Wednesday, April 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រលឹងស្ត្រីគេអារកប្លន់សម្លាប់ ចូលសណ្ឋិតកូនស្រី ទួញយំប្រាប់ប្តី

ព្រលឹងស្ត្រីគេអារកប្លន់សម្លាប់ ចូលសណ្ឋិតកូនស្រី ទួញយំប្រាប់ប្តី

ភ្នំពេញ ៖ ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ចាក់និងអារកសម្លាប់ស្ត្រីរូបស្រស់ម្នាក់ ជាអ្នកប្រកប​របររកស៊ី​ទទួលបញ្ចាំ (កុងស៊ី) នៅកាស៊ីណូណាហ្គាវើលដ៍១ ប្លន់ប្រាក់ប្រមាណជាង៦០ម៉ឺនដុល្លារ នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃអគារកាស៊ីណូណាហ្គាវើលដ៍១ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នោះ គិតមកដល់ពេលនេះ មានរយៈពេល​ប្រ​មាណកន្លះខែមកហើយ ដែលឃាតករកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ ដោយសមត្ថកិច្ចនៅមិនទាន់ចាប់​ខ្លួន​បាន​នៅឡើយ  ធ្វើឲ្យព្រលឹងស្ត្រីរងគ្រោះ នៅវិលវល់ ក៏បានមកចូលសណ្ឋិតក្នុងរាងកាយកូនស្រីបង្កើតរបស់ខ្លួន ទួញយំរៀបរាប់ប្រាប់ប្តី និងឪពុកម្តាយសាច់ញាតិ ពីការឈឺចាប់ និងក្តីនឹករលឹករបស់ខ្លួន ចំពោះក្រុមគ្រួសារ ពិ​សេសកូនៗទាំង៣នាក់។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះដែលត្រូវឃាតករចាក់ និងអារកសម្លាប់ ប្លន់ទ្រព្យសម្បត្តិនោះ មានឈ្មោះអ៊ឹង ជុងហ្គិច អាយុ៣៧ឆ្នាំ ប្រកបរបរជាអ្នកទទួលបញ្ចាំ នៅក្នុងកាស៊ីណូណាហ្គាវើលដ៍១ មានស្វាមីឈ្មោះចាន់ សួរ ជាមន្ត្រី​ន​គរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទី​ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ ស្ត្រីរងគ្រោះ  ត្រូវបានឃាតករដៃឆៅ ចាក់ប្រហារ​ជាច្រើនកាំបិត និងអារក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃអគារកាស៊ីណូ​ណាហ្គា​វើល​ដ៍១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយករណីនេះ ត្រូវបានសង្ស័យថា ជាករណី​ប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ។

ជុំវិញករណីឃាតកម្មនេះ ខណៈដែលជនដៃដល់ជាឃាតករ នៅមិនទាន់ត្រូវបាន​សមត្ថកិច្ចស្វែង​រកឃើញនិង​ចាប់​ខ្លួនមកផ្តន្ទាទោសតាមច្បាប់នៅឡើយនោះ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ បានពឹងពរឱ្យគ្រូបញ្ជាន់រូប ជួយ​អន្ទងព្រលឹងរបស់ស្ត្រីរងគ្រោះ (អ៊ឹង ជុងហ្គិច) មកជួបក្រុមគ្រួសារ ដើម្បីបានសួរនាំ និងផ្តាំផ្ញើឱ្យអស់ចិត្តជា​លើក​ចុងក្រោយ បន្ទាប់ពីស្ត្រីរងគ្រោះ បានបាត់បង់ជីវិតទាំងក្មេងវ័យ និងមិនបានលាក្រុមគ្រួសារ ឪពុកម្តាយ ប្តី ពិ​សេស​កូនទាំង៣នាក់ (ស្រី១ ប្រុស២) សូម្បី១ម៉ាត់។

កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គ្រូបញ្ជាន់រូប ទស្សន៍ទាយម្នាក់ ឈ្មោះឆុង ស្រីណែត បានធ្វើការ​ឡាយវីដេអូ ដោយបង្ហាញពីទិដ្ឋភាពនៃព្រលឹងស្ត្រីរងគ្រោះឈ្មោះអ៊ឹង ជុងហ្គិច បានចូលសណ្ឋិត​ក្នុង​ខ្លួន​កូនស្រីបង្កើតរបស់ខ្លួន ដោយមានបុរសជាប្តី ឪពុកម្តាយ សាច់ញាតិ ក្រុមគ្រួសារ ទាំងសងខាង រួមទាំង​កូនប្រុស២នាក់ទៀត។

បើតាមគ្រូស្ត្រី ដែលជាអ្នករៀបចំពិធីអន្ទងព្រលឹងស្ត្រីរងគ្រោះនោះ បានព្យាយាមបញ្ជាក់ថា ព្រលឹង​របស់​ស្ត្រី​រងគ្រោះ បានចូលសណ្ឋិតក្នុងខ្លួនកូនស្រីបង្កើតរបស់ខ្លួន ហើយបានអង្គុយពេនភ្នែន ក្នុងទឹកមុខមាំ ដោយគ្រូ​ស្រីរូបនេះ អះអាងថា ព្រលឹងស្ត្រីរងគ្រោះ អ៊ឹង ជុងហ្គិច ខឹងខ្លាំងណាស់ និងមានបំណង​ចង់​សង​សឹកចំពោះ​អ្នកសម្លាប់នាងទៀតផង ហើយព្រលឹងស្ត្រីរងគ្រោះ ព្យាយាមនិយាយ ញ័រដៃជើង តែនិយាយមិនរួច ដោយ​សារឈឺមុខរបួសត្រង់បំពង់ក និងរាងកាយ ដែលត្រូវឃាតករចាក់ប្រហារ ហើយក្រោយមក បានព្យា​យាម​និយាយដែរ តែមិនអាចឲ្យមនុស្សគ្រប់គ្នានៅទីនោះស្តាប់បានឡើយ ដោយគ្រូស្រី បានអះអាងថា ជាសំឡេង​ផ្លូវក្នុង មានតែខ្លួន (គ្រូស្រី) ទើបស្តាប់បាន និងនិយាយតបទៅព្រលឹងខ្មោចបាន។

គ្រូស្រី បាននិយាយទៅកាន់ព្រលឹងស្ត្រីរងគ្រោះ ឲ្យខំនិយាយទៅកាន់ប្តី ឪពុកម្តាយ និងកូន និងឈប់​មានគំនិត​ចងអាឃាត ចងកម្មចងពារទៅ ដើម្បីឆាប់បានទៅកាន់សុគតិភព ។ ចំណែកស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បុរសជាប្តីស្រ្តីរងគ្រោះ រួមនិងកូនប្រុស ២នាក់ ព្រមទាំងសាច់ញាតិជាច្រើន បាននាំគ្នាទ្រហោយំគួរឱ្យសង្វេគ ដោយការជឿថា ព្រលឹងសពស្ត្រីរងគ្រោះ (អ៊ឹង ជុងហ្គិច) ពិតជាចូលសណ្ឋិតក្នុងរាងកាយ​ក្មេងស្រីជាកូន​របស់​ស្ត្រីរងគ្រោះ ប្រាកដមែន។

ចំណែកបុរសជាប្តី បានទ្រហោយំ រៀបរាប់នៅមុខព្រលឹងភរិយារបស់ខ្លួនថា “អូនដឹងទេ បងនឹកអូនណាស់ មិនគួរអូនទៅដោយមិនបានលាសូម្បីមួយម៉ាត់បែបនេះសោះ បងខំធ្វើបុណ្យឧទ្ទិសកុសលឱ្យអូនដែរ តែ​មិន​ដឹងថាអូនបានទទួលឬក៏អត់នោះទេ បើអូនទទួលបាន ឬមិនបាន អូនប្រាប់បងផង តែបើសិនជាអូនមិន​ទាន់​ទទួលបានទេ បងនឹងធ្វើបុណ្យឧទ្ទិសឱ្យអូនទៀត អូនបានទទួលអត់? បងអត់ខឹងនឹងអូនទេ បងខឹងខ្លួនឯង បងទេដែលត្រូវសុំទោសអូន ឱ្យបងសុំទោសណាអូនណា អូននិយាយមកណា បងចង់ដឹងពីសុខទុក្ខអូនណាស់ ឮអត់អូន?…”។

