ភ្នំពេញ ៖ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស តារាសម្តែងល្បីឈ្មោះ បានប្រកាសច្រៀងមិនយកប្រាក់ខែឲ្យតែអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ផ្តល់ឱកាសឲ្យនាងចូលក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ដោយសារនាងស្រឡាញ់ផ្នែកចម្រៀងនេះ។ កញ្ញា រ៉ូស បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ថា «ខ្ញុំចង់ចូលផលិតកម្ម galaxy Navatra ច្រៀងសង្ឃឹមថាខាងផលិតកម្ម បានឃើញ អាចផ្តល់ឱកាសឲ្យខ្ញុំបានចូលច្រៀងផង ព្រោះខ្ញុំស្រលាញ់ខាងចម្រៀងខ្លាំងណាស់។
ខ្ញុំសង្ឃឹមថា ខាងផលិតកម្ម galaxy Navatra នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលច្រៀង។ ខ្ញុំសង្ឃឹមថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលច្រៀងផងចុះ។ ខ្ញុំចូលច្រៀង ដោយមិនយកប្រាក់ខែទេសំខាន់ការងារដែលខ្ញុំស្រលាញ់ ខ្ញុំចង់ច្រៀង»។ ជុំវិញការប្រកាសច្រៀងមិនយកប្រាក់ខែ ឲ្យតែបានឲ្យចូលផលិតកម្មហ្គាឡាក់ស៊ី នេះ គិតត្រឹមល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅមិនទាន់មានការឆ្លើយតបពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅឡើយទេ។
គួរបញ្ជាក់ថា កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ជាតារាសម្តែងដែលមានទស្សនិកជនស្គាល់ច្រើន បន្ទាប់ពីនាងបានសម្តែងចម្រៀងកាយវិការ ក្នុងឈុតឆាកថើបបឺតមាត់ស្តែងៗ ជាមួយតួសម្តែងប្រុសម្នាក់ រហូតផ្ទុះការរិះគន់ពីទស្សនិកជន ដែលធ្វើឲ្យនាងនិងតួប្រុសនោះ ចេញមុខបកស្រាយរៀងៗខ្លួន ជាហេតុនាំឲ្យបានមានភាពល្អក់កករនឹងគ្នាទៀតផង ដោយសារតែ រ៉ូស បានចោទប្រកាន់ថា តួប្រុសម្នាក់នោះ សម្តែងលើស កេងចំណេញលើនាង។ ប៉ុន្តែទោះបីជាយ៉ាងណា តាមរយ:ការសម្តែងឈុតឆាកស្នេហានោះ ក៏បានធ្វើឲ្យកញ្ញា រ៉ូ មានឈ្មោះល្បី ត្រូវបានទស្សនិកជន មហាជន ស្គាល់នាងច្រើន ខណ:ដែលពីមុនមិនសូវមានគេស្គាល់ ទោះបីនាងជាតារាសម្តែងមួយរូបដែលតែងចូលរួមការងារមនុស្សធម៌ ចុះចែកអំណោយដល់ជនចាស់ជរា ក្រីក្រ កុមារកំព្រាជាញឹកញាប់ក៏ដោយ៕