ភ្នំពេញ ៖ ហាងនំប៉័ង ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតខ្ទេចអស់ស្ទើរតែទាំងស្រុង ព្រមទាំងបណ្តាលឱ្យមានកម្មករម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងទីតាំងផលិតនំប៉័ងខាងលើ យ៉ាងសន្ធោសន្ធៅ និងបានឆេះរាលដាលទៅលើឃ្លាំងផ្ទុកខ្សែភ្លើងមួយផ្សេងទៀត ឆាបឆេះអស់ស្ទើរទាំងស្រុង។ ឃើញដូច្នេះ ប្រជាពលរដ្ឋបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ឱ្យជួយចេញរថយន្តពន្លត់អគ្គិភ័យ មកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

បន្ទាប់ពីទទួលបានដំណឹងនៃករណីអគ្គិភ័យបានកើតឡើង កម្លាំងសមត្ថកិច្ចជំនាញបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអន្តរាគមន៍តាមអង្គភាពផ្សេងៗ បានចញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកធ្វើការបាញ់ទឹកពន្លត់ ដោយសហការគ្នាយ៉ាងញាប់ដៃជើង ដើម្បីបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងជំនាញជាច្រើនបានធ្វើការបាញ់ទឹកពន្លត់ តាំងពីពេលកើតហេតុ រហូតមកដល់ម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែកម្លាំងជំនាញនៅបន្តបាញ់ទឹកទប់ស្កាត់មិនឱ្យរាល ដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ។
ជុំវិញករណីអគ្គិភ័យខាងលើ បានបង្កឱ្យកម្មករម្នាក់ ទទួលរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕
