ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីបន្ទប់ខុនដូស្នាក់នៅរបស់ឪពុកម្តាយ ស្ថិតនៅជាន់ទី៨ មកដល់ដី បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ប៉ុន្តែស្ត្រីជាម្តាយ មិនអស់ចិត្ត ក៏ដឹកកូនស្រីតាមម៉ូតូកង់បី ទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះ លុះដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ក្មេងស្រីរងគ្រោះ បានបាត់បង់ ជីវិតទៅ ហើយ ធ្វើឱ្យស្ត្រីជាម្តាយ ទួញសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចអគារខុនដូ ១កន្លែង ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្មេងស្រីរងគ្រោះដែលធ្លាក់ចុះពីអគារខុនដូ បណ្តាលឱ្យស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយគ្រាន់ តែដឹងថា ជាជនជាតិចិន អាយុប្រមាណ ៣ឆ្នាំ។ ដោយឡែកមូលហេតុដែល បណ្តាលឱ្យ ក្មេងស្រីរង គ្រោះធ្លាក់ ចុះមក នៅមិនទាន់ដឹងច្បាស់នៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងស្រីរងគ្រោះខាងលើ បាន ធ្លាក់ពីលើអគារខុនដូ ជាន់ទី៨ មកក្រោម ហើយភ្លាមៗនោះ គេឃើញស្ត្រីជាម្តាយ ដែលជាជនជាតិចិន បានរត់ ចុះមកក្រោម ហើយយំមុខសពកូនស្រី។ បន្ទាប់មក ដោយសារតែមិនអស់ចិត្ត ទើបស្ត្រីជាម្តាយ បានហៅ ម៉ូតូ កង់បី ឱ្យដឹកបញ្ជូនកូនស្រីរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថាកូនស្រីបាន ស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយរន្ធត់ចិត្តយ៉ាងខ្លាំង។

ដោយឡែក យោងតាមប្រភពព័ត៌មានមួយ បានបង្ហើបឱ្យដឹងថា ក្មេងស្រីរងគ្រោះជាជនជាតិចិន ខាងលើ បាន ស្នាក់នៅជាមួយម្តាយ និងបងប្រុស អាយុប្រមាណ៦ឆ្នាំម្នាក់ទៀត ហើយជាទូទៅ ក្មេងស្រីរងគ្រោះរពឹសណាស់ តែយ៉ាងណា គេមិនដឹងជាមូលហេតុអ្វីនោះទេ បានជាក្មេងស្រីនោះធ្លាក់ពីលើអគារជាន់ទី៨បែបនេះ។

ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះទៅដល់ទីតាំង កើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ៕
