Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំងឺផ្តាសាយបក្សី កូនស្លាប់ ឆ្លងឪ

ជំងឺផ្តាសាយបក្សី កូនស្លាប់ ឆ្លងឪ

ព្រៃវែង ៖ ករណីទី១ នៃជំងឺផ្តាសាយបក្សី H5N1 ដែលត្រូវបានរកឃើញកើតលើកុមារីម្នាក់ អាយុ១១ឆ្នាំ៦ខែ នៅ ភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល បណ្តាលឱ្យបាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ ត្រូវបានមន្ត្រីជំនាញសុខាភិបាល ប្រកាសថា បានរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី គឺជាឪពុកបង្កើត របស់កុមារីដែលស្លាប់ដោយសារជំងឺនេះ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយរកឃើញមានកុមារីម្នាក់ បាន ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី២៣កុម្ភៈ ក្រុមគ្រូពេទ្យជំនាញ RRT ខេត្តព្រៃវែង សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល បានចុះទៅដល់តំបន់ ដែល ផ្ទុះជំងឺ ដោយបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការការពារកុំឱ្យឆ្លងជំងឺផ្តាសាយបក្សី និង បានបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញផ្ទះបុណ្យសព និងផ្ទះប្រជាពលរដ្ឋនៅជុំវិញក្នុងតំបន់នោះផងដែរ។

ជាមួយគ្នានោះ មន្ត្រីជំនាញ បានយកសំណាកក្រុមគ្រួសារសាច់ញាតិរបស់កុមារីដែលស្លាប់ចំនួន ១២នាក់ (៤នាក់ មានរោគសញ្ញាសង្ស័យ) ទៅពិនិត្យនៅមន្ទីរពិសោធន៍ ឯរាជធានីភ្នំពេញ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លទ្ធផលបានបង្ហាញថា ក្នុងចំណោម ១២នាក់នោះ មានម្នាក់ មានលទ្ធផលតេស្តវិជ្ជមាន ត្រូវ ជាឪពុកបង្កើតរបស់កុមារីដែលស្លាប់នោះតែម្តង។

ដោយឡែកខាងមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានចុះទៅអន្តរាគមន៍ក្នុងតំបន់ដែលផ្ទុះកើតជំងឺនេះផងដែរ ដោយបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ កុំឱ្យឆ្លង រាលដាល និងបានចាប់ប្រមូលសត្វមាន់ ទា ដែល ឈឺងាប់ សរុបចំនួន២៥ក្បាល ដុតបំផ្លាញចោលផងដែរ៕

RELATED ARTICLES