Saturday, September 21, 2024
Homeតារាខ្មែរខ្ញុង យំឱបកូន លាផ្ទះធ្លាប់ជ្រក ឡានធ្លាប់ជិះ ពេលនេះ អ្វីក៏អស់ សល់តែជីវិតនិងបំណុល

ខ្ញុង យំឱបកូន លាផ្ទះធ្លាប់ជ្រក ឡានធ្លាប់ជិះ ពេលនេះ អ្វីក៏អស់ សល់តែជីវិតនិងបំណុល

ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលមុននេះធ្វើឲ្យមហាជន ទស្សនិកជន ភ្ញាក់ផ្អើលរឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះ ចុងក្រោយនេះ បានបង្ហាញរូបភាពឱបកូនតូចយំ លាផ្ទះធ្លាប់ជ្រក ឡានធ្លាប់ជិះ ដោយនាងបញ្ជាក់ថា ពេលនេះអ្វីក៏បាត់បង់អស់គ្រប់យ៉ាង សូម្បីតែគ្រួសារនៅ សល់តែជីវិត និងបំណុល ។

 អ្នកនាងខ្ញុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ០២៣ ថា ពេលនេះសូម្បីតែផ្ទះបង់រំលស់ កន្លែងដែលនាងធ្លាប់ ជ្រក ធ្លាប់រកស៊ី ធ្លាប់តស៊ូពុះពារអស់រយៈពេលបីឆ្នាំមកហើយ នៅសង្កាត់ព្រែកព្នៅ នោះក៏នាងរក្សាមិនបាន ត្រូវបង្ខំចិត្តលក់ ដើម្បីដោះស្រាយបញ្ហាបំណុល និងត្រូវរើទៅនៅផ្ទះជួល ដែលស្ថិតនៅតំបន់កួរស្រូវ ទាំងក្នុង ខ្លួនគ្មានលុយមួយរៀល រហូតត្រូវបង្ខំចិត្តផ្សាយលក់ផលិតផល ឡេ និងសាប៊ូកក់សក់ បញ្ចុះតម្លៃពាក់កណ្តាល ដើម្បីបានលុយសម្រាប់ឲ្យថ្លៃជួលឡានរើផ្ទះ ចំនួន ៣០០ដុល្លារ។

នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ០២៣ អ្នកនាងខ្ញុង បានបង្ហោះរូបផ្ទះរបស់អ្នកនាង ដែលនាងធ្លាប់ជ្រក ៣ឆ្នាំ ពេលនេះ ត្រូវបានលក់ ដើម្បីដោះបំណុល ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «កន្លែងធ្លាប់ លក់ កន្លែងធ្លាប់ជ្រក យើងធ្លាប់តស៊ូពុះពារដើម្បីឯង អស់រយៈពេលបីឆ្នាំហើយ មានទាំងសុខ និងទុក្ខ តែពេល នេះ ខ្ញុំអស់លទ្ធភាពយកឯងមកជាកម្មសិទ្ធិទៀតហើយ។ ពេលនេះអស់ហើយ សូម្បីតែផ្ទះបង់រំលស់មួយ ក៏រក្សា មិនបាន សល់ត្រឹមតែជីវិតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាបំណុល… លាទាំងអាល័យ»។

នៅថ្ងៃដដែលនោះ អ្នកនាងខ្ញុង បានបង្ហោះរូបយំឱបកូនតូច ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយ សំណេរថា «ទោះពេលនេះម៉ែគ្មានអី តែម៉ែក៏សល់ជីវិតដើម្បីរស់ចិញ្ចឹមកូនណា តស៊ូជាមួយម៉ែណាកូន មានត្រឹម ម៉ែម្នាក់ ក៏អាចចិញ្ចឹមកូនបាន។ សម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាង សូម្បីតែគ្រួសារ តើឱ្យខ្ញុំរឹងមាំបានប៉ុនណា ទៀត? រាល់ថ្ងៃ ខ្ញុំស៊ូណាស់ ទ្រាំទាំងក្តីអាម៉ាស់ ពេលខ្លះក៏ត្រូវគេចំអក គេជាន់ គេដៀល តែខ្ញុំក៏នៅតែស៊ូ… តែថ្ងៃ នេះ ភាពរឹងមាំរបស់ខ្ញុំ មិនមានទៀតទេ»។

អ្នកនាងខ្ញុង សរសេរបន្ថែមទៀតថា «មិនអីទេ កុំយំណា ឱ្យតែសល់ជីវិត ដើម្បីរកលុយ ដោះស្រាយគេបន្ត របស់ របរអស់ អាចរកបាននៅថ្ងៃក្រោយទៀត ស៊ូៗដើម្បីកូន»។

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ០២៣ អ្នកនាងខ្ញុង បានបង្ហោះវីដេអូផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុក របស់នាងថា មនុស្សមានកម្មដូចនាង មិនងាយស្លាប់ទេ នាងនឹងព្យាយាមតស៊ូធ្វើការ និងរកស៊ីបន្តទៀត ដើម្បីដោះបំណុល ឲ្យអស់ ហើយនៅថ្ងៃនោះដែរ ដោយសារអ្នកទិញផ្ទះ បង្ខំឲ្យនាងរើអីវ៉ានចេញ ហើយនាងគ្មានលុយសម្រាប់ ឲ្យថ្លៃឈ្នួលឡានដឹកអីវ៉ាន់រើផ្ទះ ចំនួន ៣០០ដុល្លារ អ្នកនាងបានសម្រេចចិត្តផ្សព្វផ្សាយលក់ផលិតផលឡេនិង សាប៊ូកក់សក់ ដែលទើបចូលស្តុកថ្មី ដោយលក់បញ្ចុះតម្លៃពាក់កណ្តាល ហើយបន្ទាប់ពីផ្សាយលក់បានបន្តិច ដោយសារឡានដឹកអីវ៉ាន់មកដល់ នាងក៏សម្រេចបិទការឡាយ ដើម្បីរៀបចំអីវ៉ាន់រើផ្ទះ ទៅកាន់ផ្ទះជួល នៅទី តាំងថ្មី ក្នុងតំបន់កួរស្រូវ ខណ្ឌដង្កោ។

អ្នកនាងខ្ញុង បានប្រកាសថា សម្រាប់បងប្អូន ដែលអាណិតនាង ចង់ជួយនាង សូមជួយតាមរយ: ទិញផលិត ផលផ្សេងៗដែលអ្នកនាងឡាយលក់តាមអនឡាញចុះ ដោយនាងបញ្ជាក់ថា នាងមិនទទួលយកអំណោយ ជាលុយកាក់ បាញ់តាមគណនីធនាគារនោះទេ ដោយសារកន្លងទៅនាងធ្លាប់ត្រូវគេរិះគន់វាយប្រហាររឿង ពេលអត់លុយ ប្រកាសរកជំនួយនេះ សូម្បីមានអ្នកមានចិត្តសប្បុរស បានឧបត្ថម្ភលុយដោយបាញ់ចូល គណនីធនាគាររបស់នាង ក៏នាងសូមមិនទទួល ហើយបាញ់ត្រឡប់ទៅម្ចាស់ដើមវិញដែរ។ យ៉ាងណានាង សូមអរគុណដល់ទឹកចិត្តអាណិតស្រឡាញ់ និងការលើកទឹកចិត្តពីបងប្អូនជនរួមជាតិទាំងអស់ និងសូមជូន ពរបងប្អូនទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន កុំឲ្យមានការលំបាកខ្វះខាត៕ ខៀវទុំ

RELATED ARTICLES