ភ្នំពេញ៖ពេជ្រ សោភា បានក្លាយទៅគូដណ្ដឹងរបស់លោកឆឹម សក្កដា ជាង១ខែទៅហើយក្រោយពួកគបានភ្ជាប់ពាក្យដ៍គូឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២ ។គ្រាន់តែក្លាយទៅជាគូដណ្ដឹងគ្នាស្របច្បាប់នេះភ្លាមសោភា ចប់ផ្ដើមជួយយឹតយោងអនាគតស្វាមីតាមរយៈការដឹកដៃឲ្យលោកសក្កដា ច្រៀងតាមឆាកធំៗដូចជានៅថ្ងៃឆ្លងឆ្នាំសាកល២០២២ ឈានចូល២០២៣ សោភា នាំបុរសដែលនាងហៅថាជា”មិត្តភក្ដិ”នេះច្រៀងឆ្លងឆ្លើយជាមួយនាងដែលរូបភាពនេះលោកសក្កដា មិនធ្លាប់បានជួបប្រទះពីមុនឡើយ បើទោះជាលោកជាអ្នកចម្រៀងនៅថោន ម្នាក់ក្ដី។សកម្មភាពបែបនេះរបស់សោភា ច្បាស់ណាស់ថានាងចង់យឹតយោងគូដណ្ដឹងឲ្យកាន់តែល្បីនឹងកើនប្រាក់ចំណូលថែមទៀតពោលគឺប្រៀបបាន”សំណាបយោងដី ស្រ្ដីយោងបុរស”។ប៉ុន្ដែយ៉ាងណាសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយោងថានាងគ្មានបំណងជួយអន្ដរាគមន៍ជួយលោកសក្កដា ឲ្យក្លាយទៅជាតារាចម្រៀងហង្សមាសដូចដែលនាងធ្លាប់ជួយងួន ចាន់ដេវីត នាពេលកន្លងមកឡើយ។

មហាជនបានមើលឃើញថាពេជ្រ សោភា-ឆឹម សក្កដា នាពេលនេះប្រៀបបានគ្រួសារតែមួយទៅហើយគឺរកលុយរួមគ្នា ហើយគ្មានអ្វីចម្លែកទេបើពួកគេនឹងរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធមុនរៀបការ ដូចគូស្នេហ៍តារាមួយចំនួនទៀតដែលខ្លះមិនទាំងធ្លាប់ភ្ជាប់ពាក្យផង ស្រាប់តែមានកូននោះ។ប៉ុន្ដែសោភា បែជាប្រាប់អ្នកយកព័តមានយើងមុននេះនូវចម្លើយដ៍គូឲ្យភ្ញាក់ផ្អើលថានាងនៅគេងផ្ទះនាង ចំណែកលោកសក្កដា គេងផ្ទះលោក ពោលគឺមិនអាចឆ្វេចឆ្វាចបាននោះទេ ខ្លាចម៉ាក់ដឹងម៉ាក់វ៉ៃ ។តែគេនៅមិនដឹងពីមូលហេតុអ្វីដែលនាំឲ្យសោភា តឹងតែងដាក់គូដណ្ដឹងដល់ម្លឹងនោះទេ ខណៈដែលលោកសក្កដា បានថ្នមចិត្តសោភា ដូចកែវភ្នែករហូតមានយប់ខ្លះលោកចំហុយទឹកត្រចៀកកាំឲ្យសោភា ញាំប៉ូវកំលាំងទាំងយប់អាទ្រាធទៀតផង។

គូរបញ្ជាក់ថាពេជ្រ សោភា បានទុកជីវិតជាស្រ្ដីមេម៉ាយជិត៦ឆ្នាំ ក្រោយនាងចែកផ្លូវជាមួយអតីតប្ដីលោកឡៅ ឆលី អាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងងាកមកភ្ជាប់ស្នេហ៍ជាមួយលោកឆឹម សក្កដា នេះត្រូវបានគេសង្ស័យថាពួកគេសាងស្នេហ៍”ក្លែងក្លាយ” ក្រោមហេតុផលថាកន្លងធ្លាប់លេចឭថាថាគូដណ្ដឹងសោភា មានប្រុសតាមស្នេហាច្រើនជាងស្រី។ប៉ុន្ដែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ព្រោះសោភា បានអះអាងថានាងនឹងរៀបការជាមួយលោកសក្កដា នៅឆ្នាំ២០២៣ ខាងមុខនេះដែលនឹងមានតារាល្បីៗរាប់រយដួងចូលរួមធ្វើជាសាក្សី តែនាងមិនទាន់ប្រាប់មុនថាធ្វើនៅថ្ងៃខែណាឡើយ ព្រោះចង់ឲ្យFan របស់នាងSurprise ៕


