Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងអប់រំ ណែនាំទប់ស្កាត់ភាពមិនប្រក្រតី ថ្ងៃបុណ្យ នៃក្តីស្រឡាញ់

ក្រសួងអប់រំ ណែនាំទប់ស្កាត់ភាពមិនប្រក្រតី ថ្ងៃបុណ្យ នៃក្តីស្រឡាញ់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីជូនណែនាំស្តីពីវិធានការទប់ស្កាត់ សកម្មភាពមិន ប្រក្រតីនានានៅតាមសាលារដ្ឋ និងឯកជន ក្នុងទិវានៃក្តីស្រឡាញ់ ដែលជាទូទៅត្រូវបានយុវវ័យមួយចំនួន ហៅដោយច្រឡំថាជាថ្ងៃបុណ្យសង្សារ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣  បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ដូចតទៅ ៖

១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។

២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដានអវត្តមានរបស់ សិស្សានុសិស្សជាប្រចាំ។

៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។

៤-ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់និងទទួល ព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នា ទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។

៥-បន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទ បញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ ភាគីពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់…៕

RELATED ARTICLES