Monday, November 25, 2024
Homeព្រឹត្តិការណ៍សង្គមសុំទោសយឺតពេល ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ VOD តាមបញ្ជានាយករដ្ឋមន្ត្រី

សុំទោសយឺតពេល ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ VOD តាមបញ្ជានាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) តាមបញ្ជានាយករដ្ឋមន្រ្តី ក្រោមហេតុផល សារព័ត៌មាន វីអូឌី (VOD) ដែលជាផ្នែកមួយនៃ CCIM បានរំលោភ​យ៉ាង​​ធ្ងន់​ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល ហើយធ្វើការសុំ​ទោសយឺត​ពេល​កំហិត ។

 គួររំលឹកថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុវីអូឌី (VOD) បានចុះផ្សាយព័ត៌មានថា មន្ត្រីរាជរដ្ឋាភិបាលថា ការដែលលោកហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ក្នុងការផ្តល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង។ វិទ្យុនេះបានសរសេរថា លោកហ៊ុន ម៉ាណែត បានតំណាងឱ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ចុះ​ហត្ថ​លេខាផ្តល់ជំនួយ ខណៈសម្ដេចហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី ។

 ក្រោយការចុះផ្សាយនេះ សម្ដេចហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំង និងបានដាក់ឱសានវាទឱ្យវិទ្យុវីអូឌី សុំទោស​រាជរដ្ឋាភិបាល និងលោកហ៊ុន ម៉ាណែត ជាសាធារណៈ ក្នុងរយៈពេល ៧២ម៉ោង ដោយសម្ដេច បញ្ជាក់ថា សម្ដេច ធ្វើដូច្នេះ ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុវីអូឌី ។

 សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្លូវការ របស់សម្ដេច នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនា ពីវិទ្យុ VOD មិនត្រឹមតែ​លើ​ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូល លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំ​លែក​នូវរបៀបគ្រប់គ្រងថវិកា និយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រី ម្នាក់គត់ មានសិទ្ធិបញ្ជាចំណាយ​ក្រោមច្បាប់​ថវិ​កាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជានាយអគ្គសេ​នាធិការ​សម្រា​ប់​ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិឬមក​លូកលាន់កិច្ច​ការនេះ​ឡើយ លើក​លែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសតួកគី យោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ 8 កុម្ភៈ ម៉ោង 6.56នាទី ។

បញ្ជាខ្ញុំឲ្យប្រកាស 10ម៉ឺនដុល្លារ ម៉ោង 7.12នាទី និងបញ្ជូនសំណេរទាំងពីរ ជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​គាត់​ឆ្លើយទទួលអនុវត្ត នៅម៉ោង 7.18 នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។

តើការចោទលើហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ?

ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល 72ម៉ោង ដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោសហ៊ុន ម៉ាណែត ផង។

ក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀម​ពាក្យបណ្តឹងទៅកាន់តុលាការ ក្នុងករណីពួកគេមិនព្រមសុំទោស។យើងមិនចង់បានអ្វីក្រៅ​ពីភាពស្អាតស្អំនិង​ត្រឹម​ត្រូវរបស់យើងនោះឡើយ។

សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធិរបស់អ្នក មានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។

មិត្តភក្តិបរទេស ឬសង្គមស៊ីវិល មុនបញ្ចេញមតិ សូមស្រាវជ្រាវរឿងនេះជាមុនសិន ទាំងអង្គហេតុនិងអង្គច្បាប់។

ចុងក្រោយ ខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំ សម្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ 14 មករា 2023 កន្លងទៅ គឺ (អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)“ ។

 ជាការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ សម្ដេចហ៊ុន សែន បានសរសេរបន្ថែម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមានខ្លឹម​សារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោស មកនៅត្រឹម ២៤ម៉ោង គឺកំណត់ត្រឹមម៉ោង 10.00នាទីព្រឹក ថ្ងៃ១៣ កុម្ភៈ ២០២៣ វិញ។

ដើម្បីកុំឲ្យយប់យូរសុបិនច្រើន និងអន្ទង់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណ បញ្ចប់​ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង 10.00នាទី ថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុងករណីដែលពួក​គេមិនបាន​ធ្វើការសូមទោស។

ដំបៅមិនឈឺ កុំយកឈើចាក់។ បើគង់តែពួកគេចោទថា ខ្ញុំប្រើអំណាច ខ្ញុំត្រូវតែប្រើអំណាចនេះ ដើម្បីបំពេញ​បំណងរបស់ពួកគេ។

ស្អែកនេះ ឯកឧត្តមប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំ សម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវ ជាមួយគ្នា“ ។

  នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដដែល នៅពេលបានឃើញសម្ដេចហ៊ុន សែន បានសរសេរបញ្ជាក់​ដាក់ឱ​សាន​វាទបែបនេះ នាយិកាស្តីទី នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា បានសរ​សេរ​លិខិតមួយច្បាប់ គោរពជូនសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ប៉ុន្តែនៅក្នុងលិខិតនោះ អ្នកស្រី ឆន សុគន្ធា មិនបានជម្រាបពីការសុំទោសទេ គឺគ្រាន់តែសរសេរដោយស្រង់ប្រសាសន៍ដើមរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលបានប្រាប់អ្នកសារព័ត៌មានរបស់វីអូឌី ក្នុងន័យដើមថា ដោយសារសម្ដេចហ៊ុន សែន ជាប់​រវល់ លោក «ក៏បានទុកការហ្នឹង ផ្តល់ជូនទៅ» លោកហ៊ុន ម៉ាណែត ដែលទទួលបន្ទុកខាងអន្តរាគមន៍​នៃសកម្ម​ភាព​មនុស្សធម៌អន្តរជាតិ។ លិខិតដដែល បញ្ជាក់ជំហរថា វីអូឌី តែងតែប្រកាន់ខ្ជាប់នូវគោល​ការណ៍ក្រមសីល​ធម៌វិជ្ជាជីវៈសារព័ត៌មាន និងថា វីអូឌី សូមសម្តែងការសោកស្តាយ និងសូមអធ្យាស្រ័យ ប្រសិនបើមានកំហុស​ឆ្គងណាមួយដោយអចេតនាដែលកើតឡើងទៅលើលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ។

អ្នកស្រី ឆន សុគន្ធា ពន្យល់ថា ឆ្លើយតបនឹងករណីនេះ វីអូឌី បានរៀបចំចេញអត្ថបទថ្មីមួយដោយ​យោងលើ​ព័ត៌មាន និងការស្រាយបំភ្លឺរបស់សម្ដេចហ៊ុន សែន និងលោកហ៊ុន ម៉ាណែត។

 ជាការឆ្លើយតប ក្នុងន័យមិនពេញចិត្តនឹងលិខិតខាងលើនេះ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា សម្ដេច មិន​អាចទទួលយកលិខិតរបស់ស្ថាប័នសារព័ត៌មានវីអូឌី ផ្ញើជូនសម្ដេច ដោយប្រើត្រឹមពាក្យសូមអធ្យាស្រ័យ និង​សម្ដែងការសោកស្ដាយ ជំនួសឱ្យការសូមទោសនេះទេ ព្រោះអ្វីដែលសម្តេច ចង់បាន គឺការសូមទោស​ជា​សា​ធារណៈ។ ដូច្នេះសម្ដេច បញ្ជាឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង 10.00នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ។ ជាមួយនេះ សម្ដេច ក៏បានប្រាប់ទៅលោក ផៃ ស៊ីផាន ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ឱ្យពិនិត្យលទ្ធភាពប្តឹងវិទ្យុនេះ ទៅតុលាការផងដែរ ។

  សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការ របស់សម្ដេច នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោស បានដែរឬទេ? សម្រាប់ខ្ញុំ មិនអាច​ទទួលយកបានឡើយ។

តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាល មែនទេ? ទុកជូនឯកឧត្តមផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។

ខ្ញុំកាន់តំណែងក្នុងរដ្ឋ រយៈពេលជាង ៤៤ឆ្នាំហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ ខ្ញុំពិតជា​យល់​ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើ រាប់ទាំងពាក្យសម្ដីវាគ្មិនមួយចំនួនដែល​ចូលមក​សម្ភាស​ក្នុងរឿងផ្លូវច្បាប់ ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសកួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់​លោកចង់ផ្សាយ​ដោយអចេតនានោះ?

ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសម្ដែងការសោកស្តាយនិងសូមការអធ្យាស្រ័យ ជំនួសឲ្យការ​សុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ ។

ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង 10.00នាទី ថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត។

សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបាន​គង់វង្ស។យើងបិទតែការផ្សាយគ្រប់ប្រភេទ​នៃវិទ្យុនេះ​ប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។

សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។សូមបុគ្គ​លិក​ដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត“ ។

 គោរពតាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន បានចេញប្រកាស ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចលុបអាជ្ញាប័ណ្ឌមជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលអាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹង​កេង​កងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងព្រះរា​ជា​ណាចក្រកម្ពុជា ដោយបញ្ជាក់ថា អង្គភាពសារព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល​តាមបទ​ប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន ។

 ក្រៅពីបានចេញប្រកាស លោករដ្ឋមន្រ្តីខៀវ កាញារីទ្ធ ក៏បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ដំណាក់ចុងក្រោយដែលធ្វើឲ្យទឹកហៀរចេញពីធុង មិនដឹង​អ្នក​ណាជាអ្នកឲ្យយយោបល់ VOD តែមានតែស្ថានទូតទេដែលប្រឹងចៀសមិនប្រើពាក្យ «សូមទោស» ។ លោកថា ស្ថាប័នកាសែត ប្រើភាសាទូត ទោះចង់ជួយ ក៏ពិតជាយ៉ាប់ហើយ តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វ​ផ្សាយព័ត៌មានឯ​ទៀតដែរ។ ជាពិសេសស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេ អាចប្រឈមនឹងការដកអាជ្ញាប័ណ្ណដូចគ្នា ។

  ចំណែកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោយពេលមានការបញ្ជាពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមុនពេលក្រសួងព័ត៌មាន ចេញប្រកាសលុបអាជ្ញាប័ណ្ណ VOD នោះ អ្នកស្រី ឆន សុគន្ធា នាយិកា​ស្ដីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសរសេរលិខិតដាច់ដោយឡែកមួយទៀត ទាំងយប់ ជូនសម្ដេចហ៊ុន សែន ។

 លិខិតវិទ្យុ VOD ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មានខ្លឹមសារថា «វីអូឌី ពិតជាមានការសោកស្តាយជាពន់ពេក ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់វីអូឌី ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ដែលមានសម្តេច ជាប្រមុខដឹកនាំ ។ វីអូឌី សូមទោសសម្តេច ផ្ទាល់ ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះការផ្សាយអត្ថបទព័ត៌មាននោះ។ សូមសម្តេចនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរ​ពដ៏​ខ្ពង់ខ្ពស់ពីយើងខ្ញុំ» ។

  ការសរសេរលិខិតទាំងយប់ របស់វីអូឌី នោះ សង្ឃឹមថា នឹងមានការឆ្លើយតបជាវិជ្ជមាន ឬព្រមទទួលយកសុំ​ទោសរបស់ខ្លួន ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ប៉ុន្តែផ្ទុយពីការរំពឹងទុក សម្ដេចហ៊ុន សែន បានរក្សាជំហ​រដើមថា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ ហើយថាទាល់តែត្រូវមួយកំផ្លៀង ទើបភ្ញាក់​ខ្លួនមកសុំទោស តែវាយឺតពេលហើយ ព្រោះល្ងាច មិនសូមទោស បែរជាមកសូមទោស ក្រោយម៉ោង​១២អធ្រា​ត្រទៅវិញ ។

  សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្ដេច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោស​ពេល​យប់​ជ្រៅ ក្រោយម៉ោង ១២យប់ទៅវិញ។ តើឈឺណាស់ទៅឬ ក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀង គិត​ណាស់​រឿងកិត្តិយស សូម្បីពាក្យសូមទោស មួយម៉ាត់ មិនហ៊ាននិយាយផង តែក្រោយត្រូវមួយកំផ្លៀង បែរជាភ្លេច​អស់​កិត្តិយស មកសូមទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ។ ខ្ញុំហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនផ្លាស់​ប្តូរ​ការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ។

ស្ថាបន័មានសមត្ថកិច្ច ត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់ កាលពីល្ងាចថ្ងៃ១២ កុម្ភៈ២០២៣ ដោយគ្មាន​ការកែ​ប្រែ។

សម្រាប់បងប្អូនដែលបាត់បង់ការងារ ត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយ ដែលកសាងកំហុសតាំង​ពីការផ្សាយព័ត៌មានមូលបង្កាច់ រហូតដល់ល្ងង់ មិនចេះទទួលខុសត្រូវលើការសូមទោស ធ្វើឲ្យបងប្អូនបាត់​បង់​ការ​ងារធ្វើ“ ។

 បន្ទាប់ពីត្រូវបានបិទការផ្សាយ តាមប្រកាសរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ មាន​អ្នកសារព័ត៌មានជាច្រើន បានចុះថតផ្ដិតយករូបភាពទិដ្ឋភាពនៅក្នុងការិយាល័យធ្វើការរបស់វីអូឌី ស្របពេល​មាន​​សមត្ថកិច្ចចុះទៅពិនិត្យការអនុវត្តប្រកាសរបស់ក្រសួងព័ត៌មានផងដែរ ដោយនៅការិយាល័យ មានសភាព​ស្ងប់ស្ងាត់ បុគ្គលិកវីអូឌី ទាំងអស់ត្រូវសម្រាក អស់ការងារ ក៏បានប្រកាសលាមហាជន អ្នកតាមដានព័ត៌​មានទាំង​អាល័យ ។ រហូតដល់មានបុគ្គលិកខ្លះ ស្រកទឹកភ្នែកដើម្បីសុំការសន្ដោសប្រណីពីសម្ដេចនាយករដ្ឋមន្រ្តី ។

អ្នកស្រីលឹម ធីតា បុគ្គលិកម្នាក់របស់វីអូឌី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅព្រឹកថ្ងៃទី១៣ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “ក្នុងនាមជាបុគ្គលិកផ្នែកផលិតកម្មវិធីរបស់ VOD ជាង១០ឆ្នាំ និង​បានចូលបម្រើការងារក្នុងអាជីពនេះ ២០ឆ្នាំកន្លងមក នាងខ្ញុំសូមថ្លែងអំណរអរគុណដល់វាគ្មិនគ្រប់រូប និងបង​ប្អូនពលរដ្ឋទាំងអស់ ដែលបានចូលរួម និងគាំទ្រកិច្ចការងាររបស់ពួកយើង។ នាងខ្ញុំគ្មានពាក្យអ្វីក្រៅ​ពីសូម​ជូនពរ​លោកអ្នកជួបតែសំណាងល្អ លាទាំងក្ដីអាល័យ»៕ កុលបុត្រ

RELATED ARTICLES