ភ្នំពេញ៖ដូចការសង្ស័យមែនថានៅឆ្នាំ២០២៣ នេះព្រាប សុវត្ថិ នឹងងាកមកចាប់ដៃកូនប្រុសទី១របស់លោកឡើងវិញ ព្រោះសុវត្ថិ មុនីវណ្ណ ស្ងប់ស្ងាត់រយៈពេលជាង២ឆ្នាំហើយដោយសារគ្មានបទថ្មីៗនៅហង្សមាសមុនដាច់កុងត្រា ទើបរូបគេងាកមកធ្វើជាដៃគូជាមួយឪពុកជាលើកទី២។លោកព្រាប សុវត្ថិ បានចាត់ទុកកូនប្រុសទី១និងលោកថាជាបងប្អូនដោយសារតែពាក្យនេះត្រូវបានតារារួមអាជីពហៅបែបនេះជាច្រើនដងមកហើយ តាមរយៈសកម្មភាពស្និតស្នាលរវាងឪពុកនិងកូនប្រុស និងវ័យរបស់លោកទោះជាឆ្នាំនេះឈានចូលវ័យ៤៨ឆ្នាំទៅហើយតែនៅរក្សារបានភាពក្មេងជាងវ័យនោះទើបអ្នកស្និតហៅលោកសុវត្ថិ និងកូនៗថាជាបងប្អូន។ ប៉ុន្ដែតាមរយៈការចេញច្រៀងរួមគ្នាសារជាថ្មីរវាងលោកព្រាប សុវត្ថិ និងកូនទី១នេះគេនៅមិនទាន់ឃើញឪពុកនិងកូនប្រុសមានបទថ្មីៗច្រៀងឆ្លងឆ្លើយឡើយ ពោលគឺភាគច្រើនច្រៀងតែបទល្បីចាស់ៗ នៅហង្សមាស។

ដោយឡែកសម្រាប់កូនប្រុស២នាក់ទៀតគឺសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនទាន់ត្រូវបានលោកព្រាប សុវត្ថិ ប្រមូលពួកគេមកចាប់ដៃគ្នាជាមួយលោកឡើងវិញនៅឡើយ ហេតុនេះហើយអ្នកដែលចាប់ផ្ដើមមានសកម្មភាពសិល្បៈជាថ្មីគឺមានតែកូនច្បងលោកប៉ុណ្ណោះ។សម្រាប់សុវត្ថិ មុនីវណ្ណ ដែលលេចឭថាទៅច្រៀងនៅGalaxy ជាមួយឪពុករបស់គេក្រោយផុតកុងត្រាជាមួយហង្សមាសកាលពីចុងឆ្នាំ២០២២ នោះ ពេលនេះក៍មិនទាន់ឃើញចេញបទថ្មីៗផ្ទាល់ខ្លួនដែរ ខណៈអ្នកចាត់ការទូទៅរបស់Galaxy អ្នកនាងយឹម សុជាតា ក៍មិនទាន់ទទួលស្គាល់ថាមុនីវណ្ណ ក្លាយជាតារាផលិតកម្មមួយនេះនៅឡើយ។

ព្រាប សុវត្ថិ បានរយាលៗពីសិល្បៈជាច្រើនខែមកហើយ ពោលគឺតាំងពីលោកឡើងជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ម្លេះ គឺភាគច្រើនគេឃើញលោកងាកទៅរកស៊ីលក់ដីឡូតិ៍ច្រើនជាងច្រៀងរាំ។ប៉ុន្ដែលោកសុវត្ថិ ធ្លាប់អះអាងនៅចំពោះមុខអ្នកសារព័តមានថាលោកមិនទៅណាចោលពីអាជីពចម្រៀងនោះទេ ដោយស្រវ៉ាចាប់ការច្រៀងសម្ដែងនិងធ្វើជំនួញស្មើគ្នា។ចំពោះកូនប្រុសទាំង៣របស់លោកវិញ អតីតតារាហង្សមាសរូបនេះថាបានត្រៀមរួចជាស្រេចហើយរងចាំតែពេលវេលាដែលសមស្របប៉ុណ្ណោះគឺនឹងបញ្ចេញសកម្មភាពតែម្ដង។

