ភ្នំពេញ៖សួស វីសា ក្រោយចុះពីឆាកតន្រ្ដីកាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៣ នៅមុខវត្តបទុមវតីនាងបណ្ដើរប្ដីនិងដឹកដៃកូនស្រីហោះទៅប្រទេសសាំងហ្គាពួរដើម្បីឆ្លងឆ្នាំសាកល២០២២ ឈានចូល២០២៣ ដែលនេះជាការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ក្រោយពួកគេក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ជាង៣ឆ្នាំនិងទទួលបានកូនស្រី១អាយុជាង២ឆ្នាំ។ការឡើងឆាកតន្រ្ដីដូចមុន និងហោះទៅលំហែកាយ៉ានៅបរទេសជាបន្ដបន្ទាប់របស់វីសា នាពេលនេះបញ្ជាក់ថាសា្ថនភាពសុខភាពនាងដែលឈឺបំពង់កជិត២ឆ្នាំកន្លងមកនោះ ពេលនេះបានប្រសើរជាងមុនច្រើនហើយ ក្រោយនាងទៅជួបពេទ្យថៃចុងក្រោយកាលពីថ្ងៃទី១៥ វិច្ឆិកា ព្រោះបើនៅតែធ្វើទុក្ខដូចមុនច្បាស់ជានាងមិនអាចឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និងចេញទៅក្រៅប្រទេសដោយរីករាយដូចជានៅពេលនេះបានឡើយ។

ក្រៅពីសួស វីសា តារាដែលចេញទៅដើរលេងនៅក្រៅស្រុកអំឡុងឆ្លងឆ្នាំសាកលឆ្នាំនេះមានដូចជាអ្នកនាងគង់ សុជាតិ នាំប្ដីទៅវៀតណាម និងនាងគង់ ច័ន្ទស្រីមុំ ដឹកដៃប្ដីទៅជប៉ុនជាដើម ខណៈដែលតារាមួយចំនួនទៀតជាប់ការងារក្នុងស្រុកបានជ្រើសរើសតំបន់លំហែយនៅក្រុងព្រះសីហនុ និងកោះកុងជាដើម។ចំពោះវីសា វិញនាងធ្លាប់ទៅដើរលេងនៅបរទេសជាច្រើនលើកច្រើនសារមកហើយក្នុងនោះដូចជាក្រោយរៀបការកាលពីចុងឆ្នាំ២០១៩ នោះនាងបានដឹកដៃប្ដីទៅក្រេបចន្ទទឹកឃ្មុំនៅបារាំង និងទៅលេងនៅប្រទេសថៃជាញឹកញាប់ផងដែរ។ប្ដីប្រពន្ធតារា១គូនេះមានជីវភាពធូធាខ្លាំងព្រោះក្រៅពីអាជីពសិល្បៈពួកគេរកស៊ីលក់អ៊ឺវ៉ាន់តាមOnline និងលក់ដីធ្លីជាដើមទើបវីសា-ថមមី រស់នៅផ្ទះវីឡារនិងជិះរថយន្ដថ្លៃៗ។ប៉ុន្ដែវីសា នៅមានក្ដីសុបិនធំ១ទៀតដែលមិនទាន់ក្លាយទៅជាការពិត នោះគឺនាងចង់ជិះរថយន្ដម៉ាកRolls Royce ដែលបំណងនេះគេជឿរថាមិនយូទេស្វាមីនាងនឹងបំពេញឲ្យនាងជាមិនខាន។

សូមបញ្ជាក់ថាសួស វីសា ក៍ដូចជាតារាមានស្វាមីនិងកូនផ្សេងៗទៀតដែរ ពោលគឺនាងមិនសូវលេចធ្លោក្នុងអាជីពចម្រៀងដូចកាលនៅលីវនោះទេ ប៉ុន្ដែតាមកម្រិតជីវភាពរបស់វីសា នាពេលនេះនាងនិងស្វាមីមិនពឹងទាំងស្រុងលើអាជីពសិល្បៈឡើយ។គេចាំមើលថាតើវីសា បានជាសះស្បើយពីជំងឺរលាកបំពង់កកម្រិតធ្ងន់នឹងអាចប្រកបអាជីពចាស់បានដូចដើមបានដែរទេ ខណៈដែលពេទ្យថៃធ្លាប់ព្រមាននាងថាបើមិនទាន់ជាហាមដាច់ខាតក្នុងការប្រើសម្លេង។ ប៉ុន្ដែវីសា មិនអាចពន្យាពេលតទៅទៀតបាននោះឡើយ ព្រោះថាការបាត់មុខពីឆាកតន្រ្ដីជិត២ឆ្នាំកន្លងមកធ្វើឲ្យនាងប្រឈមធ្លាក់កូដខ្លាំងមិនធ្លាប់មានក្នុងអាជីព៕

