ភ្នំពេញ៖អ្នកចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន បានដឹកដៃភរិយារូបស្រស់អ្នកនាងកាមក ពីបារាំងដល់ខ្មែរវិញហើយនៅថ្ងៃទី៥ ធ្នូ បន្ទាប់ពីអ្នកទាំងពីរបានផ្ញើរខ្លួននៅអាមេរិកនិងបារាំងសរុបអស់២ខែគត់ពោលគឺចេញតំណើរកាលពីថ្ងៃទី៤ តុលា ។ការទៅក្រៅស្រុករបស់ខេម ជើងនេះគឺព្រួញ១បាញ់បានសត្វ២ ព្រោះលោកសុណារិន បានចេញច្រៀងសម្ដែងជាច្រើនលើកនៅអាមេរិកដែលអាចរកលុយបានពីក្រៅស្រុកផង និងរឹតចំណងស្នេហាជាមួយអ្នកនាងកា ឲ្យកាន់តែរឹងមាំថែមទៀតផងដែរតាមរយៈតំណើរកម្សាន្ដជាច្រើនកន្លែង ក្រោយអ្នកទាំងពីរបានចាប់ដៃគ្នាជាង៧ឆ្នាំ តែមិនទាន់បានរៀបការតាមប្រពៃណីខ្មែរ។ដោយឡែកការមិនអាចពន្យាពេលនៅបរទេសបានតទៅទៀតរបស់ខេម នាពេលនេះគឺដោយសារតែនៅក្នុងស្រុកមានConcerts ច្រើននារដូវក្ដៅនេះ ហេតុនេះហើយទើបតារាGalaxy ប្រញ៉ាប់វិលត្រឡប់មករកលុយក្នុងស្រុកវិញម្ដងឲ្យទាន់ពេលវេលា។

គូរបញ្ជាក់ថាខេម ត្រូវបានគេមើលឃើញថាលោកបានឈនៅលំដាប់ទី២របស់Galaxy ព្រោះថាលោកឧកញ៉ាព្រាប សុវត្ថិ គឺជាតួឯក ហើយលោកសុណារិន ធ្លាប់និយាយថាមានអ្នកខ្លះថាលោកចាត់ទុកលោកសុវត្ថិ ជាឆ្អឹងទទឹងក ព្រោះតែរឿងនេះ តែតាមពិតគ្មានរឿងបែបនេះឡើយព្រោះតារាផលិតកម្មនេះស្រលាញ់គ្នាដូចបងប្អូន។ដោយឡែកមជ្ឈដ្ឋានមហាជនវិញមើលឃើញថាខេម មិនត្រឹមតែពិបាកប្រជែងតំណែងជាតួឯករបស់Galaxy នោះទេ ប៉ុន្ដែលោកសុណារិន ថែមទាំងអាចផ្លោះទៅលំដាប់តារាទី៣របស់ផលិតកម្មនេះផងដែរ ព្រោះថ្មីៗនេះមានព័តមានថាលោកខែម ប៊ុនថៃ ក៍អាចនឹងចូលរួមជាមួយផលិតកម្មជើងថ្មីហ៊ានចាយលុយធំនេះដែរ ក្រោយអតីតតារាU2 អស់កុងត្រាជាមួយហង្សមាស។

គេថាបើខេម ប៉ៈព្រាប សុវត្ថិ ផង ខែម ប៊ុនថៃ ផងនោះធ្វើឲ្យលោកកាន់តែចង្អៀតបន្ដិចជាមិនខាន ដែលខុសពីកាលនៅថោន លោកសុណារិន គឺជាតួឯកទោលតែម្នាក់ឯង។យ៉ាងណាតាមប្រភពថាខេម នឹងត្រូវផលិតកម្មតម្រូវឲ្យចាប់ដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា ច្រៀងសម្ដែងជាដៃគូច្រើនបទឡើងវិញ បន្ទាប់ពីលោកព្រាប សុវត្ថិ ឡើងជាឧកញ៉ាចាប់ផ្ដើមរយាលៗពីការរាំច្រៀងនោះ។ដោយឡែកអ្នកជំនាញសិល្បៈធ្លាប់ប្រាប់ថាទោះជាGalaxy ទិញតារាប្រុសណាចូលទៀតក៍ខេម នៅតែស្ថិតក្នុងចំណោមតារាសំខាន់របស់ផលិតកម្មនេះដែរ ព្រោះថាលោកមានស្ទីលច្រៀងស្អកពិរោះ ដែលគ្មានតារាណាអាចដណ្ដើមតំណែងលោកបានឡើយ៕


