ភ្នំពេញ៖ស្រីស្រស់ង៉ា ស្រីណាន ហៅណាន ណាន ដែលជាកូនក្រមុំតារាកំប្លែងអ្នកនាងសេង ចិន្ដា ហៅស្រីអ៊ីត នោះបានឲ្យដឹងថាក្នុងវ័យ១៨ឆ្នាំ នេះនាងចង់ចាប់អាជីពសិល្បៈដល់ទៅ៣ព្រមគ្នាក្នុងពេលតែមួយនោះគឺធ្វើជាតារាចម្រៀង,តារាកំប្លែង និងជាបវរកញ្ញា។ការវាចារបស់ស្រីក្មេងណាន ណាន នាពេលនេះក្រោយពីនាងលេចមុខធ្វើជាតារាកំប្លែងរបស់ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីកម្មវិធី”ចៅលោកតា”ហើយនាងលេងជាតួម្ដាយរបស់វ៉ាន់ នីឡា ទៀតផង ខណៈដែលមុននេះគេឃើញនាងលេចមុខក្នុងកម្មវិធីប្រលងផ្នែកសម្រស់Miss Teen International 2023 ដោយឆ្លងផុតវគ្គជម្រុះ២លើកនិងកំពុងឈានទៅវគ្គបន្ដទៀតផង។



កូនក្រមុំអ្នកនាងអ៊ីត រូបនេះវាចាបន្ថែមថាតាមពិតនាងមានសម្ថភាពអាចលេងកំប្លែង,សម្ដែង,ច្រៀង,ម៉ូដែល និងរាំ គឺអាចធ្វើបានដូចគ្នា ព្រោះនាងទទួលការបណ្ដុះបណ្ដាលតាំងពីតូចពីម្ដាយនិងលោកយាយរបស់នាង។ស្រីស្រស់រូបនេះថាទោះជារូបនាងនៅក្មេងមែន ប៉ុន្ដែនាងអាចលេងកំប្លែងជាតួម្ដាយបាន ហើយការសម្ដែងកំប្លែងគឺគ្មានទេពាក្យថាខ្មាសទើបនាងអាចលេងបានដូចពេលនេះ។នាងថានឹងដើរតាមគន្លងម្ដាយរបស់នាងស្រីអ៊ីត ហើយសង្ឃឹមថានឹងចាប់ភាពជោគជ័យឲ្យបានតាមផ្នែកនីមួយៗនៃការងារសិល្បៈដូចម្ដាយរបស់នាងដែលត្រូវបានគេស្គាល់ទូទាំងប្រទេសនាពេលនេះដែរ។



គូរបញ្ជាក់ថាណាន ណាន ជាកូនទោលក្នុងគ្រួសារហើយម្ដាយនិងឪពុកនាងបានបែកបាក់គ្នាតាំងពីរូបនាងនៅតូចម្លេះ ខណៈអ្នកនាងចិន្ដា ស៊ូទុកជីវិតជាស្រ្ដីមេម៉ាយជិត២០ឆ្នាំរហូតមក មិនព្រមយកប្ដីថ្មីនោះទេ បើទោះជាមានប្រុសៗតាមចែចង់និងចង់ស្អំរបួសបេះដូងនាងជាច្រើនលើកច្រើនសារក្ដី។ក្រៅពីការងារសិល្បៈកូនក្រមុំរបស់អ្នកនាងអ៊ីត រូបនេះក៍ជាសិស្សកំពុងរៀននៅសាលាឯកជនមួយថ្នាក់ទី១២ ដែលត្រៀមប្រលងបាក់ឌុបនៅឆ្នាំនេះដែរ។ណាន ណាន ថាទាំងអាជីពកំប្លែង និងប្រលងបវរកញ្ញាពោលគឺឲ្យតែការងារសិល្បៈនាងទទួលបានការគាំទ្រនិងលើកទឹកចិត្តពីម្ដាយនាងយ៉ាងពេញទំហ៊ឹងតែម្ដងដោយគាត់ធ្លាប់ប្រាប់នាងថាស្រលាញ់អ្វីធ្វើទៅតាមចិត្តខ្លួនឯងចុះ។ប៉ុន្ដែនាងថាទោះជាដក់ក្នុងចិត្តជាមួយការងារសិល្បៈយ៉ាងណាក៍នាងមានការបែងចែកពីការសិក្សារនិងសិល្បៈហើយមិនបោះបង់ចោលផ្នែកណាមួយឡើយ។


ទស្សនិកជនបានសរសើរថាអ្នកមេម៉ាយស្រីអ៊ីត ពិតជាមានកូនក្រមុំស្រស់ស្អាតមែន ហើយគេចាំមើលថាតើបុរសណាទៅដែលនឹងក្លាយទៅជាកូនប្រសាររបស់តារាកំប្លែងដែលច្រើនតែលេងជាតួឆ្នាសឆ្នើមរូបនេះ?