ភ្នំពេញ៖អ្នកនាងលី ម៉ារីណា បានឲ្យដឹងថានៅឆ្នាំ២០២៣នេះនាងមានអាយុគម្រប់៤៣ឆ្នាំទៅហើយ ខណៈនាងមានចម្ងល់ខ្លួនឯងថាហេតុអីបានជាពេលនាងចាស់ទៅ អត់សំណាងដូចគេ?ម៉ារីណា មិនបញ្ជាក់ថាតារាណាខ្លះរួមជំនាន់ដែលនាងចង់សំដៅថាពេលចាស់ទៅពួកគេមានសំណាងជាងនាងនោះទេ ប៉ុន្ដែការថ្លែងបែបនេះរបស់នាងគឺច្បាស់ណាស់ថាតារាកូន១តូចចិត្តដែលប្រឹងសន្សំទ្រព្យតាំងពីនៅលីវទុកសម្រាប់ពេលចាស់ទៅ ប៉ុន្ដែពេលបែកបាក់ស្វាមីលោកសាត ចាន់ថន កាលពីខែកុម្ភៈឆ្នាំ២០២២ នោះនៅខែឧសភា ឆ្នាំដដែលនាងបានចោទអតីតប្ដីថាបានលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួនទើបធ្វើឲ្យពេលនេះនាងជួបការប្រឈមលំបាកក្នុងជីវិតនិងតូចចិត្តតែម្នាក់ឯង ព្រោះទោះជានាងសុំអង្វរប្ដីឲ្យយកទ្រព្យទាំងនោះមកប្រគល់ឲ្យនាងវិញយ៉ាងណាក៍ដោយ តែលោកចាន់ថន មិនអើរពើរនោះទេ។

លី ម៉ារីណា ប្រាប់ថា”ខ្ញុំបានសុំឲ្យគាត់យកគ្រឿងអលង្ការដែលគាត់លួចនោះយកមកឲ្យខ្ញុំវិញផង ប៉ុន្ដែគាត់មិនឆ្លើយ និងគ្មានសញ្ញាថាខ្ញុំអាចយកទ្រព្យរបស់ខ្ញុំមកវិញទេ។ដោយសារតែជួបរឿងអីចឹងបានជាខ្ញុំឆ្ងល់ខ្លួនឯងថាម៉េចបានពេលចាស់ទៅអត់មានសំណាងដូចគេ?”។

លី ម៉ារីណា ថាតាំងពីស្វាមីលួចទ្រព្យអស់ពីខ្លួននោះមកនាងបានកើតជំងឺបាក់ទឹកចិត្តខ្លាំងនិងស្ដេសទៀតផង ប៉ុន្ដែពេលនាងទៅធ្វើការងារសិល្បៈឲ្យគេគឺត្រូវតែបំពេញតួនាទីញញឹមជានិច្ច ទាំងចិត្តនាងមានទុក្ខសោកនិងស្រណោះអាលោះអាល័យទ្រព្យដែលខំសន្សំទុកជាយូមកហើយ ត្រូវគេលួចអស់។ប៉ុន្ដែនាងថាទោះជាហត់នឿយយ៉ាងណាក៍ពេលនាងចូលមកដល់ផ្ទះវិញឃើញកូនមានកំលាំងចិត្តតែម្ដង ដែលពេលខ្លះជីវិតនាងដូចជាការសម្ដែងពោលគឺរីករាយតែក្នុងរឿងគ្រាន់តែដើម្បីជាការបិតបាំងការពិបាកចិត្តខ្លួនឯងប៉ុណ្ណោះ។

ឆ្លើយតបសំណួរថាតើពេលណាទើបលី ម៉ារីណា ទទួលយកគូស្នេហ៍ថ្មីនោះអ្នកមេម៉ាយសាច់សខ្ចីក្មេងជាងវ័យរូបនេះថារឿងនោះមិនអាចកំណត់បានទេ គឺវិនាទីណាជួបនាងនឹងទទួលយក ប៉ុន្ដែនាងថាត្រូវតែពិនិត្យអ្នកថ្មីឲ្យបានច្បាស់លាស់ជាមុនសិនដើម្បីកុំឲ្យរងការខកចិត្តម្ដងទៀត។

គូរបញ្ជាក់ថាលី ម៉ារីណា បានបរាជ័យស្នេហាចំនួន២លើកមកហើយគឺទី១នាងបានចែកផ្លូវគ្នាជាមួយអតីតស្វាមីលោកទឹត ថាវរិទ្ធ និងទី២ប្រេះឆាស្នេហ៍លោកសាត ចាន់ថន ទាំងចម្រូងសម្រាស បន្សល់កូនប្រុសម្នាក់អាយុជិត១០ឆ្នាំ។យ៉ាងណាជីវិតស្នេហារបស់ម៉ារីណា គឺសុទ្ធតែបានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ទាំង២លើកតែម្ដង ហេតុនេះទស្សនិកជនរងចាំមើលថាតើមង្គលការជាលើកទី៣ ម៉ារីណា នាងនឹងជ្រើសស្នេហ៍យកជាបុរសអាណិកជននៅក្រៅស្រុកទៀត ឬក៍ជាមន្រ្ដីធំក្នុងស្រុក?


