ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាម្តាយ សង្ស័យសមគំនិតជាមួយប្រុសសាហាយសម្លាប់កូនស្រីរបស់ខ្លួនអាយុទើបតែបាន៥ខែបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៧ ខែធ្នូ នៅបន្ទប់លេខ១០៩ជាន់ទី១ ក្នុងអាគារស្នាក់នៅរួមផ្លូវបេតុងក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាម្តាយក្មេងរងគ្រោះដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ចាន់ រតនា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវចំណែកឯទារករងគ្រោះមានឈ្មោះចក្រីពិសិដ្ឋ អាយុ៥ខែ។រីឯប្រុសជាសាហាយសង្ស័យជាជនដៃដល់មានឈ្មោះ កើ ហាំសេះអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុមានទីលំនៅភូមិជម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាស្រ្តីជាម្តាយដែលត្រូវឃាត់ខ្លួនខាងលើមានប្តីបានជាប់ពន្ធនាគារ និងបង្កើតបានកូនប្រុសម្នាក់អាយុ៥ខែនេះ ។ ក្រោយមកមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយឈ្មោះកើហាំសេះ ។ មុនកើតហេតុ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូស្រ្តីជាម្តាយក្មេងរងគ្រោះបានមកទៅធ្វើអត្តសញ្ញាប័ណ្ណនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដោយទៅជាមួយមិត្តភក្កិស្រីឈ្មោះស្រីអូន ហើយបានផ្ញើរកូនឱ្យប្រុសជាសាហាយជាអ្នកមើលឲ្យនៅក្នុងខុនដូកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថាខណៈពេលស្រ្តីជាម្តាយជិះម៉ូតូទៅដល់ពាក់កណ្តាលផ្លូវក៏បានទូរស័ព្ទទៅប្រុសសាហាយដែលជាអ្នកមើលកូនថាយ៉ាងម៉ិចហើយកូនរបស់ខ្ញុំពេលនោះប្រុសសាហាយប្រាប់ថាកូនរបស់ឯងមិនស្រួលហើយ ភ្លាមៗនោះស្រ្តីជាម្តាយមិនបានត្រឡប់ទៅវិញភ្លាមៗទេគឺឲ្យមិត្តភក្កិស្រីឈ្មោះស្រីអូនជាអ្នកទៅមើលមុន ប៉ុន្តែពេលទៅដល់ប្រុសជាសាហាយនោះមិនព្រមបើកទ្វារឲ្យទេ ទាល់តែស្រ្តីជាម្តាយមកដល់បានប្រមាណ២០នាទីទើបប្រុសសាហាយបើកទ្វារឲ្យចូលហើយប្រុសសាហាយបានបីកូនក្មេង ដែលមានសភាពទន់ស្លេកស្លំាងស្លាប់ទៅហើយប៉ុន្តែស្រ្តីជាម្តាយមិនអស់ចិត្តបានបីកូនយកទៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តយកទៅមន្ទីរពេទ្យគន្ធបុប្ផា គ្រូបញ្ជាក់ថាក្មេងរងគ្រោះបានស្លាប់បាត់ហើយ ។
សមត្ថកិច្ចបានបន្តទៀតថាក្រោយពីក្មេងររងគ្រោះស្លាប់ហើយម្តាយនិងប្រុសសាហាយបានដឹកសពយកទៅប្រគល់ឱ្យលោកតាចារ្យភ្លុកវត្តទួលសង្កែបូជា ខណៈពេលនោះលោកតា
អាចារ្យបានសួរនាំរកលិខិតប្រគល់សព តែម្តាយក្មេងរងគ្រោះពុំមានក៏ប្រាប់ឱ្យយកទៅបូជានៅវត្តញាណរង្ស៊ីវិញ ខណៈពេលទៅដល់វត្តញាណរង្ស៊ី ម្តាយក្មេងរងគ្រោះបានប្រគល់ឱ្យលោកតាអាចារ្យភ្លុករុំក្រណាត់ចាក់ប្រេងកាតរៀបចំបូជាទៅហើយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តាយក្មេងរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីសួរនាំចំណែកឯបុរសជាសាហាយរត់គេចខ្លួនបាត់ ។
តាមការពិនិត្យរបស់សមត្ថកិច្ចការស្លាប់របស់ទារកខាងលើនេះ ស្លាប់ដោយសារថប់ដង្ហើម។ ចំពោះការស្លាប់របស់ទារកខាងលើសមត្ថកិច្ចសង្ស័យថាអាចប្រុសសាហាយផ្សំគំនិតជាមួយស្រ្តីជាម្តាយសម្លាប់កូនខ្លួនឯងចោល ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែសាកសួរស្រ្តីជាម្តាយនិងស្រាវជ្រាវតាមចាប់ប្រុសជាសាហាយយកមកសួរនាំ ៕
ដោយ៖ កែវ ឈីម