ជុំវិញលោកព្រាប សុវត្ថិ ងាកទៅចាប់ដៃច្រៀងសម្ដែងជាមួយកូនប្រុសម្ដងទៀតនេះគេនៅមិនទាន់ដឹងទេថាអាចជោគជ័យដូចមុនឬអត់នោះទេ ប៉ុន្ដែនេះជាសញ្ញាមួយបង្ហាញថាលោកឧកញ៉ារូបនេះកំពុងតែព្យាយាមឲ្យកូនរបស់លោកបញ្ចេញសម្ថភាពជាថ្មី ខណៈដែលពេលនេះគេនៅតែមិនទាន់ដឹងច្បាស់ទេថាតើក្នុងចំណោមកូនប្រុសទាំង៣របស់លោកមួយណានឹងអាចស្នងតំណែងរបស់លោកបាននាពេលអនាគតនោះ ខណៈដែលទស្សនិកជនរងចាំមើលថាតើលោកសុវត្ថិ នឹងយកកូន២នាក់ទៀតរបស់លោកគឺសុវត្ថិ មុនាគ និងសុវត្ថិ សិរីវុឌ្ឍ ចូលGalaxy ទាំងអស់គ្នាតែម្ដងឬយ៉ាងណា?ចំពោះសុវត្ថិ មុនីវណ្ណ វិញត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាសម្លេងមធ្យម តែចំណុចពិសេសគឺគេមានរូបរាងសង្ហារទាក់ទាញនារីច្រើន។ចំណែកអតីតដៃគូរបស់លោកព្រាប សុវត្ថិ គឺអ្នកនាងពេជ្រ សោភា ធ្លាប់អះអាងថាក្នុងចំណោមកូនទាំង៣របស់លោកសុវត្ថិ នាងយល់ថាកូនទី២គឺសុវត្ថិ មុនីនាគ សាកសមជាងគេក្នុងការជំនួសលោកព្រាប សុវត្ថិ នាពេលខាងមុខ។

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានចាប់ដៃអ្នកនាងឡុង ស្រីមុំ រយៈពេល២៦ឆ្នាំមកហើយដែលពេលនេះអ្នកស្រីក្លាយទៅជាជំទាវ ក្រោយលោកសុវត្ថិ ឡើងជាឧកញ៉ាជិត១ឆ្នាំនេះ ដោយទទួលបានចំណងដៃកូនប្រុស៣នាក់ហើយពួកគេសុទ្ធតែមានជំនាញនិងដុងសិល្បៈតាំងពីតូចៗម្លេះព្រោះឪពុករបស់គេបណ្ដុះបណ្ដាល។តែអ្នកនាងស្រីមុំ មិនតាមយកកូនស្រីនោះទេ បើទោះជានាងតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្ដីដូចគូស្នេហាយុវវ័យក្ដី ខណៈដែលលោកសុវត្ថិ ហៅកូនទី៣ថាជាកូនពៅ។ប្រភពបានឲ្យដឹងថាលោកព្រាប សុវត្ថិ នៅតែពេញចិត្តជំហានថ្មីរបស់លោកនៅGalaxy ទើបលោកយកកូនទី១ទៅតាម បើទោះជាមនុស្សភាគច្រើនមើលឃើញស្របគ្នាថាពេលនេះបទចម្រៀងរបស់លោកលែងសូវមានល្បីៗដូចមុនទៀតក្ដី តែនៅឆ្នាំ២០២៣ នេះគេឃើញលោកឧកញ៉ារូបនេះហាក់ប្រឹងស្ដារមុខមាត់ក្នុងអាជីពចម្រៀងជាងឆ្នាំចាស់៕
