ភ្នំពេញ៖អ្នកចម្រៀងស្បែកសខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដល់កិច្ចសន្យាជាមួយឪពុកនាងលោកអ៊ូ វ៉ាវ ហើយនោះគឺត្រូវចូលរោងការនៅឆ្នាំ២០២៣ នេះដែលអាយុនាងគម្រប់៣០ឆ្នាំ ។ប៉ុន្ដែនៅពេលដល់កំណត់អ៊ីវ៉ា ថានឹងបញ្ចប់ភាពនៅលីវត្រឹមគោលការណ៍ដែលបានព្រមព្រៀងគ្នាជាមួយលោកវ៉ាវ នោះស្រីនាថ បែជាធ្វើឲ្យលោក ឈឺក្បាលទៅវិញនោះគឺនាងហាក់ចង់អេះអុញខ្លាចមានប្ដីទៅធ្វើឲ្យអាជីពចម្រៀងចុះខ្សោយ ទើបស្រីស្អាតព្យាយាមលើកហេតុផល ផ្សេងៗទៅកាន់លោកវ៉ាវ ជាបន្ដបន្ទាប់ ។ប៉ុន្ដែសំណើរនោះមិនត្រូវបានឪពុកនាងយោគយល់ឬស្របតាមគោលគំនិតរបស់នាងទាំងស្រុងសារជាថ្មីឡើយ ព្រោះលោក ចង់ឲ្យនាងការប្ដីតាំងពីអាយុ២៥ឆ្នាំ ពោលគឺតាំងពី៥ឆ្នាំមុន ឬឆ្នាំ២០១៧ ម្លេះ ដោយសារតែលោកចង់បានកូនប្រសារមករ៉ាប់រងការបើករថយន្ដជូននាងទៅច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយជំនួសលោកដែលធ្លាប់ធ្វើការងារនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ។តែអ្វីដែលលោកវ៉ាវ ស្រងាកចិត្តនោះគឺស្រីនាថ ហាក់នៅតែចង់អូសក្រឡាការប្ដីដដែល។

សូមបញ្ជាក់ថាកាលពីដើមខែកុម្ភៈឆ្នាំ២០២៣ នេះស្រីស្អាតអ៊ីវ៉ា ធ្លាប់ត្រូវបានគេប្រទះឃើញនាងមានបុរសម្នាក់ព្យាយាមបង្ហាញភាពស្និតស្នេហ៍នាងតាមនៅតំបន់ទេសចរណ៍មួយចំនួនដែលធ្វើឲ្យគេសង្ស័យថាប្រុសនោះជាគូស្នេហ៍របស់តារាសាន់ដេតែម្ដង ខណៈដែលស្រីនាថ ធ្លាប់បានបង្ហើបកាលពីខែមីនា ឆ្នាំ២០២២ ថានាងមានម្ចាស់ចិត្តហើយដែលបុរសនោះជាអ្នកធ្វើការក្នុងវិស័យកីឡា តែមិនបញ្ជាក់អត្តសញ្ញាណគូស្នេហ៍ថាជាអ្នកណាឡើយ។

ដោយឡែកនៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day)កាលពីទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អ៊ីវ៉ា ក៍ទទួលបានកាដូបាច់ផ្កាពីគូស្នេហ៍ដែរ តែនាងនៅតែមិនព្រមបង្ហាញមុខម្ចាស់ចិត្តទៀត ទើបធ្វើឲ្យប្រុសនោះមិនសូវរីករាយនោះទេ ព្រោះលោកចង់ឲ្យស្រីនាថ បញ្ចេញមុខលោកជាសង្សារនាងដើម្បីកុំឲ្យប្រុសផ្សេងតាមញ៉ែនាងទៀត។ចំណែកលោកវ៉ាវ វិញនៅតែរក្សារជំហចាស់ដដែលគឺលោកទុកសិទ្ធិឲ្យកូនស្រីសម្រេចចិត្តជ្រើសប្ដីដោយខ្លួនឯងដល់ទៅ៦០% ខណៈរូបលោកសុំតែត្រឹម៤០% មើលតាមក្រោយនាងប៉ុណ្ណោះ។លោកចន្ថា ធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័តមានយើងថាលោកមិនដែលចង់បានកូនប្រសារជាបុរសក្មេងស្ទាវ នោះទេ គឺចង់ឲ្យកូនស្រីយកស្វាមីជាបុរសចំណាស់ ព្រោះមនុស្សប្រុសកាលណាវ័យចាស់បន្ដិចគឺចាស់ទុំទាំងចិត្តគំនិតហើយ។

ក្រៅពីអ៊ីវ៉ា តារាដែលចង់រៀបការនៅអាយុ៣០ឆ្នាំដូចនាងដែរមានដូចជានាងគង់ វង្សយ៉ាទី តែពេលនេះស្ងាត់ឈឹង និងខ្លះសង្ស័យថានាងមានកូន២ទៅវិញ ខណៈដែលនាងហ៊ិន ច័ន្ទនីរ័ត្ន ក៍ធ្លាប់ថាចង់លាភាពនៅលីវត្រឹមអាយុដូចគ្នានេះដែរ ប៉ុន្ដែឥឡូវឈានចូល៣២ឆ្នាំទៅហើយនៅតែអត់ទាន់ដឹកដៃលោកគ្រូពេទ្យសុវណ្ណារិទ្ធ ក្រាបផ្ទឹមទៀត។

សម្រាប់អ៊ីវ៉ា វិញការរារែកចិត្តរឿងយកប្ដីរបស់នាង គេជឿរថាក្រៅពីបារម្ភខ្លាចមានស្វាមីទៅ ច្រៀងលែងល្បីនោះក៍នាងពិបាកសម្រេចចិត្តក្នុងការជ្រើសរើសប្រុសៗដែលចូមមកព្រមគ្នាផងដែរ ព្រោះស្រីស្រស់រូបនេះមានជម្រើសច្រើនហើយនាងធ្លាប់ទទួលស្គាល់ថាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែនាងថាអត់ធ្លាប់ដែលបានភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ម្ដងណាឡើយ។អ្វីដែលគូរឲ្យតក់សម្គាល់នោះស្រីនាថ គ្មានសញ្ញាផ្សះផ្សារស្នេហាចាស់ជាមួយលោកថៅកែ”ប”ជាប្អូនមន្រ្ដីធំផ្កាយ៣នោះទេ ក្រោយពួកគេដើរផ្លូវផ្សេងគ្នាកាលពីឆ្នាំ២០១៣មក។

ទស្សនិកជនរងចាំមើលថាតើអ៊ីវ៉ា នឹងអាចគេចផុតពីការរៀបការប្ដីនៅឆ្នាំ២០២៣ នេះទៀតដែរឬទេ បើគ្មានការយល់ព្រមពីឪពុកនាង?ដោយឡែកតារាដែលច្បាស់ថានឹងរៀបការនៅឆ្នាំនេះគឺមានពេជ្រ សោភា និងប៉ាច គីមមួយ ជាដើម…៕