Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចៅអធិការសិងលក់ ចោរលួចជីកកំណប់ក្នុងវត្ត

 ចៅអធិការសិងលក់ ចោរលួចជីកកំណប់ក្នុងវត្ត

ព្រៃវែង ៖ ជនទុច្ចរិតមិនស្គាល់មុខ ១ក្រុម ទំនងជាមានគ្នាច្រើន និងមានទាំងកម្លាំងគ្រឿងចក្រផងបាននាំគ្នា ចូលទៅធ្វើសកម្មភាពលួចជីកកំណប់ នៅក្នុងបរិវេណវត្តមួយកន្លែង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខណៈដែល ព្រះចៅអធិការវត្ត បានប្រាប់ថា ព្រះអង្គសិងលក់ តាំងពីព្រលប់ មិនដឹងរឿងឡើយ រីឯនេនខ្លះប្រាប់ថាដឹងដែរ តែមិនហ៊ានដាស់ព្រះចៅអធិការ លុះព្រឹកឡើង ទើបព្រះសង្ឃ និងប្រជាពលរដ្ឋ ចោមរោមមើលរណ្តៅដីដែល ទើបនឹងជីកកកាយថ្មីៗ និងមិនទាន់បានលុបវិញនៅឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តស្វាយបូព្រឹក្ស ដែលមានទីតាំងស្ថិតក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា តាមការពិនិត្យស្លាកស្នាមរណ្តៅដី គឺជនល្មើស បានប្រើអេស្កាវ៉ាទ័រខ្នាតតូច ជីកកកាយដី ក្បែរបង្គោលសសរខ្លោងទ្វារវត្ត (ខ្លោងទ្វារចាស់) ក្នុងបំណងស្វែងរក កំណប់ ហើយទំនងមុនពេលជីក គេបានធ្វើពិធីបន់ស្រន់ផងដែរ ព្រោះឃើញនៅក្បែរនោះ មានរៀបចំគ្រឿង រណ្តាប់ទៀនធូបផងដែរ។

ប្រភពដដែល បន្តថា រណ្តៅដីដែលគេលួចជីកនោះ មានទំហំទទឹងប្រហែល ៤ម៉ែត្រ បណ្តោយជាង ៦ម៉ែត្រ និងជម្រៅជិត ២ម៉ែត្រ ជ្រុងខ្លះជីកហើយកាយលុបវិញ ជ្រុងខ្លះទៀតមិនបានលុបវិញទេ ទំនងជាមេឃភ្លឺលុប មិនទាន់ ហើយសកម្មភាពជីកនេះ មិនដឹងថាតើយកបានអ្វីខ្លះនោះទេ។

ជុំវិញករណីនេះ ព្រះគ្រូចៅអធិការវត្តស្វាយបូព្រឹក្ស បានបញ្ជាក់ថា ព្រះអង្គមិនបានដឹងថាមានគេលួចចូល ជីកកកាយដីក្នុងវត្តនោះទេ ព្រោះសិងលក់តាំងពីក្បាលព្រលប់ ប៉ុន្តែមាននេនខ្លះឆ្លើយថា បានដឹងដែរតែ មិនហ៊ានដាស់ចៅអធិការវត្តទេ ព្រោះលោកកំពុងសិង។

លោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ខាងលើនេះភ្លាម លោកបានដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែងភ្លាម ហើយលោកសន្និដ្ឋានថាក្រុមជន ដែល លួចធ្វើសកម្មភាពនេះ ពិតជាមានបំណងចង់ស្វែងរកកំណប់ ឬវត្ថុបុរាណមានតម្លៃប្រាកដមែន ប៉ុន្តែការជីកនេះ ប្រហែលជាមិនទាន់រកឃើញវត្ថុដែលពួកគេត្រូវការនោះទេ នេះបើផ្អែកលើស្លាកស្នាមនៃការជីក។

លោកអធិការ បានអះអាងថា មិនទាន់មានតម្រុយណាអាចនាំឱ្យស្គាល់ អត្តសញ្ញាណក្រុមអ្នកលួចជីករកកំណប់ នេះទេ ដោយបានត្រឹមដាក់កម្លាំងឃ្លាំមើលបន្ត នៅជុំវិញបរិវេណវត្តស្វាយបូព្រឹក្សនេះតែប៉ុណ្ណោះ៕

RELATED ARTICLES