Monday, March 17, 2025
Homeតារាខ្មែរតារាចម្រៀងល្បីៗរបស់Galaxy ប្រតិកម្មលោកតាំង សារ៉ាដា

តារាចម្រៀងល្បីៗរបស់Galaxy ប្រតិកម្មលោកតាំង សារ៉ាដា

ភ្នំពេញ៖តារាចម្រៀងជួរមុខល្បីៗរបស់Galaxy បានចេញមកប្រតិកម្មទៅនិងលោក តាំង សារ៉ាដា ជាអ្នកអត្ថា ធិប្បាយបទវិភាគThe Cambodia Daily ក្រោយលោកលើកប្រធានបទ ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​នរណា? កាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូប្រមាណ ២៩នាទី លើទំព័រហ្វេសប៊ុក The Cambodia Daily លោក តាំង សារ៉ាដា បាននិយាយពាក់ព័ន្ធនឹងមុខជំនួញ ក៏ដូចជាការចោទប្រកាន់ចំៗមកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ា​ត្រា ពិសេសនោះគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប់ពាក់ព័ន្ធនឹងប្រភពដើមទុនក្នុងការ ចេញរកស៊ីរហូត​ទទួល​បានជោគជ័យ និងចោទប្រកាន់អ្នកឧកញ៉ា [លាងលុយកខ្វក់ឲ្យអ្នកមានអំណាច] ដែលជាមូលហេតុអាច​ឱ្យអ្នក​ឧកញ៉ាធ្វើវិភាគទានផ្តល់ថវិកាប្រមាណជាង ២៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល។

ភ្លាមៗក្រោយពីអ្នកកាសែតក្រៅស្រុកចេញព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា និង កេរ្តិ៍ឈ្មោះផ្ទាល់របស់អ្នកឧកញ៉ាដែលបានតស៊ូរើបម្រាស់ពីអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រហូត មានជីវភាពធូរធារមានលទ្ធភាពជួយប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យមានការងារធ្វើដូចពេលបច្ចុប្បន្ននេះ អ្នកឧក ញ៉ាបានចេញមុខពន្យល់និងបកស្រាយយ៉ាងលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីប្រភពដើមទុន សាវ តា ដំណើរការពង្រីកវិសាលភាពក្រុមហ៊ុនពីដើមរហូតមក ដើម្បីឲ្យលោកតាំង សារ៉ាដា ជ្រាបកាន់តែច្បាស់និង បញ្ឈប់​​សកម្មភាពធ្វើឲ្យមានការយល់ច្រឡំពីមហាជនបន្តទៅទៀត។

ថៅកែGalaxy រូបនេះបានពន្យល់ទៅកាន់កាន់លោកតាំង សារ៉ាដា ថា “សម្រាប់មុខរបររបស់លោក មិនដែល​មានអ្វីលាក់ បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់​ហើយអ្វី ក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ”។ ជាមួយគ្នានេះ កំពូលតារា​ចម្រៀង​ល្បីៗរបស់ Galaxy ចេញមករិះគន់លោក តាំង សារ៉ាដា ជុំវិញព័ត៌មានខាងលើនេះ។

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញមតិយោបល់ផ្ញើទៅកាន់លោក តាំង សារ៉ាដា ថា «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅបងប្រុសតាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋាន ដោយបងប្រុសគ្រាន់តែចង់កេញចំណេញផ្នែកនយោបាយ។ ខ្ញុំគិតថាជារឿងមួយ អយុត្តិធម៌សម្រាប់ ក្រុមហ៊ុន Galaxy Navatra Group ហើយធ្វើឲ្យប៉ះពាល់ជីវភាពបុគ្គលិករាប់ពាន់នាក់ នឹងអ្នកដែលរស់ក្រោមការផ្គត់ផ្គង់រាប់ ម៉ឺននាក់ (សូមបងធ្វើពត៌មានដោយការពិចារណាអោយបានត្រឹមត្រូវ)»។

ចំណែកឯតារាចម្រៀងជួរមុខម្នាក់ទៀត ឧកញ៉ា ខេមរៈ សិរីមន្ត យល់ឃើញថាប្រសិនបើលោក តាំង សារ៉ាដា ដកចិត្តច្រណែនចេញតែបន្តិច គាត់នឹងអាចមើលឃើញភាពត្រឹមត្រូវសុច្ចរឹតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងស្វែងយល់នូវអ្វីដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ញើជូននិងបកស្រាយទៅកាន់លោកវិញនោះ លោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily គួរឈប់ធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន ដែលគ្រាន់ដើម្បី បម្រើប្រយោជន៍នយោបាយទុច្ចរិតរបស់ខ្លួនផងដែរ។

ដោយឡែកលោក ខេម ក៏បង្ហោះវីដេអូព័ត៌មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើជូនទៅលោក តាំង សារ៉ាដា ផងដែរ។

ទន្ទឹមនឹងនេះ តារាចម្រៀងស្រីល្បី កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះសារបញ្ចេញមតិយោបល់អមជាមួយវីដេអូ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានបញ្ជាក់ច្បាស់ៗបែបនេះ ទៅកាន់លោក សារ៉ាដា ឱ្យស្ដាប់និង យល់អំ ពីការខិតខំប្រឹងប្រែងរកស៊ីរបស់អ្នកឧកញ៉ាតាំងពីដើមរហូតដល់ពេលនេះទម្រាំបានជោគជ័យគឺឆ្លងកាត់ការលំ បាកច្រើនណាស់។ កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានស្នើសុំលោក តាំង សារ៉ាដា ឈប់តាមបំភ្លៃព័ត៌មានមិនពិតទាំង នេះទៀតទៅ៕

RELATED ARTICLES