Wednesday, April 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ខឹងញ៉ែសង្សារតាមហ្វេសប៊ុក ណាត់ជួប មុខ កាប់គ្នា គុក៥នាក់

ភ្លើងប្រចណ្ឌ ខឹងញ៉ែសង្សារតាមហ្វេសប៊ុក ណាត់ជួប មុខ កាប់គ្នា គុក៥នាក់

កណ្តាល ៖ បុរសម្នាក់ នៅសុខៗចូលទៅខមិនក្នុងហ្វេសប៊ុកនារីម្នាក់ លុះយុវជនជាសង្សាររបស់នារីនោះឃើញ ក៏ផ្ទុះភ្លើងប្រចណ្ឌ បានខមិនជេរ ធ្វើឱ្យកើតជាជម្លោះក្តៅគគុកតាមហ្វេសប៊ុក រហូតណាត់ជួបមុខ កាប់ចាក់គ្នា។ លុះពេលគូទំនាស់ជួបគ្នាតាមការណាត់ ភាគីម្ខាងបានយកដុំថ្មគប់ទៅលើរថយន្តរបស់ភាគីម្ខាងទៀត បណ្តាល ឱ្យរងការខូចខាត ធ្វើឱ្យកើតជារឿងប្តឹងផ្តល់ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនចំនួន ៥នាក់ បញ្ជូនទៅតុលាការ ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ករណីហិង្សា ធ្វើឱ្យខូចខាតដោយចេតនាមានទម្ងន់ទោស (គប់រថយន្ត បណ្តាលឱ្យខូចខាត) នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៥៨នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀន ស្វាយ។ លុះមកដល់វេលាម៉ោង ២និង២៥នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះឃាត់ខ្លួន ក្រុមជនសង្ស័យ បានចំនួន៥នាក់ នាំយកមកសាកសួរ។

ភាគីជនរងគ្រោះ មានឈ្មោះសុខ តូរីស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅក្នុងភូមិ ព្រែក ប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តដែលរងការខូចខាត ម៉ាកសាំងយ៉ុង ISTANA ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2W-7682 រងការខូចខាត បែកកញ្ចក់ខាងក្រោយ បែកស្តុបខាងក្រោយ ផ្នែកខាងស្តាំ និងខូចខាតជាច្រើនកន្លែងទៀត។

 ដោយឡែក ក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានចំនួន៥នាក់ រួមមាន ទី១-ឈ្មោះផល សុទីន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសាក់ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី២-ឈ្មោះហុង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី៣-ឈ្មោះវៃ ទីតូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី៤-ឈ្មោះឈាន ដាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ និងទី៥-ឈ្មោះឈឿន ស៊ីណន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងសាក់ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុខ តូរីស រួមនឹងមិត្តភក្តិ ៩នាក់ ទៀត រួមមាន ១-ឈ្មោះអេង ចាន់វុត្ថា ២-ឈ្មោះឈិន រីណា ៣-ឈ្មោះខន ដារ៉ា ៤-ឈ្មោះរិន វីរៈ ៥-ឈ្មោះសាន សង្វាត ៦-ឈ្មោះសល់ សុភក្ត្រ័ ៧-ឈ្មោះខុន ថារៈ ៨-ឈ្មោះជឹម ឧត្តម និង៩-ឈ្មោះប៊ុន សុភក្តី បាននាំគ្នាផឹក ស្រាបៀរ នៅផ្ទះរបស់ឈ្មោះប៊ុន សុភក្តី នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ក្រោយពីផឹក ស្រាបៀរ អស់២កេស ក៏នាំគ្នាទៅបន្តផឹកស្រាបៀរ ១កេសទៀត នៅផ្ទះឈ្មោះសាន សង្វាត នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ជិតផ្ទះរបស់ឈ្មោះ ប៊ុន សុភក្តី ដែរ។

