន្ដែទាក់ទងរឿងនេះអ្នកនាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy បានប្រាប់មុននេះថាមិនអាចប្រាប់បានទេថាសុវត្ថិ មុនីវណ្ណ នឹងចូលផលិតកម្មនេះដូចទស្សនិកជនសង្ស័យមែនឬយ៉ាងណានោះ តែទាំងរូបនាងឬGalaxy គឺពិតជាចាប់អារម្មណ៍តារាចម្រៀងដែលមានសម្ថភាពដូចមុនីវណ្ណ មែន។

គូរកត់សម្គាល់ថាលោកព្រាប សុវត្ថិ បានបណ្ដុះកូនៗរបស់លោកឲ្យចេះច្រៀងសម្ដែងតាំងពីពួកគេនៅតូចៗម្លេះ ទើបធ្វើឲ្យកូនៗលោកទាំង៣ត្រូវហង្សមាសទទួលយកធ្វើជាតារាចម្រៀងរបស់ផលិតកម្មធំនោះកាលពីឆ្នាំ២០១៧ ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀង។ប៉ុន្ដែក្រោយលោកសុវត្ថិ ដើរចេញពីហង្សមាសទៅGalaxy នោះមកធ្វើឲ្យកូនៗលោកសុវត្ថិ ស្ងាត់លែងសូវលេចធ្លោហើយពេលនេះក្នុងចំណោមកូនទាំង៣របស់លោកគឺមាន២នាក់បានចេញពីហង្សមាសទៅហើយនោះគឺកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ ខណៈដែលមានការសង្ស័យថាកូនទី២របស់លោកសុវត្ថិ គឺសុវត្ថិ មុនីនាគ ក៍អាចដើរតាមបងនិងប្អូនៗរបស់ពួកគេដែរ បើទោះជាពេលនេះមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនជាផ្លូវការក្ដី។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាការដែលព្រាប សុវត្ថិ និងកូនច្បងលោកចេញមុខច្រៀងសម្ដែងរួមគ្នាជាថ្មីនេះជាសញ្ញាមួយបង្ហាញថាលោកសុវត្ថិ អាចនឹងមានភាគរយខ្ពស់ក្នុងការយកកូនទី១របស់លោកចូលGalaxy ជាមិនខាន ទោះអ្នកនាងសុជាតា មិនទាន់ទទួលស្គាល់រឿងនេះក្ដី ប៉ុន្ដែផលិតកម្មជើងថ្មីតែចាយលុយធំរូបនេះនៅតែត្រូវការចង់បានតារាល្បីៗបន្ថែមទៀតដើម្បីផ្គុំធ្វើConcerts ដោយខ្លួនឯង ប្រជែងជាមួយផលិតកម្មដ៍ទៃ។ការដែលលោកឧកញ៉ាសុវត្ថិ ចាប់ផ្ដើមឡង់សេកូនលោកឡើងវិញនេះដែរគឺស្របគ្នាទៅនិងអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាភាពស្ងប់ស្ងាត់របស់លោកសុវត្ថិ និងកូនៗលោកកន្លងមកនោះលោកជឿរថាឪពុកកូនរបស់គេនឹងចេញមុខរួមគ្នាឡើងវិញជាមិនខានដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជនសារជាថ្មី ឥឡូវនេះគឺជាការពិតមែន។តែអ្នកខ្លះឆ្ងល់ថាហេតុអីលោកសុវត្ថិ មិនធ្វើបទថ្មីៗច្រៀងជាមួយកូនតែម្ដងទៅ?

ក្រៅពីព្រាប សុវត្ថិ តារាដែលកំពុងតែបណ្ដុះកូនឲ្យស្នងអាជីពរបស់ខ្លួននោះមានដូចជាលោកហួ ឡាវី ,ខាន់ ជេមស៍,កែវ កល្យាណ,ចន ច័ន្ទ និងម៉េង កែវពេជ្ជតា ជាដើម។សម្រាប់លោកព្រាប សុវត្ថិ វិញបានអះអាងប្រាប់អ្នកកាសែតមុននេះថាកូនៗលោកសុទ្ធតែមានដុងពីសិល្បៈ ហេតុនេះមិនអាចបោះបង់ចោលនូវទេពកោសល្យរបស់ពួកគេបានទេ គឺត្រូវតែបញ្ចេញនៅពេលវេលាសមស្រប១ ព្រោះថាអ្វីៗបានត្រៀមមាននៅក្នុងដៃអស់ទៅហើយ។

ប៉ុន្ដែសម្រាប់មហាជនវិញលើកឡើងថាពួកគេនៅតែមើលមិនទាន់ឃើញច្បាស់ថាក្នុងចំណោមកូនទាំង៣របស់លោកសុវត្ថិ តើ១ណានឹងអាចស្នងតំណែងលោកបាននាពេលអនាគតឡើយ ព្រោះពួកគេសុទ្ធតែនៅក្មេងមានពេលវេលាច្រើនទៀត ខណៈដែលពេជ្រ សោភា ធ្លាប់អះអាងថាតាមនាងអង្កេតមើលកូនទី២របស់លោកសុវត្ថិ គឺសុវត្ថិ មុនីនាគ អាចស្នងឪពុករបស់គេបាននៅថ្ងៃខាងមុខ ព្រោះកំលោះសង្ហាររូបនេះពេលខ្លះច្រៀងបទពុកគេសម្លេងស្ទើតែច្រឡំគ្នា៕
