Saturday, September 21, 2024
Homeសន្ដិសុខសង្គមកម្ពុជា រកឃើញជំងឺផ្តាសាយបក្សី កុមារីម្នាក់ស្លាប់

កម្ពុជា រកឃើញជំងឺផ្តាសាយបក្សី កុមារីម្នាក់ស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយ បក្សី H5N1 លើមនុស្សនៅកម្ពុជា កើតលើកុមារីអាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់ម្នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជា ណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងថា «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សាធារណជនទាំងអស់ ឱ្យបានជ្រាបថា មានករណីជំងឺផ្តាសាយបក្សី ចំនួន ១ករណី ដែលត្រូវបានអះអាង បញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អិន១ (H5N1) លើកុមារីម្នាក់ អាយុ១១ឆ្នាំ ៦ខែ ដែលមានលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

កុមារីរូបនេះ ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ (៣៩អង្សាសេ) ព្រមទាំង មានក្អក និងឈឺបំពង់ក ក្រោយទទួលការព្យាបាលនៅក្នុងភូមិ មិនធូរស្រាល រយៈពេល៣ថ្ងៃ កុមារីក៏ចាប់ផ្តើម មានអាការហត់ ត្រូវបានបញ្ជូនបន្តទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃដដែល គ្រូពេទ្យនៅមន្ទីរពេទ្យនេះ បានយកវត្ថុសំណាកទៅវិភាគនៅ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ ហើយទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមានវីរុសផ្តា សាយបក្សី H5N1 ចំណែកកុមារីរូបនេះ ក៏បានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ និងធ្វើពិធី បុណ្យសព តាមប្រពៃណី នៅភូមិខាងលើ។

តាមការសាកសួរ នៅក្នុងបឹងអភិរក្សក្បែរភូមិ ដែលក្រុមគ្រួសារកុមារីរូបនេះរស់នៅ មានសត្វព្រៃងាប់ជាច្រើន ខុសប្រក្រតី ដូច្នេះពេទ្យសត្វ បានយកវត្ថុសំណាកទៅវិភាគ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តែនៅមិនទាន់ទទួល លទ្ធផលនៅឡើយ។ នេះជាករណីទី១ បន្ទាប់ពីមិន បានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្ស អស់ រយៈពេល ៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយ ជាករណីទី៥៧ បានរកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែល កើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន ៤៥ករណី កើតលើកុមារអាយុក្រោម ១៤ឆ្នាំ និង៣១ ករណី ក្នុងចំណោម ៥៧ករណី ជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សី លើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៥ ក្នុងចំណោមអ្នកដែលមានឆ្លងវីរុស H5N1 ចំនួន៥៧ករណីនេះ មានតែ ១៩នាក់ទេដែលមានជីវិត។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិ បាននិងកំពុងធ្វើការអង្កេត ស្រាវជ្រាវការកើត ឡើងនូវជំងឺផ្តាសាយបក្សី ប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការ គ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ ស្វែងរកប្រភពចម្លង ទាំងលើសត្វនិងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ និងក្នុង ពិធីបុណ្យ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា “ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ ករណីកុមារីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សី ទី៥៧ ដែលកើត មានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ជានិច្ចកាល កុមារតែងតែមានការលេង និងឱ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុត មាន់-ទា ហើយជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយ សារពួកគេចាត់ទុកវាដូចជា សត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះពួកគេ មានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ពីព្រោះ ពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះ ក៏មានបសុបក្សីដែរ។

សូមរំលឹកដល់មាតាបិតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វបសុ បក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ។ ឪពុកម្តាយ និងអ្នកថែទាំកុមារ ទាំងអស់ ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូនិងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះ ពាល់ជាមួយបសុបក្សី។ ដៃអាចប្រលាក់ដោយវីរុស ដែលវីរុសនេះ មិនអាចមើលឃើញដោយភ្នែកទទេឃើញ នោះទេ។ សាប៊ូលាងសម្អាតវីរុសដែលជាប់នៅដៃយើង។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថានសុខាភិបាល ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់ លោកអ្នកបំផុត ហើយត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល អំពីប្រវត្តិប៉ះ ពាល់ជាមួយសត្វបសុបក្សីរស់ ឬឈឺ ឬងាប់”។

ក្រសួងសុខាភិបាល តែងតែចេញនូវសេចក្តីប្រកាសព័ត៌មានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាញឹកញាប់ អំពីវិធានការបង្ការនិងការពារការឆ្លងជំងឺផ្តាសាយបក្សី នេះជារៀងរាល់ឆ្នាំ ជាក់ស្តែងថ្មីៗកន្លងទៅនេះ នៅថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៣ ក៏បានចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺ ផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា-ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំ សែនដូនតា និងនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីព្រោះសង្កេតឃើញថា វីរុសផ្តាសាយបក្សី នៅតែបន្តមាន ចរាចរលើសត្វបសុបក្សីនៅឡើយ។ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន ៖ លាងដៃឱ្យបានញឹកញាប់ជា មួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សីដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូប អាហារ សម្រាប់បរិភោគ ត្រូវសម្អាត និងចម្អិនឱ្យបានឆ្អិនល្អ។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតា មានការចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេង ទៀត ប៉ុន្តែជួនកាល វាអាចចម្លងពីបក្សី ទៅមនុស្សដែរ។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវ ឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវា ផ្លាស់ប្តូរ វានឹងអាចរាលដាល ដូចនឹងជំងឺផ្តាសាយតាមរដូវកាល។ ដូច្នេះការរកឃើញករណីឆ្លងទាន់ពេលវេលា និងទប់ស្កាត់ការចម្លងបន្តឱ្យបានលឿន គឺមានសារសំខាន់បំផុត កុំឱ្យមានការផ្ទុះការឆ្លងនៅក្នុងសហគមន៍។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ៖ 012 488 981, 012 836 868» ៕

RELATED ARTICLES