ប្រភពដដែល បន្តថា ពេលផឹកបណ្តើរ ឈ្មោះជិន រីណា បានខំមិនក្នុងហ្វេសប៊ុក ទៅមិត្តស្រីឈ្មោះ Suie’ Taa នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ថា “អេមអូនអេម” ស្រាប់តែពេលនោះ ម្ចាស់គណនីឈ្មោះ Bro on ជា របស់ឈ្មោះឈឿន ស៊ីណន ភេទប្រុស (ត្រូវជាសង្សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Suie’ Taa) បានខំមិន តបមកវិញថា “អេមអី អាចុយម្រាយ!” ទើបធ្វើឱ្យកើតជាជម្លោះ ជេរគ្នាទៅវិញទៅមកតាមឆាត រហូតឈាន ដល់ការណាត់ជួបវ៉ៃគ្នាទៀតផង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះដល់ម៉ោង ១១និង៤០នាទីយប់ ជនរងគ្រោះ រួមទាំងមិត្តភក្តិ បានបបួល គ្នាជិះរថយន្តម៉ាកសាំងយ៉ុង ខាងលើ បំណងទៅច្រៀងខារ៉ាអូខេ នៅផ្លូវថ្នល់ថ្មី ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយជនរងគ្រោះឈ្មោះសុខ តូរីស ភេទប្រុស ជាអ្នកបើករថយន្ត។ លុះពេលបើករថយន្ត មកដល់ផ្លូវ ចូល វត្តអង្គរជ័យ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រាប់តែឈ្មោះឈឿន ស៊ីណន ភេទប្រុស រស់នៅភូមិស្ទឹង ឃុំសំ រោងធំ ស្រុកកៀនស្វាយ នៅតែបន្តការឆាតឌឺដងមកលើឈ្មោះឈិន រីណា ភេទប្រុស ដដែល និងថែមទាំង បានផ្ញើទីតាំង (Location) ដើម្បីឱ្យគូទំនាស់មករកខ្លួនទៀតផង ទើបធ្វើឱ្យភាគីជនរងគ្រោះខឹង ក៏បើករថយន្ត ទៅដល់តាម (Location)  ដែលបានផ្ញើនោះ។ លុះពេលទៅដល់ ស្រាប់តែលេចមុខជនសង្ស័យទាំង៥នាក់ បានចេញពីផ្ទះសាក់រូប មកផ្លូវក្រួសក្រហម (ផ្លូវលំ) រើសយកដុំថ្ម និងអំបែងពាង ព្រមទាំងដំបងយកមកគប់ និងវាយទៅលើរថយន្តជនរងគ្រោះ បណ្តាលឱ្យបែកកញ្ចក់ខាងក្រោយ បែកស្តុបក្រោយខាងស្តាំ របស់រថយន្ត ខូចខាតជាច្រើនកន្លែងទៀត បន្ទាប់មកជនរងគ្រោះបានបើករថយន្តត្រឡប់មកផ្ទះវិញ។

លុះវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងធំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីបានទទួលបណ្តឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុ រួចបាន នាំខ្លួនជនសង្ស័យទាំង៥នាក់ ខាងលើ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៅវេលាម៉ោង ២និង ២៥នាទីរសៀល ថ្ងៃដដែល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ ខាងលើ បានសារភាពថា ខ្លួនពិតជាបាននាំគ្នាយកអំបែងពាង គប់លើរថយន្តរបស់ជនរងគ្រោះ ប្រាកដមែន។ មូលហេតុដោយសារតែខឹង ក្រុមជនរងគ្រោះឆាតញ៉ែសង្សារ របស់ខ្លួន។

ជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ រហូតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកស្រី ពេជ ម៉ារ៉ែន ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមជនសង្ស័យទាំង៥នាក់ ខាងលើ ដាក់ ពន្ធនាគារខេត្តកណ្តាល ពីបទធ្វើឱ្យខូចខាតដោយចេតនា (មានទម្ងន់ទោស) តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ៕

RELATED ARTICLES