Saturday, September 21, 2024
Homeតារាខ្មែរពៅ លីដា ៖ធ្វើបុណ្យធំ ជូនអ្នកមានគុណ

ពៅ លីដា ៖ធ្វើបុណ្យធំ ជូនអ្នកមានគុណ

ភ្នំពេញ៖តារាសម្ដែងពៅ លីដា និងប្អូនប្រុសនាងលោកពៅ ពិសិដ្ឋ និងកញ្ញាពៅ មករា បានរៀប​ចំ​ធ្វើបុណ្យ​បច្ច័យបួន ចម្រើនព្រះជន្ម ស្រោចស្រពព្រះសុគន្ធវារី និងឆាកមហា​បង្សុ​កូល ជូន​ឧបាសិកាហ៊ែល គឹមយ៉េត ,លោកឪពុកធំអោក មឿន  ,អ្នកម្ដាយឈិត សារ៉ាត់ ហៅ​ស្រី និង​ឧទ្ទិ​សមហាកុសលដល់ញាត្តិមិត្តទាំង៧សន្ដាន ដែលពិធីនេះរៀបចំកាលពីថ្ងៃ​ទី៥ខែ​មករា ឆ្នាំ​២០២២នៅផ្ទះលេខ២០-២២ ក្នុងបុរីជីពម៉ុង ផ្លូវជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ​ ខណ្ឌ​ឬស្សី​កែវ រាជធានីភ្នំពេញ ។

 ពៅ លីដា បានឲ្យដឹងថានាងសប្បាយចិត្ដណាស់បានធ្វើ​បុណ្យជូនអ្នកមាន​គុណ​ដែល​ពិធីនេះធ្វើ​ទៅតាម​ក្បួន​ខ្នាតត្រឹមត្រូវទាំងអស់ អត់មានរំលងត្រង់ចំណុចណានោះទេ​។តា​រា​សម្ដែងរូបស្រស់រូបនេះ​ថាការ​គម្រោង​ធ្វើ​បុណ្យនេះមាន​ជាយូខែមកហើយតែការសម្រេចគឺ​ទើប​តែ​រយៈពេល១ខែចុងក្រោយនេះប៉ុណ្ណោះ ហើយក្នុង​នាម​សិល្បករម្នាក់នាងសូមផ្ដាំផ្ញើរ​ដល់បង​ប្អូនថា”ធ្វើបុណ្យទាន់ខែភ្លឺ”គឺល្អបំផុត ព្រោះបើអ្នកមានគុណយើងដេកដួល ញាំលែង​បាន​ហើ​យ​​ទើបធ្វើបុណ្យគឺមានន័យថាយឺតពេលទៅហើយ​ អីចឹងបើចង់សងគុណពួក​គាត់គូរ​ធ្វើអ្វីដែល​ល្អៗទាន់គាត់នៅឃើញ ស្ដាប់បាន ញាំឆ្ងាញ់។

 ដោយឡែកលោកពៅ ពិសិដ្ឋ វិញក៍បង្ហាញអារម្មណ៍រំភើបដែលលោកបានធ្វើ​បុណ្យឲ្យ​អ្នកមានគុណ​សម្រេចដូច​បំណងនាពេលនេះដែរ ដែលលោកអះអាងថាពិធីនោះបានរៀប​ចំ​តាម​បែបព្រះពុទ្ធសាសនាទាំងអស់ ហើយក៍​មានពិធីសុំខាមាទោសដល់មានគុណ​ផងដែរ ប្រសិនណាលោកក៍ដូចជាកូនចៅធ្វើអ្វីខុសឆ្គង។ លោកពិសិដ្ឋ ក៍​មិន​​ខុសពីលីដា ដែរដោយ​បានផ្ដាំដល់ប្អូនៗយុវវ័យថាកុំចាំដល់អ្នក​មានគុណដេកក្រោក​លែងរួច​ហើយទើបចង់​ធ្វើបុណ្យ​នោះគឺហួសពេលហើយ ហេតុនេះលោកថាទោះរវល់យ៉ាងណាគូតែ​ធ្វើឬតបស្នងឲ្យទាន់​ពេល​ដែល​អ្នក​មានគុណនៅញាំឆ្ងាញ់ ដើរបាន ស្ដាប់ឭ គឺដូចជាលោកបានត្រៀមរៀប​ចំពិធីនេះ​ជា​យូខែណាស់មកហើយ គឺទើប​តែពេលនេះធ្វើបានដូច​បំ​ណង​​​ធ្វើឲ្យលោកមានអារម្មណ៍​ស្រស់​ថ្លាក្នុងចិត្ត។

 ពៅ លីដា បន្ថែមថាទាំងរូបនាងនិងប្អូនប្រុសតាមពិតម្ដាយនាង​ចង់ឲ្យធ្វើជាតារា​ចម្រៀ​ងទេ ប៉ុន្ដែឱកាស​និងពេល​វេលាធ្វើឲ្យនាងនិងប្អូនក្លាយជាតារាសម្ដែង ហើយម្ដាយនាង​ក៍ស​ប្បាយចិត្ត។នាងថាបានផ្អាកការងារ​សិល្បៈ​រយៈ​ពេល២ឆ្នាំព្រោះតែពត់ធ្មេញ និងកូវីដ២ឆ្នាំ សរុបខាតពេលអស់៤ឆ្នាំ ប៉ុន្ដែចាប់ពីពេលនេះតទៅ​នាងទទួលការងារ​សិល្បៈដូច​ដើមឡើង​វិញហើយ។ដោយឡែកលោកពៅ ពិសិដ្ឋ ដែលជាតារាសម្ដែងនិងពិធីករផងនោះបាន​ឲ្យដឹង​ថា​លោកកំពុងថតភាពយន្ដបែបប្រវត្តិសាស្រ្ដមួយឲ្យហង្សមាស ប៉ុន្ដែមិនទាន់បានប្រាប់ឲ្យម្ដាយ​ដឹង​រឿងនោះទេ គឺចាំពេលភាពយន្ដនោះចេញនឹងSurprise គាត់តែម្ដង។យ៉ាងលោក​ពិសិដ្ឋ បង្ហើបថាភាពយន្ដដែល​លោកមាន​មោទ​នភាពក្នុងការសម្ដែងនោះគឺ​រឿង”ជ័យវរ្ម័នទី៧”។

 ពៅ លីដា មិនប្រាប់ពីហ៊ុំទឹកប្រាក់ដែលនាងចំណាយលើពិធីបុណ្យរបស់​នាងជួនអ្នក​មាន​​គុណនោះទេ ប៉ុន្ដែ​នាង​ថា​បានរៀបចំដល់ទៅ៧០តុ ។គេឃើញតារារួមអាជីព​ជា​ច្រើន​បានមកចូលរួម ព្រោះលីដា និងប្អូនប្រុសរួម​ទាំង​ម្ដា​យ​នាងតែងតែចូលរួមទៅកម្មវិធីអ្នក​សិ​ល្បករ​ស្ទើតែគ្រប់កម្មវិធី ហេតុនេះហើយបានជាគេ​ចូលចិត្តរាប់អាន​នាង​និង​គ្រួសារ៕

RELATED ARTICLES