ភ្នំពេញ៖តារាចម្រៀងណុប បាយ៉ារិទ្ធ ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដុះស្លែម្នាក់របស់ហង្សមាស ព្រោះឈជើងនៅទ្រនុំមួយនេះរយៈពេលជាង២០ឆ្នាំទៅហើយ ខណៈដែលអតីតតារាU2 លោកឆន សុវណ្ណារាជ មករួមទ្រនុំនេះរយៈពេលជាង១៥ឆ្នាំដែរ ដែលពួកគេមានបច្ចេកទេស ស្ទីលច្រៀងសម្ដែងខុសៗគ្នាហើយលេចធ្លោម្យាងៗម្នាក់ក្នុងចំណោមអ្នកចម្រៀងនៅផលិតកម្មធំនេះ។ប៉ុន្ដែចាប់តាំងពីលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដើរចេញពីសាន់ដេចូលហង្សមាសកាលពីឆ្នាំ២០១៧ មក មជ្ឈដ្ឋានមហាជនមើលឃើញថាលោកបាយ៉ារិទ្ធ និងសុវណ្ណារាជ ហាក់ចុះខ្សោយជាងមុនពោលគឺទប់មិនជាប់ទល់ឥទ្ធិពលរបស់លោកប៊ុនថៃ តែម្ដងទើបធ្វើឲ្យតារាទាំងពីរពិបាករក្សារតំណែង។

តែថ្មីៗនេះលោកប៊ុនថៃ បានដើរចេញពីហង្សមាសក្រោយផុតកុងត្រារយៈពេល៥ឆ្នាំហើយទៅរួមរស់ជាមួយGalaxy ទើបធ្វើឲ្យមានការលើកឡើងថាចាប់ពីពេលនេះតទៅលោកណុប បាយ៉ារិទ្ធ -ឆន សុវណ្ណារាជ អាចនឹងមានសង្ឃឹមល្បីលេចធ្លោឡើងវិញជាមិនខាន។ការសម្អាងបែបនេះព្រោះតែហង្សមាសនៅមិនទាន់រកតារាជើងខ្លាំងណាម្នាក់មកជំនួសលោកប៊ុនថៃ បានឡើយ ហេតុនេះផលិតកម្មជើងចាស់នេះជៀសមិនផុតពីការប្រើប្រាស់និងឡង់សេតារារបស់ខ្លួនដែលមានស្រាប់ជាថ្មីជាមិនខាន ដើម្បីទប់ទល់អតីតតារារបស់ខ្លួនដែលទៅឈជើងនៅផលិតកម្មជាគូប្រជែង។

យ៉ាងណាមតិខ្លះទៀតបែជាថាឆ្នាំនេះលោកបាយ៉ារិទ្ធ មានអាយុ៤២ឆ្នាំ ខណៈលោកសុវណ្ណារាជ មានអាយុ៣៨ឆ្នាំ ទៅហើយ ហេតុនេះតារាទាំងពីរគឺពិតជាពិបាកនឹងស្ទុះឡើងដូចកាលពួកគេនៅក្មេងទៅវិញ ។ការយល់ឃើញបែបនេះដោយសារតែអំឡុងពេលដែលលោកបាយ៉ារិទ្ធ និងសុវណ្ណារាជ ឡើងកូដខ្លាំងនោះ ហង្សមាសមិនទាន់មានកម្មវិធីជ្រើសរើសតារាចម្រៀងដូចពេលនេះទេ ហើយអ្នកនិពន្ធជាច្រើនចាំជួយធ្វើបទ ចម្រៀងឲ្យតារាទាំង ពីរច្រៀង ព្រោះតារាតិច អ្នកនិពន្ធច្រើន តែបច្ចុប្បន្នហង្សមាសរើសអ្នកចម្រៀងជារៀងរាល់ឆ្នាំហើយកម្មវិធីប្រ លងចម្រៀងមួយក្រៅពីម្ចាស់ពានក៍មានអម៣ទៅ៤នាក់ទៀតដែរក្លាយជាអ្នកចម្រៀងហង្សមាស ហេតុនេះតារាច្រើនជាងអ្នកនិពន្ធវិញម្ដង អីចឹងការមានសង្ឃឹមថាលោកបាយ៉ារិទ្ធ និងលោកសុវណ្ណា រាជ ឡើងខ្លាំងដូចមុន គឺមិនសូវមានភាគរយខ្ពស់ឡើយ បើទោះជាលោកប៊ុនថៃ បានចាកចេញទៅហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ នោះតារាទាំងពីរក្លាយជាJudge និងCoach និងមានតារាក្មេងៗខ្លះហៅថាជាគ្រូៗ ទៀតផង ហេតុនេះទីផ្សារ ចម្រៀងយុវវ័យស្ទើតែផុតពីដៃលោករិទ្ធ និងរាជ បន្ដិចម្ដងៗទៅហើយ។

យ៉ាងណាអតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់អះអាងថាបញ្ហាអាយុមិនមែនជាការកំណត់ជោគវាសនាអ្នកចម្រៀងនោះទេ ព្រោះតារានៅតែខ្លាំងឬចុះខ្សោយសំខាន់បំផុតគឺនៅលើសុខភាព និងរឿងថាតើផលិតកម្មគេលើកតាមរយៈការមានបទល្អៗឲ្យច្រៀងដែរឬអត់?ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះថាទាំងលោករិទ្ធ និងរាជ និងតារាផ្សេងៗទៀតរបស់ហង្សមាសគឺកុំពឹងលើផលិតកម្មទាំងស្រុងពេក បើចង់ល្បីគឺត្រូវតែធ្វើបទខ្លួនឯងខ្លះបន្ថែមពីលើផលិតកម្មទើបអាចទៅរួច។គ្រូភ្លេងរូបនោះសង្កត់ថាហង្សមាសមិនបានបិតតារាណាម្នាក់ទេ ប៉ុន្ដែតារាចម្រៀងពេលនេះពិតជាច្រើនជាងអ្នកនិពន្ធមែន ហេតុនេះបទវិលជុំទម្រាំដល់តារាណា១នេះមិនដូចចិត្តទេ អីចឹងមានតែអ្នកចម្រៀងធ្វើខ្លួនឯងខ្លះទៅដើម្បីឲ្យទាន់ចិត្តចង់ចេញរបស់ខ្លួនបាន។

ក្រៅពីលោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ដែលទស្សនិកជនរងចាំមើលថាតើអាចឡើងវិញឬអត់ ក្រោយអត់លោកខែម ប៊ុនថៃ នោះ តារាប្រុសផ្សេងៗទៀតដូចជាលោកនី រតនា ,លីម តិចម៉េងនិងថែល ថៃ ជាដើមក៍ស្ថិតក្នុងចំណោមអ្នកចម្រៀងដែលគេត្រូវតាមដានទីផ្សារចម្រៀងនិងវាយតម្លៃពីការប្រែប្រួលកម្រិតណានៅឆ្នាំ២០២៣ នេះដែរ៕