យ៉ាងណា ស្ត្រីជាគ្រូរៀបចំពិធីអន្ទងព្រលឹងស្ត្រីរងគ្រាះ បានអះអាងថា ស្ត្រីរងគ្រោះ អ៊ឹង ជុងហ្គិច បាននិ​យាយប្រាប់គាត់តាមផ្លូវក្នុងថា គាត់ឱ្យម្តាយ មើលថែសុខភាពផង គាត់សុំទោស ដែលគាត់ជាកូន មិនបាន​នៅមើលថែម្តាយ និងប្រាប់ឱ្យកូនៗចេះស្តាប់ប៉ា ហើយចេះស្តាប់ គ្រួសារ ធំឡើងធ្វើជាក្មេងល្អ និងកុំឆាប់​ជឿអ្នកដទៃពេក ធ្វើអ្វីមួយត្រូវប្រយ័ត្នប្រយែង កុំទុកចិត្តអ្នកដទៃច្រើនជាងខ្លួនឯង។

គ្រូស្រី បានបន្តថា ព្រលឹងសព ខឹងនឹងអ្នកប្លន់យកលុយដែលជាកម្លាំងញើសឈាមគាត់ និងចង់បាន​លុយ​នោះវិញ ដើម្បីយកមកឱ្យកូន ហើយគាត់ចង់និយាយប្រាប់ប្តីថា ទោះជាមានរឿងអ្វីមួយ ទោះជាមិន​អាចដោះ​ស្រាយបានឬក៏យ៉ាងម៉េច ឬក៏មានឧបសគ្គ កាលៈទេសៈណា យូរប៉ុនណាក៏ដោយ គឺប្តីត្រូវធ្វើចិត្តឱ្យរឹងមាំ កុំអស់​សង្ឃឹម ហើយកុំទៅតាមគាត់ (ប្តីនិយាយថា ចង់ស្លាប់ទៅតាមប្រពន្ធ) គាត់សុំឱ្យប្តីនៅមើលថែកូនទាំងអស់ ហើយ​ព្រលឹងស្ត្រីរងគ្រោះ ពេលនេះ កំពុងរងការឈឺចាប់ខ្លាំង អាណិតខ្លួនថា ហេតុអីក៏ត្រូវស្លាប់​ដោយវេទនា​ម៉្លេះ​? ជាមួយ​នេះ ព្រលឹងស្ត្រីរងគ្រោះ ក៏បានដាក់បណ្តាសាឱ្យអ្នកដែលសម្លាប់គាត់ វិនាស ស្លាប់តៃ​ហោងដូច​គាត់​អ៊ីចឹង…។

គួររំឭកថា ស្ត្រីរងគ្រោះ ឈ្មោះអ៊ឹង ជុងហ្គិច ត្រូវបានឃាតករចាក់ និងអារកសម្លាប់ កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ទឹក ជាន់ទី១ អគារណាហ្គាវើលដ៍១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ហើយសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ហើយត្រូវបានស្វាមី និងក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តទឹកថ្លា នោះតែម្តង។

ករណីឃាតកម្មនេះ ត្រូវបានសង្ស័យថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ ខណៈដែល​ក្រុមគ្រួសារអះអាងថា ក្រោយប្រទះឃើញសព ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការនៅលើខ្លួនសព ត្រូវបានបាត់បង់អស់ គ្រាន់តែមិនទាន់អាចកំណត់ច្បាស់នៅឡើយថា មានចំនួនប៉ុន្មានឱ្យប្រាកដ។

ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ គិតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ កំពុងបន្ត​ស៊ើប​អង្កេត ស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យជាឃាតករ បន្ទាប់ពីមានការបង្ហាញ​រូបថតជន​សង្ស័យ​ម្នាក់ ពីកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ នាំយកមកផ្តន្ទាទោសឱ្យខាងតែបាន ៕

RELATED ARTICLES