ភ្នំពេញ៖នៅ សុនិតា ដែលបានផ្អាកអាជីពសិល្បៈតាំងពីចុងឆ្នាំ២០១៨ ក្រោយប៉ៈស្នេហ៍លោកទឹត ថាវរិទ្ធ នោះ បានវិលមកកាន់ក្បាលមីក្រូធ្វើMC ជាថ្មីឡើងវិញហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការសង្ស័យថាចំណងស្នេហានាងជាមួយលោកថាវរិទ្ធ ឈានដល់ភាពរង្គោះរង្គើរកាលពីចុងខែធ្នូឆ្នាំ២០២២ តាមរយៈសុនិតា ចេញសារបង្កប់ហាក់ដូចជាត្រូវគូស្នេហ៍ក្បត់ចិត្ត។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយនិតា វិលរកអាជីពប្រមូលប្រាក់ល្អិតឡើងវិញនេះតារាមួយចំនួនដែលធ្លាប់ហៅនាងថាជា”ជំទាវៗ” ព្រោះលោកថាវរិទ្ធ មានឋានៈជាឯកឧត្តម និងកាន់តួនាទីជាអនុរដ្ឋលេខាធិកាក្រសួងវប្បធ័ម និងវិចិត្រសិល្បៈនោះ ស្រាប់តែពេលនេះមិត្តភក្ដិនាងទាំងនោះចាប់ផ្ដើមហៅនាងធម្មតាៗ ដូចមុនឡើងវិញ ដែលនេះបញ្ជាក់ថាតំណែងជំទាវរបស់នាងគឺពិតជាគ្មានសុវត្ថិភាពនោះឡើយ។

យ៉ាងណាមិនមែនមានតែសុនិតា ម្នាក់ទេដែលធ្លាប់ត្រូវបានគេហៅថាជំទាវៗតែនៅប្រឡូកសិល្បៈនោះក្នុងនោះមានដូចជាអ្នកនាងហ៊ឹម ស៊ីវន និងចាន់ កែវនិមល ម្នាក់ៗសុទ្ធតែក្លាយជាជំទាវដែរ ព្រោះមានប្ដីជាឯកឧត្តម តែពេលនេះតារាទាំងនោះនៅតែបន្ដលេងសិល្បៈជាធម្មតា។ដោយឡែកសម្រាប់សុនិតា វិញងារជំទាវរបស់នាងអាចនឹងប្រឈមជ្រុះបាត់គ្រប់ពេលវេលា ព្រោះថាចំណងអាពាហ៍ ពិពាហ៍ របស់នាងជាមួយលោកថាវរិទ្ធ មិនទាន់បានរៀបចំឡើងផង ត្រូវបានគេសង្ស័យថាពួកគេលែងចុះសម្រុងគ្នាទៅហើយ ខណៈតំណែងមួយនេះមានតារាស្រីៗមួយចំនួនទៀតកំពុងរងចាំត្រងពីសុនិតា ផងដែរ ឲ្យតែលោកថាវរិទ្ធ ប្រកាសថាខ្លួនលោកពោះម៉ាយម្ដងទៀតនោះ។

តាមប្រភពថាមុននឹងនៅ សុនិតា វិលមករកលុយល្អិតពីសិល្បៈសារជាថ្មីនោះនាងបានទៅរស់នៅផ្ទះល្វែងដ៍សាមញ្ញមួយនៅជាយក្រុង មិនមែននៅផ្ទះវីឡារធំស្កឹមស្កៃឯបុរីប៉េង ហួត បឹងស្នោរជាមួយស្វាមីឯកឧត្តមទៀតឡើយ។ចំណុចនេះរឹតតែធ្វើឲ្យគេកាន់សង្ស័យថាចំណងស្នេហារបស់សុនិតា និងលោកថាវរិទ្ធ គឺពិតជាមានការប្រែប្រួលមែន ព្រោះបើគ្មានរឿងទេ ហេតុអ្វីបានជាអ្នកទាំងពីររស់នៅផ្ទះបែកគ្នា?

យ៉ាងណាជុំវិញរឿងរ៉ាវខាងលើនេះអ្នកយកព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីនៅ សុនិតា បានឡើយ ព្រោះទូរស័ព្ទនាងតេមិចូល ខណៈដែលលោកថាវរិទ្ធ ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទយ៉ាងខ្លីថាលោកមិនចង់និយាយរឿងរ៉ាវពាក់ព័ន្ធជាមួយគ្រួសារឡើយ។ដោយឡែកនៅលើបណ្ដាញហ្វេសបុករបស់សុនិតា និងលោកថាវរិទ្ធ កាលពីពេលថ្មីៗនេះ អ្នកទាំងពីរមិនបង្ហាញពីការថតរូបជុំគ្នាដូចមុនទេ គឺមានតែរូបជាមួយកូនដូចគ្នាតែប៉ុណ្ណោះ។ក្រុមតារារួមអាជីពបានខ្សឹបខ្សៀវគ្នាថាសុនិតា ធ្លាប់រស់នៅផ្ទះវីឡារធំ និងជិះរថយន្ដទំនើបៗហើយទៅណាមកណាត្រូវគេគោរពនិងហៅថា”ជំទាវៗ”ជាង៣ឆ្នាំមកហើយ តែបើនាងបាត់បង់តំណែងធំនិងសម្ភារៈខាងលើហើយវិលមកប្រឡូកសិល្បៈសារជាថ្មីនោះគឺនាងពិបាកប្រឈមជាមិនខាន ពិសេសគឺការប្រមូលការគាំទ្រឡើងវិញដូចកាលនៅក្រមុំនោះមិនមែនជារឿងងាយស្រួលឡើយ។ទោះជាយាងណាគេជឿរថាសម្រស់ផូផង់ដូចសុនិតា ប្រាកដជាមិនខ្វះបុរសចង់ប្រគល់តំណែងជំទាវឲ្យនាងសារជាថ្មីនោះទេ ប្រសិនបើនាងពិតជាធ្លាក់ខ្លួនមេម៉ាយកូន១ដូចគេសង្ស័យមែន។

គូរបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ និងបានសម្រាលកូនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមកនាងបានផ្ដាច់ខ្លួនពីសិល្បៈស្ទើតែទាំងស្រុងដែលការធ្វើដំណើររបស់នាងមានអង្គរក្សបើករថយន្ដជូនសឹងគ្រប់ពេល។ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ និងបើសិនជាសុនិតា និងគូស្នេហ៍គ្មានវិធីផ្សះផ្សារស្នេហ៍ទេ នោះច្បាស់ជានាងនឹងត្រូវប្រឡូកសិល្បៈពេញទំហ៊ឹងទាំងMC,ច្រៀង ,ដើរម៉ូដ និងសម្ដែងភាពយន្ដឡើងវិញជាមិនខានឡើយ ដែលពេលនោះអំណាចនាងធ្លាប់មានពេលឡើងជាជំទាវនឹងត្រូវថយចុះឥទ្ធិពលបន្ដិចម្ដងៗជាមិនខាន៕
