ភ្នំពេញ៖អ្នកនាងនារីរ័ត្ន គន្ធា បានបង្ហាញអារម្មណ៍ប្រាប់”នគរធំ”នៅថ្ងៃទី២២ កុម្ភៈ ថានាងបានត្រៀមខ្លួនមករស់នៅស្រុកខ្មែរវិញនាពេលខាងមុខដ៍ឆាប់ៗបនេះហើយ។ការអះអាងរបស់អតីតតារាសម្ដែងទសវត្សន៍៨០ និង៩០ រូបនេះក្រោយពីអ្នកនាងបង្ហាញខ្លួនចូលរួមពិធីសែនក្រុងពាលីភាពយន្ដបែបប្រវត្តិសាស្រ្ដរឿង”អប្សារា មហាអង្គរ”ដែលនិពន្ធដោយឯកឧត្តមហ្វៃ សំអាង និងលោកយូ សុភា ព្រមទាំងជាការដឹកនាំផ្ទាល់ដោយអ្នកដឹកនាំភាពយន្ដល្បីឈ្មោះលោកសំអាង ។អ្នកនាងគន្ធា បានឲ្យដឹងថានាងបានទិញដី១កន្លែងនៅខេត្តសៀមរាបតាំងពី២០ឆ្នាំមុន ហើយបានសាងសង់ផ្ទះលើដីនោះកាលពីឆ្នាំ២០១៨ និងពេលនេះជិតរួចរាល់ហើយ តែការកំណត់មករស់នៅខ្មែរជាក់លាក់នាងថាមិនទាន់អាចកំណត់បានទេ ព្រោះនាងរងចាំឲ្យកូនៗប្រុសស្រីទាំងពីររបស់នាងដែលកំពុងរស់នៅរដ្ឋអាយឡែនសហរដ្ឋអាមេរិកពួកគេអាចនៅទីនោះបានដោយខ្លួនឯងបានទើបនាងចុះមករស់នៅខ្មែរបានហើយចំពោះមូលហេតុដែលនាងជ្រើសយកការសង់ផ្ទះនៅខេត្តសៀមរាប ដោយសារតែនាងស្រលាញ់ខេត្តនេះខ្លាំងណាស់ ព្រោះទីនោះប្រៀបបានដូចជាទឹកដីដ៍អច្ឆរិយមួយរបស់ខ្មែរដែលប្រជុំទៅដោយប្រាងប្រាសាទ។



ទាក់ទងការថតភាពយន្ដរឿង”អប្សារា មហាអង្គរ”វិញអ្នកនាងនារីរ័ត្ន គន្ធា ថានាងមិនទាន់ដឹងពីតួដែលនាងត្រូវសម្ដែងច្បាស់លាស់នោះទេ តែឭថានាងត្រូវលេងជាតួស្រ្ដីគ្រប់លក្ខណ៍ម្នាក់ ហើយនាងពេញចិត្តក្នុងការមានឱកាសថតភាពយន្ដមួយនេះព្រោះកន្លងមកធ្លាប់ធ្វើការជាមួយលោកហ្វៃ សំអាង ជាច្រើនរឿងមកហើយ។អ្នកនាងនារីរ័ត្ន គន្ធា បន្ថែមថាអ្វីដែលកាន់តែពិសេសនោះគឺការថតភាពយន្ដនេះនាងបានជួបដៃគូរចាស់ឡើងវិញនោះគឺលោកទេព រិនដារ៉ូ ក្រោយមិនបានថតរឿងថ្មីជាមួយគ្នាជាង២០ឆ្នាំមកហើយទើបអ្នកនាងភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងណាស់ពេលដែលដឹងថានាងនឹងសម្ដែងជាមួយលោកដារ៉ូ ជាថ្មី។អ្នកនាងគន្ធា បន្ថែមទៀតថាបន្ទាប់ពីថតរឿង”អប្សារា មហាអង្គរ”នេះចប់នាងនឹងទទួលថតរឿងផ្សេងៗទៀតបើមានផលិតករទាក់ទងព្រោះថាពេលនេះនាងនៅខ្មែរស្ទើតែច្រើនជាងអាមេរិកទៅហើយ។



ក្រៅពីអ្នកនាងនារីរ័ត្ន គន្ធា រឿង”អប្សារា មហាអង្គរ”ប្រជុំទៅដោយតារាសម្ដែងទាំងប្រុសស្រីល្បីល្បាញដល់ទៅជាង១០០ដួងឯណ្ណោះ ក្នុងនោះមានដូចជាលោកទេព រិនដារ៉ូ ,យឹត មាសឧស្សាហ៍,រស់ សោភ័ណ្ឌ,ឆឹម សក្កដា,ទ្រី ដារ៉ាវុធ,លឹម ជាឡាយ,ពៅ ពិសិដ្ឋ…,អ្នកនាងអម្ពរ ទេវី,លី ម៉ារីណា ,សឹម ស្រីនិច្ច,ពេជ្រវត្តី សារ៉ាវ៉ាឌី,កែវ ឡាវីញ,សារ៉ាយ សក្ខណា ,ផាត់ ផាន់ណា និងតារាជាច្រើនដួងទៀត។



ឯកឧត្តមហ្វៃ សំអាង បានឲ្យដឹងថារឿង”អប្សារ៉ា មហាអង្គរ”បានរំលេចក្បាច់គុណល្បុកតោ, របាំអប្សារា ,កំណាព្យកាបឃ្លោង,អក្សរសាស្រ្ដ ព្រោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះនគរមានភាពរុងរឿង មានការរីកចម្រើនលើគ្រប់វិស័យ។តាមរយៈខ្សែភាពយន្ដនេះយើងលើកយកមកបង្ហាញភាពរីកចម្រើននាសម័យកាលនោះ ដើម្បីជាការដឹងគុណដល់មហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ហើយក្នុងនាមជាកូនខ្មែរ ជាអ្នកផលិតខ្សែភាពយន្ដ លោកត្រូវតែធ្វើការដឹងគុណដល់បុព្វបុរសយើងតាមរយៈការផ្សព្វផ្សាយកេរ្តិ៍មរតកនេះឲ្យបានសុះសាយទាំងនៅលើឆាកជាតិនិងអន្ដរជាតិ។ឯកឧត្តមហ្វៃ សំអាង មិនបញ្ជាក់ថាភាពយន្ដនេះត្រូវចំណាយទុនអស់ប៉ុន្មាននោះទេ តែលោកបង្ហើបថាគ្រាន់តែចេញបើកកាមេរ៉ាថតចាយអស់ជាង២០ម៉ឺនដុល្លារបាត់ទៅហើយ ខណៈដែលការប្រើគ្រឿងអលង្ការទៅលើតួអង្គនីមួយក្នុងម្នាក់ៗមិនក្រោម៥០០ដុល្លារនោះទេ ហើយរឿងនេះចំណាយលើការនិពន្ធ៣ឆ្នាំ ការសិក្សារស្រាវជ្រាវគ្រឿងអលង្ការរយៈពេល១ឆ្នាំ និងការថតប្រើពេល១ឆ្នាំកន្លះទៀតសរុបគឺ៥ឆ្នាំ និងមាន៥០ភាគ។លោកសំអាង ដែលធ្លាប់ផលិតរឿងភាគបានជាង២០រឿង និងរឿងខ្នាតធំ៤ រឿងមកហើយនិងទើបតែចាប់ផ្ដើមផលិតរឿងបែបប្រវត្តិសាស្រ្ដជាលើកទី១រូបនេះថាលោកនៅមានត្រៀមផលិតរឿង”អ្នកស្នងទាយាទ” និងរឿង”ចៅពស់កេងកង”វគ្គថ្មីទៀតនាពេលខាងមុខនេះផងដែរ បន្ទាប់ពីបញ្ចប់រឿង”អប្សារា មហាអង្គរ”។



ដោយឡែកសម្រាប់លោកទេព រិនដារ៉ូ វិញបានថ្លែងថាតាមដឹងលោកត្រូវលេងឈុតស្នេហាជាមួយដៃគូចាស់(អ្ននាងអម្ពរទេវី ,នារីរ័ត្ន គន្ធា)តែលោកថាមិនទាន់ដឹងយ៉ាងណាយ៉ាងណីនោះទេ ព្រោះនៅលើជាក់ស្ដែង ព្រោះថាឈុតពីមុនៗដែលលោកបានសម្ដែងជាមួយអតីតតារាទាំងពីរលោកបានភ្លេច ខ្លះមកហើយ។



ទាំងលោកហ្វៃ សំអាង និងអ្នកនាងនារីរ័ត្ន គន្ធា រួមទាំងតារាជាង១០០ដួងមានទាំងតួតូចនិងតួធំនោះពួកគេសុទ្ធតែមានជំនឿរចិត្តថាភាពយន្ដបុរាណនេះនឹងទទួលបានការគាំទ្រពីមហាជនជាមិនខាន ព្រោះទោះជាភាពយន្ដបែបប្រឌិតក្ដី ប៉ុន្ដែវាជារឿងប្រវត្ដិសាស្រ្ដរបស់ខ្មែរ ដែលអ្នកនិពន្ធនិងដឹកនាំមានការសម្រិតសម្រាំងខ្លាំងណាស់ទើបចេញជារូបរាងបានដូចពេលនេះ ស្របពេលរឿងនេះអាចនឹងដាក់បញ្ចាំងនៅចុងឆ្នាំ២០២៤ ខាងមុខនេះហើយ៕

