ភ្នំពេញ៖តារាកំប្លែងល្បីឈ្មោះវ៉ាន់ នីឡា ,នាយក្រាន់ និងអ្នកសម្ដែងរួមក្រុមដូចជាណាន ណាន ,សី្រមុំ,នាយជ័វ និងនាយ ថ្លែន ជាដើមបានលេចមុខក្នុងកម្មវិធីសម្ពោធ”ចៅលោកតា”របស់ប៉ុស្ដិ៍លេខ៥ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលជាសហការណ៍គ្នារបស់ប៉ុស្ដិ៍លេខ៥ និង៥ និងផលិតកម្ម9 Colors Production ដែលមានការដឹកនាំផ្ទាល់ពីអ្នកដឹកនាំក្រុមកំប្លែងលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ។



លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃសា្ថនីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា”ចៅលោកតា” ជាកម្មវិធីផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរិ៍របស់ប៉ុស្ដិ៍លេខ៥ ចាប់ពីថ្ងៃសៅរ៍ទី៤ កុម្ភៈ ឆ្នាំ២០២៣ នេះតទៅវេលាម៉ោង ១២ថ្ងៃត្រង់ ដល់១ ថ្ងៃ។កម្មវិធីនេះផលិតឡើងបំពេញតម្រូវការទស្សនិកជន និងជម្រុញឲ្យសិល្បៈកំប្លែងកាន់តែរីកចម្រើនទៅមុខ ធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយ បំបាត់ភាពតាមតឹង។លោកស្រីថាផលិតករ”ចៅលោកតា”នឹងព្យាយាមរកConcepts ល្អៗដើម្បីជាចំណីអារម្មណ៍ដល់ទស្សនិកជន។



អតីតតារាកំប្លែងCtn វ៉ាន់ នីឡា ដែលទើបសម្រាលកូនបានជាង៤ខែនោះបានឲ្យដឹងថានាងមានអារម្មណ៍រំភើបចំពោះការងារថ្មីនៅប៉ុស្ដិ៍លេខ៥”ចៅលោកតា”នេះ ហើយនាងនឹងប្រឹងឲ្យអស់ពីសម្ថភាពដើម្បីបម្រើអារម្មណ៍ទស្សនិក។នីឡា ក៍បានឲ្យដឹងដែរថាអាជីពកំប្លែងជាអ្វី១ដែលនាងបានស្រលាញ់បំផុត ហេតុនេះក្រោយមានកូននាងមិនចេះនៅផ្ទះទេ ព្រោះពេលបានធ្វើការងារនេះឡើងវិញនាងមានអារម្មណ៍ថាសប្បាយចិត្ត។ជាមួយគ្នានេះដែរនាងថានឹងខំពង្រឹងសម្ថភាពរបស់ខ្លួនថែមទៀតទៅតាមអ្នកដឹកនាំសម្ដែងតម្រូវការ ខណៈដែលស្វាមីនាងបានគាំទ្រ និងលើកទឹកចិត្តចំពោះការវិលវិញរបស់នាង ដោយមិនប្រចណ្ឌនិងឈុតឆាកខ្លះដែលនាងនិងដៃគូលេងជាឈុតស្នេងហានៅលើឆាកឡើយ។



ដោយឡែកលោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បានឲ្យដឹងថាក្រុមការងាររបស់លោកនឹងធ្វើឲ្យទស្សនិកជនរីករាយ ព្រោះផលិតសាច់រឿងដែលមានគុណភាព បង្កប់ទៅដោយការអប់រំ ជួយដល់សង្គម។លោកថា”ចៅលោកតា”នឹងធ្វើឲ្យអាជីពកំប្លែងកាន់តែផុសផុលជាមិនខាន។


រីឯក្រាន់ វិញថាការបានចូល”ចៅលោកតា”នៅប៉ុស្ដិ៍លេខ៥ វាជាជំហ៊ានថ្មីមួយទៀតសម្រាប់រូបនាយ ហើយការសម្ដែងភាគច្រើនរបស់នាយអាចនឹងប៉ៈជាដៃគូជាមួយប្អូនស្រីវ៉ាន់ នីឡា ដែលលេងជាប្ដីប្រពន្ធ ឬគូសង្សារជាដើមហើយនាយពេញចិត្តធ្វើការជាមួយដៃគូម្នាក់នេះ និងជាមួយក្រុមកំប្លែងទាំងមូល។នាយក្រាន់អះអាងថាការចាប់អាជីពកំប្លែងមិនពិបាកនោះទេ ព្រោះការលេងឈុតឆាកទាំងអស់គឺមានអ្នកដឹកនាំសរសេរប៉ារ៉ូលឲ្យ ហេតុនេះទាំងរូបនាយ និងមិត្តរួមក្រុមមានតែចាប់ដៃគ្នា ដើម្បីប្រឹងធ្វើការឲ្យបានល្អបំផុតទៅតាមឈុតឆាកដែលអ្នកដឹកនាំរបស់9Colors Production និងប៉ុស្ដិ៍លេខ៥ ចង់បាន។


“ផ្ទះលោកតា”ក្រៅពីប្រជុំទៅដោយតារាកំប្លែងល្បីៗនិងមានទេពកោសល្យល្អនោះក៍មានពិធីការិនីស្រីស្អាតដាំ សុភ័ក្រ្តស៊ីនឌី និងលោកពូម៉ា ផងដែរ៕

