ភ្នំពេញ៖ខណៈដែលថៅកែGalaxy លោកឧកញ៉ាឡេង ណាវ៉ាត្រា (ឡេង ភត្រា) ត្រូវបានសារព័តមានមួយចំនួនផ្សព្វផ្សាយថាលោកឈឈ្មោះរកស៊ីលាងលុយឲ្យគេ តែលោកណាវ៉ាត្រា ថាលោកមានទ្រព្យបានមកពីចំណេញវិស័យអចលនទ្រព្យនោះស្រាប់តែពេលនេះតារាល្បីៗរបស់ផលិតកម្មមួយនេះបានចេញសារការពារមេរបស់ខ្លួនជាបន្ដបន្ទាប់ពាក់ព័ន្ធរឿងអតីតពលករខ្មែរមកពីកូរ៉េរូបនេះ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។

លោកព្រាប សុវត្ថិ បានថ្លែងសារថា”តាមអ្វីដែលខ្ញុំនៅក្បែរមើលឃើញគាត់ជាក់ស្ដែងគឺប្អូនប្រុសអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ទាំងក្រុមគ្រួសារមានការខិតខំប្រឹងប្រែងណាស់ទម្រាំមានថ្ងៃនេះ”។ដោយឡែកលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែល ទើបតែក្លាយជាតារាGalaxy ជិត២សប្ដាហ៍នោះបានចេញសារថា”ហេតុអ្វីបានជាចូលចិត្តbully ខ្មែរគ្នាឯងម្លេះខ្ញុំមិនយល់ទេ ទាំងដែលខ្លួនមិនដឹងផង តែធ្វើជាដឹងច្បាស់ ហ៊ឹមខ្ញុំមិនយល់សោះបើឃើញគេរីកចម្រើនយើងមិនអបអរទេសូមកុំទៅមាត់ទបានអត់,អ្នកឧកញ៉ាឡេង ណាវ៉ាត្រា គាត់គឺជាធនធានមនុស្សដែលពិបាករកណាស់ ព្រោះនៅក្មេងទេតែបានជួយអភិវឌ្ឍន៍ប្រទេសយើង និងប្រជាជនខ្វះបានច្រើនណាស់ ខ្ញុំក៍ជាអ្នករកស៊ីជាមួយគាត់ម្នាក់ដែរ គាត់ពិតជាពូកែរកស៊ីណាស់ ប្រាជ្ញាគាត់វាងវៃ ហើយគុណធ័មខ្ពស់ណាស់ អ្នកណាបានជួបគាត់ផ្ទាល់និងស្រលាញ់គាត់មិនខាន ខ្ញុំសរសើរគាត់ដោយស្មោះឃើញគាត់ត្រូវគេធ្វើបាប ខ្ញុំមិននៅស្ងៀមបានទេ សូមឈប់លាបព័ណគាត់ទៀតទៅ”។

ក្រៅពីព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ក៍មានតារាGalaxy ជាបន្ដបន្ទាប់ចេញសារការពារថៅកែរបស់ខ្លួនដែរក្នុងនោះមានទាំងតារាចម្រៀងសំនៀងស្អក២ដួងគឺលោកខេម និងនាងតន់ ច័ន្ទសីម៉ា ផងដែរដែលខ្លឹមសារនៃសារទាំងនោះស្រដៀងគ្នានទៅនិងលោកសុវត្ថិ និងប៊ុនថៃ ដែរ។ប៉ុន្ដែយ៉ាងណាមានតែមហាជនទេដែលអាចថ្លឹងថ្លែងរឿងខាងលើនេះបាន ខណៈដែលតារារស់ក្រោមដំបូលផលិតកម្ម ពេលថៅកែជួបបញ្ហា កូនចៅចេញមុខការពារគឺជារឿងធម្មតា។

គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ ដែលច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០) បានចូលGalaxy កាលពីចុងខែសីហាឆ្នាំ២០២០ ពោលគឺរយៈពេលជាង២ឆ្នាំមកហើយដែលលោកធ្លាប់អះអាងថាពេញចិត្តលោកឡេង ណាវ៉ាត្រា ដោយសារតែអតីតពលករមកពីកូរ៉េរូបនេះចេះតស៊ូក្នុងជីវិតរហូតជោគជ័យ ខណៈដែលលោកខែម ប៊ុនថៃ វិញថាទំនាក់ទំនងរវាងរូបលោកនិងលោកណាវ៉ាតា្រ គឺរាប់អានគ្នាលើសពីបងប្អូនទៅទៀត។មជ្ឈមហាជនមើលឃើញថាតាំងពីលោកសុវត្ថិ ចូលជ្រកនៅGalaxy មកបទចម្រៀងរបសលោកមិនសូវមានផ្ទុះដូចនៅហង្សមាសនោះទេ តែអ្នកខ្លះថាតារាវ័យ៤៨ឆ្នាំរូបនេះបន្ធូដៃពីការងារសិល្បៈមិនសម្រុកខ្លាំងដូចមុនទៀតឡើយ តាំងពីលោកបានក្លាយទៅជាឧកញ៉ារយៈពេលជាង៩ខែមកនេះ ព្រោះលោកផ្ដោតទៅលើការធ្វើជំនួញច្រើនជាងចេញបទថ្មីៗ។ប៉ុន្ដែលោកព្រាប សុវត្ថិ បានអះអាងនៅចំពោះអ្នកសារព័តមានថាចាប់យកអាជីពចម្រៀងនិងធ្វើជំនួឲ្យស្មើគ្នាតែម្ដង។

ដោយឡែកសម្រាប់លោកខែម ប៊ុនថៃ វិញគេមិនទាន់អាចវាយតម្លៃបានថាតើលោកនៅតែអាចធ្វើព្យុះភ្លៀងក្នុងទីផ្សារចម្រៀងបានតទៅទៅទៀតឬមួយក៍ប្រឈមចុះខ្សោយដូចលោកសុវត្ថិ ដែរនោះទេ ព្រោះថាពេលនេះលោកទើបតែចូលផលិតកម្មថ្មីនេះជរយៈពេលខ្លីពេក អត់ទាន់បានបញ្ចេញសម្ថភាពអស់ ស្របពេលដែលទស្សនិកជនមើលឃើញថាអាជីពចម្រៀងរបស់លោកប៊ុនថៃ ទៅមុខឬថយក្រោយគឺអាស្រ័យទៅលើលោកខេមរៈ ភារុណ បងប្រុសលោកដែលជាអ្ននិពន្ធបទចម្រៀងឲ្យច្រៀងជាអ្នកកំណត់លើវាសនាតារាវ័យ៣៨ឆ្នាំរូបនេះ។

មហាជនរងចាំមើលថាព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជួបគ្នាលើកទី២នេះពួកគេអាចចាប់ដៃគ្នាធ្វើការនៅផលិតកម្មតែមួយដោយរលូនបានដែរឬទេ ព្រោះថាមុនតារាទាំងពីរក្លាយជាឧកញ៉ាពួកគេធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំរហូតមានពេលខ្លះធ្វើឲ្យគេពិបាកបែងចែកថាម្នាក់ណាលេខ១ ឬលេខ២ទៀតផង ខណៈដែលFan មួយចំនួនរបស់លោកសុវត្ថិ-ប៊ុនថៃ បារម្ភខ្លាច”ភ្នំ១ ខ្លា២”ធ្វើឲ្យតារាណាម្នាក់ដើរចេញពីផលិតកម្មមុនកុងផុតកុងត្រា។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អាចច្រៀងនៅផលិតកម្មតែ១ជាមួយគ្នាបានដោយគ្មានការកាច់កុងគ្នា ព្រោះមានរឿងឬអត់គឺសំខាន់នៅលើអ្នកគ្រប់គ្រងផលិតកម្ម៕
